ភ្នំពេញ៖ ​ការ​មិន​សូវ​ទុក​ចិត្ត​ទៅ​លើ​សមត្ថភាព​ខ្លួន​ឯង​បាន​ធ្វើ​ឲ្យ ​ឡុង ជិន ជួប​ភាព​ជូរ​ចត់ ​មិន​អាច​បំ​ភ្លេច​បាន ខណៈ​រូប​គេ​ត្រូវ​បាន​ជើង​ខ្លាំង​ ឡៅ ចិត្ត្រា ម៉ាត់​ឲ្យ​សន្លប់​ធំ ត្រឹម​រយៈពេល​ ​១ ​នាទី ក្នុង​ការ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​មាស​ ទម្ងន់ ​៦០ ​គីឡូក្រាម នៅ​លើ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ។

ទោះ​​ការ​ប្រកួត​វា​សំខាន់​ដើម្បី​យក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​យក​ខ្សែ​​ក្រវាត់​មាស និង​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ ប៉ុន្តែ ឡុង ជិន ដែល​ហាក់​មាន​ភាព​ស្រពេច​ស្រពិល តាំង​ពី​មុន​ការ​ប្រកួត​នោះ គឺ​បាន​ទាត់​សន្ធាប់​ខ្លាំង​ទៅ​លើ ឡៅ ចិត្ត្រា ត្រឹម​ ​១ ​​ជើង​គត់ មុន​ពេល​អ្នក​ឲ្យ​ទឹក​របស់​គេ បាន​គ្រាហ៍​ចុះ​ពី​លើ​សង្វៀន ក្រោយ​ពី​សន្លប់​ធំ ១ ភាំង ក្រោម​កណ្តាប់​ដៃ​ស្តាំ​របស់ ចិត្ត្រា។

អ្នក​ទស្សនា​ភាគ​ច្រើន ​បាន​មើល​ឃើញ​ថា សមត្ថភាព​របស់​ ឡុង ជិន ពិត​ជា​ពិបាក​ឈ្នះ ឡៅ ចិត្ត្រា ប៉ុន្តែ​គ្មាន​អ្នក​ណា​គិត​ដល់​ថា ឡុង ជិន បាន​សន្លប់​លឿន​បែប​នេះ​នោះ​​ទេ គឺ​នៅ​ក្នុង​ការ​ប្រកួត​នេះ ចិត្ត្រា បាន​បុក​ជង្គង់ និង​ទាត់​ទៅ​លើ​ភ្លៅ ធ្វើ​ឲ្យ ឡុង ជិន បង្ហាញ​ការ​ឈឺ​ចាប់ និង​ត្រឹម​បាន​អាជ្ញា​កណ្តាល​រាប់ ជា​លើក​ទី ​១ ខណៈ​ការ​ប្រកួត​ទើប​តែ​ចាប់​ផ្តើម​បាន ២៧ វិនាទី។

នៅ​ក្រោយ​ការ​រាប់​នេះ ឡុង ជិន បាន​ព្យាយាម​ទាត់​ទប់​ការ​ចូល​របស់​ ឡៅ ចិត្ត្រា ដែរ ប៉ុន្តែ ចិត្ត្រា បាន​ទាត់​សង​វិញ​ខ្លាំងៗ ហើយ​នៅ​ពេល ឡុង ជិន ព្យាយាម​ថយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នោះ ចិត្ត្រា បាន​ម៉ាត់​ស្តាំ​ចូល​ថ្គាម បណ្តាល​ឲ្យ ឡុង ជិន ដួល​សន្លប់ ដោយ​ប្រើ​ពេល​ត្រឹម ​១ នាទី​គត់។

ជុំវិញ​ការ​ផ្តួល ឡុង ជិន ឲ្យ​សន្លប់​យ៉ាង​លឿន​បែប​នេះ ជើង​ខ្លាំង ឡៅ ចិត្រ្តា បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​ «ដំបូង​ឡើយ ខ្ញុំ​មិន​ដឹង​ថា ប្រើ​ពេល​ប៉ុន្មាន ដើម្បី​វ៉ៃ​គេ​ឲ្យ​សន្លប់​នោះ​ទេ គ្រាន់​តែ​យើង​ចេញ​ធ្ងន់ៗ និង​ច្បាស់ៗ ហើយ​នៅ​ពេល​វ៉ៃ​ចូល ឃើញ​គេ​ជ្រាយ ក៏​បន្ថែម​តែ​ម្តង​ទៅ ខណៈ​ការ​ប្រកួត​នេះ ខ្ញុំ​ទាត់​បាន ​៥ ​ជើង និង​វ៉ៃ​បាន ​៣ ​ដៃ​ទេ»។

តាមរយៈ​ការ​យក​ឈ្នះ​លើ ឡុង ជិន ដោយ​ចំណាយ​ពេល​ប្រកួត​ត្រឹម ​១ នាទី​នេះ បាន​ជួយ​ឲ្យ​សិស្ស​គណក្លិប​កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​ ៩១១ ឡៅ ចិត្ត្រា ឡើង​ទៅ​កាន់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដោយ​ត្រូវ​​រង់ចាំ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រវាង​កីឡាករ លន បញ្ញា និង សុខ សាវិន គឺ​អ្នក​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅ​ជួប ចិត្ត្រា ដើម្បី​ដណ្តើម​យក​ខ្សែ​ក្រវាត់​មាស និង​ប្រាក់​រង្វាន់ ​១ ម៉ឺន​ដុល្លារ ពី​ព្រឹត្តិការណ៍​នេះ។

នៅ​ពេល​សួរ​​ថា រវាង លន បញ្ញា និង សុខ សាវិន តើ ឡៅ ចិត្ត្រា ចង់​​ជួប​អ្នក​ណា​ជាង​នោះ ចិត្ត្រា បាន​ឆ្លើយ​តប​ដោយ​មាន​ទំនុក​ចិត្ត​ថា៖ ​«សម្រាប់​ខ្ញុំ មួយ​ណា​ក៏​បាន​ដែរ ព្រោះ​អត់​ដឹង​សមត្ថភាព​មួយ​ណា​ខ្សោយ មួយ​ណា​ខ្លាំង​ទេ គឺ​ប្រហាក់​ប្រហែល​គ្នា អ៊ីចឹង​សំខាន់​រវាង​អ្នក​ទាំង ​២ នេះ គឺ​អ្នក​ដែល​ឈ្នះ នឹង​ត្រូវ​ឡើង​មក​ជួប​ខ្ញុំ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ»៕