
ឡៅ ចន្ទ្រា ត្រូវប្រឈមជាមួយកីឡាករជើងចាស់សម្បូរល្បិច ឡុង សុភី។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ ការប្រកួតដ៏កម្រមួយរវាងអ្នកលេងក្បាច់ជង្គង់ ឡុង សុភី និង ឡៅ ចន្ទ្រា នឹងត្រូវបានរៀបចំឲ្យមានឡើងនៅលើសង្វៀន CNC នាព្រលប់ថ្ងៃសៅរ៍នេះ ហើយការជួបគ្នារបស់អ្នកទាំង ២ ពិតជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ។
នៅក្នុងការប្រកួតនេះ ឡៅ ចន្ទ្រា មានភារកិច្ចសងសឹក ឡុង សុភី ជំនួស វង្ស វិឆ័យ ដែលទើបចាញ់ សុភី ទាំងមិនអស់ចិត្ត កាលពីសប្តាហ៍មុន ខណៈការសម្រេចឲ្យចាញ់នោះ ត្រូវបានគេមើលឃើញថា មានភាពលម្អៀង ព្រោះអ្នកមានប្រៀប វង្ស វិឆ័យ បែរជាអ្នកចាញ់ ហើយជាមួយគ្នានេះ ភាគី វង្ស វិឆ័យ បាននិយាយថា៖ «បើមិនឲ្យគ្នាឈ្នះ ក៏គួរឲ្យគ្នាស្មើដែរ ប៉ុន្តែនេះបែរជាឲ្យអ្នកមានប្រៀប ចាញ់ទៅវិញ»។
ទោះបីជាយ៉ាងណា ឡៅ ស៊ីណាត ដែលជាបងប្រុសមានការរំពឹងថា ចន្ទ្រា អាចសងសឹកឲ្យ វង្ស វិឆ័យ បាន។ «ខ្ញុំគិតថា ការប្រកួតនេះ វាមិនអីនោះទេ ព្រោះក្នុងរដូវកាលមានវិបត្តិជំងឺកូវីដ ១៩ នេះ ទាំងខាងយើង និងខាងគេ ហ្វឹកហាត់មិនសូវបានពេញដូចគ្នា អ៊ីចឹងអាចប្រកួតគ្នាបាន។
អតីតកីឡាករជើងខ្លាំង ដែលធ្លាប់ប្រកួតឈ្នះ ឡុង សុភី ច្រើនជាងចាញ់ កាលពីអតីតកាលរូបនេះ បានបន្ថែមថា៖ «ទោះបីជា វង្ស វិឆ័យ ដែលជាសិស្សប្អូន ទើបចាញ់ ឡុង សុភី ប៉ុន្តែ ឡៅ ចន្ទ្រា មានភាពឆ្លាតវៃជាង វង្ស វិឆ័យ ព្រោះគេអាចផ្លាស់ប្តូរបច្ចេកទេសប្រកួតទៅតាមស្ថានភាពជាក់ស្តែងបានល្អជាង វិឆ័យ ហេតុនេះខ្ញុំជឿថា ឡៅ ចន្ទ្រា អាចយកឈ្នះ ឡុង សុភី ដើម្បីសងសឹកឲ្យ វង្ស វិឆ័យ បាន»។
ទោះយ៉ាងណា ឡៅ ស៊ីណាត បានបង្ហើបថា ការប្រកួតនេះ ពិតជាមានភាពតានតឹង និងស្វិតស្វាញ ព្រោះ ឡុង សុភី មានកលល្បិចប្រកួតខ្ពស់ ហើយក្បាច់ឆក់ឆ្វេងស្តាំ ដោយកណ្តាប់ដៃ និងកែង របស់គេ អាចនឹងធ្វើឲ្យ ចន្ទ្រា មានការពិបាកក្នុងការចូលវ៉ៃផងដែរ បើទោះបីជាក្បាច់ ឡុង សុភី ទាំងនេះ មិនសូវមានទម្ងន់ក៏ដោយ តែចៅក្រម គេផ្តល់ពិន្ទុឲ្យនៅពេលវាយចំគោលដៅ៕