ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​របស់​កម្ពុជា ឡៅ ចិត្ត្រា បាន​ម៉ាត់​ត្រឹម​ ១ ​ដៃ​ឆ្វេង​បណ្តាល​ឲ្យ​អ្នក​ប្រដាល់​ថៃ Kongsiam សន្លប់​ត្រឹម​ទឹក​ទី​ ២ ដើម្បី​ឈ្នះ​បាន​ខ្សែក្រវាត់​ប្រាក់ និង​បាន​ក្លាយ​ជា​បេក្ខភាព​ទី​ ១ ដែល​បាន​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ខ្សែក្រវាត់​មាស​អម​ដោយ​ប្រាក់រង្វាន់​ ១ ​ម៉ឺន​ដុល្លារ​របស់​សង្វៀន PNN​។

បើ​ទោះបី​ជា Kongsiam បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា សារឿន ច័ន្ទ នៅក្នុង​ការប្រកួត​វគ្គ​ជម្រុះ ប៉ុន្តែ​ការឡើង​មក​ជួប ឡៅ ចិត្ត្រា ដែល​បាន​ផ្តួល​ថៃ Jaroenlaph ឲ្យ​សន្លប់​នៅ​ទឹក​ទី​ ១ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ Kongsiam បាន​ទទួលរង​សម្ពាធ​ក្រោម​ទម្ងន់​ជើង​ទាត់​ខ្លាំងៗ​របស់ ចិត្ត្រា តាំងពី​ទឹក​ទី​ ១ ហើយ​នៅ​ដើម​ទឹក​ទី​ ២ ចិត្ត្រា បាន​ជន្ល​បញ្ឆោត​ស្តាំ និង​ម៉ាត់​ឆ្វេង​ចំ​គល់​ថ្គាម បណ្តាល​ឲ្យ​ថៃ​ម្នាក់​នេះ​ដួល​សន្លប់​ក្រោក​លែងរួច​រហូត​គ្រាហ៍​ចុះ​ពី​លើ​សង្វៀន​។

ឡៅ ចិត្ត្រា បាន​និយាយ​ថា​៖ «​ការ​ទាត់​របើក​ឃុំ​នៅ​ដើម​ទឹក​ទី​ ១ បាន​ធ្វើឲ្យ​ខ្ញុំ​ចង់​ទាត់​ថែម​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា អាច​ស៊ី​គេ​ដោយ​ផុយៗ​នោះទេ គឺ​ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​អរៗ ព្រោះ​យើង​បាន​ដឹង​ពី​កម្លាំង និង​ក្បាច់គុន​របស់​គេ​មាន​តែ​ប៉ុណ្ណឹង ហើយ​ការប្តូរ​មក​ប្រើ​ដៃ​នៅ​ទឹក​ទី​ ២ គឺ​មិនមែន​មកពី​បង​របស់​ខ្ញុំ​ (​ឡៅ ស៊ីណាត​) ប្រាប់​ឲ្យ​ប្តូរ​ស្នៀត​នោះ​ទេ គឺ​ចំពោះ​ខ្ញុំ​ពេល​ឡើង​ដល់​លើ​រេញ ដៃ​ក៏​វ៉ៃ ជើង​ក៏​ទាត់ និយាយ​ទៅ​ចន្លោះ​ត្រង់ណា វ៉ៃ​ត្រង់​នោះ​»​។

ជាមួយ​ការឈ្នះ​ជា​លើក​ទី​ ២ ​នេះ​បាន​ជួយ​ឲ្យ ឡៅ ចិត្ត្រា ឈ្នះ​បាន​ខ្សែក្រវាត់​ប្រាក់​អម​ជាមួយ​ទឹកប្រាក់​ ៤ ​លាន​រៀល ហើយ​រូបគេ​ក៏​ទទួល​បាន​កៅអី​ឡើង​ទៅ​ឈរ​ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ត្រៀម​ដណ្តើម​យក​ខ្សែក្រវាត់​មាស ជាមួយ​កីឡាករ​ដែល​នឹង​ដណ្តើម​បាន​ខ្សែក្រវាត់​ប្រាក់​ចំនួន​ ៣ ​នាក់​ទៀត ចេញ​ពី​ការប្រកួត​ជម្រុះ​រវាង​កីឡាករ​កម្ពុជា​ ៦ ​នាក់ និង​ថៃ​ ៦ ​នាក់​ផងដែរ​។

យ៉ាងណា​ក៏ដោយ​នៅពេល​ពិធីករ​សួរ​ទៅ​ដល់​ទំនុកចិត្ត​ក្នុង​ការប្រកួត​ដណ្តើម​យក​ខ្សែក្រវាត់​មាស​ជា​បន្ត​ទៀត ឡៅ ចិត្ត្រា បាន​ឆ្លើយតប​ថា​៖ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទុក​មុន​ទេ ព្រោះ​កីឡាករ​ផ្សេងៗ​ទៀត​ក៏​ល្អ​ដែរ អ៊ីចឹង​ខ្ញុំ​មាន​តែ​ខំប្រឹង ព្រោះ​ការតាំង​ចិត្ត​ខ្ពស់​បំផុត​របស់​កីឡាករ​គឺ​ពេល​ឡើង​ដល់​លើ​រេញ ត្រូវ​តែ​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​»​។

ដោយឡែក​កីឡាករ​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ឆ្នាំ​ ២០១៧ វ៉ាន់ វឿន បាន​វ៉ៃ​កែង​ផ្តួល​ឲ្យ​អ្នកប្រដាល់​ថៃ Yodchakkrit សន្លប់​នៅ​ទឹក​ទី​ ១ ហើយ​ការឈ្នះ​យ៉ាង​ងាយ​នេះ​នាំ​ឲ្យ វ៉ាន់ វឿន និយាយ​ថា​៖ «​ខ្ញុំ​ធ្លាប់​បាន​ប្រើ​កែង​ផ្តួល​ឲ្យ​គេ​សន្លប់​ច្រើន​ហើយ ហេតុនេះ​បើ​សិន​ជា​ខាង PNN ផ្គូផ្គង​ឲ្យ​ខ្ញុំ​បាន​ប្រកួត​អន្តរជាតិ​នៅ​លើក​ក្រោយ​ទេ ខ្ញុំ​ចង់​ជួប​អ្នក​ខ្លាំង​។ ខ្ញុំ​ដឹងថា សមត្ថភាព​របស់​ខ្ញុំ​នៅ​មាន​កម្រិត ប៉ុន្តែ​ខ្ញុំ​ចង់​ជួប​អ្នកខ្លាំង ដើម្បី​ខ្ញុំ​អាច​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត​»​។

ចំណែក​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​ជា​យុវជន​ថ្នាល ទម្ងន់​ស្រាល ខាំ កូនខ្លា បាន​ឈ្នះ​ពិន្ទុ​ថៃ Chanakchai ហើយ អេលីត ផានិត ទាត់ថៃ Petchnan ឲ្យ​សន្លប់​នៅ​ដើម​ទឹក​ទី​ ១៕