ភ្នំពេញ៖ ​ជើង​ខ្លាំង ឡៅ​ ចិត្រា ​នៅ​តែ​អាច​រក្សា​បាន​ភាព​ខ្លាំង ចំពោះ​ការ​វិល​មក​កាន់​សង្វៀន​ថោន​ជា​ថ្មី គឺ​ការ​ដណ្តើម​បាន​តំណែង​ជើងឯក និង​ប្រាក់​រង្វាន់​ចំនួន ​៤ លាន​រៀល។ ផ្ទុយ​ពី​នេះ អ្នក​រត់​តាក់​ស៊ី លោក លួត សុផល ដែល​ល្បី ​ខាង​ទាត់​គល់​ដូង​នោះ គឺ​ត្រូវ​បាន​ដៃ​គូ​វ៉ៃ​ឱ្យ​សន្លប់​ធំ។​

សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ឡៅ​ ចិត្រា​ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​លើ ​សួន ចាន់នី ​ស្រប​ពេល​ ​ឡុង ​បេនលឿន ​បាន​ឈ្នះ​អ្នក​លេង​កណ្តាប់​ដៃ ​ធន់ ​ចាន់តាក់ ​ដោយ​ពិន្ទុ​ ប៉ុន្តែ​បន្សល់​ស្នាម​របួស​ភ្នែក​ខាង​ឆ្វេង​ផង​ដែរ​។ ជាមួយ​ការ​មាន​ស្នាម​របួស​បែក​ស្រាប់​នេះ ឡុង បេនលឿន ​ជួប​ការ​ពិបាក​ខ្លាំង ពេល​​ប្រកួត​ផ្តាច់ព្រ័ត្រ​​ជាមួយ ឡៅ ចិត្រា។

តាមរយៈ​ការ​ប្រកួត​នោះ ឡៅ ចិត្រា បាន​ព្យាយាម​វាយ​សម្រុក និង​ម៉ាត់​បន្ថែម​ទៅ​លើ​របួស​ចាស់​របស់ បេនលឿន ​ធ្វើ​ឱ្យ​មាន​ឈាម​ហូរ​ធ្លាក់​មិន​ដាច់។ បន្ថែម​លើ​នេះ ចិត្រា បាន​វាយ​កែង​ឆ្វេង ធ្វើ​ឱ្យ​មាន​ស្នាម​ពក នៅ​ពី​លើ​មុខ​របួស​នេះ​យ៉ាង​ធំ​ទៀត ហើយ​ពេល​សម្រាក​នៅ​ទឹក​ទី​១ ​នេះ គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​បាន​​ពិនិត្យ​ទៅ​លើ​មុខ​របួស និង​​បាន​សម្រេច​បញ្ឈប់​ការ​ប្រកួត​​របស់ បេនលឿន តែ​ម្តង ដោយសារ​តែ​របួស និង​ស្នាម​ពក​នេះ បាន​រំខាន និង​បាំង​ភ្នែក​របស់ បេនលឿន មិន​អាច​ប្រកួត​បាន។

ឡុង ​បេនលឿន​ ដែល​ទទួល​បាន ២,៤ លាន​រៀល គឺ​មាន​ការ​សោកស្តាយ​ខ្លាំង ដោយ​បាន​និយាយ​​ថា​៖​ «ខ្ញុំ​រំពឹង​​ប្រកួត​ចប់​ទឹក ​និង​សង្ឃឹម​ថា​ មាន​លទ្ធភាព​ឈ្នះ​ ប្រសិន​បើ​គ្មាន​ឈាម​ហូរ​ដោយ​របួស ​ដែល​បាន​បង្ក​តាំង​ពី​ប្រកួត​វគ្គ​ជម្រុះ​ជាមួយ​ ធន់ ​ចាន់តាក់​។ ហេតុ​នេះ​​ខ្ញុំ​ចង់​ប្រកួត​លើក​ក្រោយ​ទៀត​ជាមួយ​គាត់ ​ដើម្បី​សងសឹក​ឡើង​វិញ​ ​ព្រោះ​នៅ​​ក្នុង​ចំណោម​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​នេះ ​គឺ​នៅ​សល់​តែ​ ​ឡៅ​ ចិត្រា​ នេះ​ទេ ​ដែល​ជា​ឧបសគ្គ​ធំ​សម្រាប់​ខ្ញុំ»​។​

ចំណែក ឡៅ​ ចិត្រា ​និយាយ​ថា​៖ «​ក្នុង​ពេល​ប្រកួត​ជាមួយ ​ឡុង ​បេនលឿន ​លំបាក​ដែរ ​ព្រោះ​កម្លាំង​ និង​ចិត្ត​របស់​គាត់​ក្លាហាន ​មិន​ខ្លាច​ញញើត​ តែ​ទោះបី​ជា​យ៉ាង​ណា ចំពោះ ​បេនលឿន​ គឺ​ខ្ញុំ​នៅ​តែ​អាច​រក្សា​ការពារ​ជ័យជម្នះ​បាន បើ​ទោះ​មិន​មាន​ស្នាម​បែក ​គ្រាន់​តែ​​ការ​ប្រកួត​វា​មាន​លក្ខណៈ​តឹងតែង ​ព្រោះ​គាត់​មាន​កម្លាំង​ល្អ​ និង​ចិត្ត​ធំ​»​។​

ផ្ទុយ​ពី​នេះ កីឡាករ ​លួត​ សុផល មិន​បាន​បង្ហាញ​ភាព​ខ្លាំង ដូច​គ្នា​ទៅ​នឹង​ការ​បង្ហាញ​ពី​ការ​ទាត់​គល់​ដូង តាម​បណ្តាញ​សង្គម​​នោះ​ទេ។ បើ​ទោះបី​ជា សុផល ប្រឹងប្រែង​ប្រកួត​យ៉ាង​ណា ក៏​មិន​អាច​យក​ឈ្នះ​កីឡាករ​វ័យ ​១៨ ​ឆ្នាំ ពេជ្រ បណ្ឌិត នោះ​ដែរ គឺ បណ្ឌិត បាន​ម៉ាត់​ចូល​ថ្គាម បណ្តាល​ឱ្យ សុផល ​ស្រ៊ុប​ជំហរ និង​ដួល​សន្លប់​នៅ​ក្នុង​ទឹកទី ​៤ ​តែ​ម្តង។

ទោះ​ លួត សុផល បាន​ចាញ់​ដោយ​សន្លប់​យ៉ាង​នេះ​ក្តី ប៉ុន្តែ សេន ​ប៊ុនថេន បាន​​និយាយ​ថា​៖ «​លួត​ សុផល​ អាច​បន្ត​ការ​ហ្វឹកហាត់​ ដោយ​យក​មក​ហ្វឹកហាត់​នៅ​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​វិញ​ ហើយ​បើ​​​គាត់​ហ្វឹកហាត់​​បាន​គ្រប់គ្រាន់​ និង​មាន​ការ​បំប៉ន​​កម្លាំង គឺ​គាត់​អាច​នឹង​ឡើង​ប្រកួត​បាន​​ល្អ​ ​ព្រោះ​គាត់​មាន​ទឹក​ចិត្ត​ចង់​ប្រកួត»​៕​