ភ្នំពេញ៖ ​ កីឡាករ​កម្ពុជា ឡុង សំណាង ​បាន​ផ្តួល​ជើង​ខ្លាំង​របស់ ​ថៃ Pha Yalek ឲ្យ​សុំ​ចុះ​ចាញ់​នៅ​ត្រឹម​ទឹក​ទី ​៤ ដើម្បី​បញ្ចប់​ភាព​សង្ស័យ ក្នុងការ​ស្វែង​រក​ជើង​ខ្លាំង​តំណាង​ឲ្យ​កម្ពុជា ឡើង​ទៅ​កាន់វគ្គ​​ផ្តាច់​ព្រ័ត្រ​ជាមួយ ​ថៃ ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​វាត់​ Wurkz​ ទម្ងន់ ​៦៣,៥​ គីឡូក្រាម​ នៅ​លើ​​សង្វៀន SEATV ប៉ុន្តែ ឌុម កែវដា ​ត្រូវបាន​​​ថៃ ​Aram Boy ​វ៉ៃ​ឲ្យ​បែក​ថ្គាម និង​សុំ​ចុះ​ចាញ់​​ត្រឹម​ ៣​ ទឹក​ប៉ុណ្ណោះ​។

សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី ​៣ កាល​ពី​ថ្ងៃ​អាទិត្យ ​ម្សិល​មិញ ​ឡុង ​សំណាង ​​បាន​​ព្យាយាម​​ទាត់​ជើង​​ក្រោម ​បណ្តាល​ឲ្យ​ Pha Yalek ​ខូច​ជើង​នៅ​ចុង​ទឹក​ទី ​៣ និងត្រូវ​​អាជ្ញា​កណ្តាល​​រាប់​ចំនួន ​៨ ​ហើយ​ត្រូវ​បាន​សង្គ្រោះ​ដោយ​ស្នូរ​ជួង ​ប៉ុន្តែ​ពេល​ចូល​ដល់​ទឹក​ទី​ ៤​ Pha Yalek ​នៅ​ឈឺ​ជើង​សុំ​ចុះ​ចាញ់​ ដោយ​មិន​អាច​បន្ត​ការ​ប្រ​កួត​​បាន​។

ការ​ឈ្នះ ​៣ ពិ​ន្ទុ​បន្ថែម តាម​​រយៈ​ការ​ផ្តួល Pha Yalek ឲ្យ​សុំ​ចុះ​ចាញ់​នៅ​ទឹក​ទី ​៤ ​នេះ បាន​​ធ្វើ​ឲ្យ​ ៣ ​ប្រកួត​របស់ ឡុង សំណាង ឈ្នះ​ទាំង​ ៣ និង​បាន​៩ពិន្ទុ​ខ្ពស់​ជាង​គេក្នុង​ពូល​កម្ពុជា ​ព្រោះប្រកួត​​លើក​ទី ​១ ​ឡុង សំណាង បាន​ឈ្នះ​ពិន្ទុ ​Fa Nemith ​មុន​ទៅ​ផ្តួល​ថៃ ​Pehieng ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ​៤​។

ចំណែក ​ឌុម ​កែវ​ដា ​វាយ​បាន​ល្អ​ជា​មួយ​ Aram Boy​ បាន​តែ​ ២​ ទឹក​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​ចូល​ដល់​ទឹក​ទី​ ៣ ​ចាញ់​ប្រៀប​ថៃ ​ហើយ​ថែម​ទាំង​ទទួល​រង​នូវ​ស្នៀត​កែង​ចូល​ប្រ​អប់​មាត់​បណ្តាល​ឲ្យ​បែកថ្គាម​​ ហូរ​ឈាម រហូត​​លោក​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​ បញ្ឈប់​​ការ​ប្រកួត​តែ​ម្តង​។​ប៉ុន្តែ​ដោយសារ ​Aram Boy​ បាន​ឡើង​មក​​ប្រ​កួត​ត្រឹម​ជា​អ្នក​ជំនួស ​Loom Leng ដែល​អវត្តមាន​នោះ​ នាំ​ឲ្យ ឌុម ​កែវ​ដា ​ទទួល​បាន ​៣ ​ពិន្ទុ ដោយ​ស្វ័យ​ប្រវត្តិ រួច​ទៅ​ហើយ។​

​យោងតាម​លទ្ធផល​ការ​ប្រកួត​ជុំ​ទី ​៣ ​នេះ បាន​បញ្ជាក់​​ច្បាស់​ថា ឡុង​ សំណាង នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​យក​ខ្សែ​ក្រវាត់ និងប្រាក់រង្វាន់ ​៥ ​ពាន់ដុល្លារ ជាមួយ​កីឡាករ​ថៃ តំណាង​ឲ្យកម្ពុជា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រោះ​ការ​ប្រកួត​លើក​ទី​ ៤ ឡុង សំណាង ​ត្រូវ​ប៉ះ Loom Leng ដែល​បានដក​ខ្លួន​ចេញពី​ការ​ប្រកួតនេះ​​ហើយ ហេតុ​នេះ ឌុម កែវដា ដែល​មាន​ត្រឹម​៧​ពិន្ទុ នឹង​សល់​ ១​ ប្រកួត​ទៀត​ដូច​គ្នា មិន​អាច​តាម​ទាន់ ឡុង សំណាង នោះ​ទេ។

ការ​ដក​ខ្លួន​របស់​ Loom Leng ​បាន​ធ្វើ​ឲ្យ​ពូល​ថៃ ​នៅ​សល់​តែកីឡាករ​ ​៣ ​នាក់ ​​មាន​ Fa Nemith, Pehieng និង​ Pha Yalek​ ប៉ុន្តែ​អ្នក​ទាំង​៣​នេះ ​សុទ្ធ​តែ​ចាញ់​ ២​ ​និង​ឈ្នះ ​១ ​ប្រកួត​ មាន​ ៤ ​ពិន្ទុ​ដូច​គ្នា។ ហេតុ​នេះ គេ​នៅ​មិន​ទាន់​ដឹងថា​ កីឡាកររូប​ណា ​ត្រូវ​ឡើង​ទៅជួប ឡុង សំណាង នៅវគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​ទេ ​គឺ​ត្រូវ​​រង់​ចាំ​ការ​ប្រ​កួត​ជម្រុះ​លើក​ទី​ ៤ ​ចុង​ក្រោយ បញ្ចប់ ទើប​ដឹង​ច្បាស់​។​

ជុំ​វិញ​ការអវត្តមាន​របស់ Loom Leng លោក ​ញាន​ សុធី ​នាយក​គ្រប់​គ្រង​កម្ម​វិធី​ប្រ​កួត​ប្រចាំ​សង្វៀន​ SEATV ​បាន​ប្រាប់​​ថា​៖«​ការ​ប្រ​កួត​ខ្សែ​ក្រវាត់​នេះ​ ទោះ​បី​កីឡាករ​ថៃ​​ Loom Leng ​អវត្តមាន​ ប៉ុន្តែ​រូប​មន្ត​ និង​លក្ខខណ្ឌ​ប្រ​កួត​ នៅ​តែ​ដំណើរ​ការ​បាន​ជា​ធម្មតា​ គឺ​ត្រូវ​ជ្រើស​រើស​យក​កីឡាករ​ថៃ​ម្នាក់​ និង​កីឡាករ​កម្ពុជា​ម្នាក់ ​ទៅ​ប្រ​កួត​វគ្គ​ផ្តាច់​ព្រ័ត្រ ​តាម​ការ​កំណត់​តាំង​ពី​លើក​ដំបូង»​៕​