ភ្នំពេញ៖ ​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ​២ ​សម័យកាល​ និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ​​៣ ​ស្ថាប័ន ​ឡៅ​ ចិត្រា​ ​បាន​មើល​ឃើញ​ថា បេក្ខភាព​​ទាំង ​៣ ​នាក់ រួម​មាន ធន់ ចាន់តាក់, សូត្រ ប៊ុនធី និង ឡុង បេនលឿន ដែល​ត្រូវ​ដាក់​ឱ្យ​​ប្រកួត​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៦៣,៥ ​គ.ក្រ ​នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃ​អាទិត្យ​នេះ សុទ្ធ​តែ​ជា​ឧបសគ្គ ប៉ុន្តែ​ចិត្រា​នៅ​តែ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ប្រជែង​យក​តំណែង​​ម្ចាស់​ជើងឯក ខណៈ​​សប្តាហ៍ទី​៥៧ ​​នេះ ​ប្រាក់​រង្វាន់​ត្រូវ​បាន​បង្កើន​ពី ៣,៤ លាន​រៀល ទៅ​ដល់​​ ​៤ ​លាន​រៀល។

សម្រាប់​បេក្ខភាព​ទាំង ​៤ ​នាក់ ដែល​ត្រូវ​ចាប់​ឆ្នោត​ប្រកួត​នៅ​សប្តាហ៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​តាម​ប្រវត្តិ​ជួប​គ្នា​កន្លង​មក សូត្រ ​ប៊ុនធី របស់​ក្លិប​​បក្សី​ស្លាប​ដែក​ ធ្លាប់​ត្រូវ​បាន ឡៅ ចិត្រា វាយ​ឱ្យ​សន្លប់​​ត្រឹម​ទឹក​ទី​៣ ចំណែក ​ធន់ ​ចាន់តាក់ ​​របស់​​សមាគម​កីឡា​ប្រដាល់​​កង​យោធពល​ខេមរភូមិន្ទ ​និង ​ឡុង ​បេនលឿន ​មក​ពី​ក្លិប​​សាលវ័ន្ត​កីឡា​ ​មិន​ធ្លាប់​បាន​ជួប ចិត្រា ពីមុន​មក​នោះ​ទេ​។​

ជាមួយ​គ្នា​នេះ ​លោក ​ឡៅ​ ស៊ីណាត​ ជាគ្រូ​បង្វឹក​ជំនួយ​ និង​ជា​បង​បង្កើត​របស់ ឡៅ ​ចិត្រា​មាន​សង្ឃឹម​ឈ្នះ ​៨០ ​ភាគរយ ​ទោះបី​ការ​ប្រកួត​លើក​នេះ ចិត្រា ​ត្រូវ​ប្រឈម​ទៅ​នឹង​កីឡាករ​ទាំង ​៣ ​នាក់​នេះ ​មាន​សមត្ថភាព​ក្បាច់​គុន​ កំពុង​រីក​ចម្រើន​ជា​ឧបសគ្គ​ធំ​ក៏​ដោយ​។​ ចំណែក ឡៅ ចិត្រា ផ្ទាល់ ក៏​មាន​​ការ​តាំង​ចិត្ត​ខ្ពស់ ទោះ​មើល​ឃើញ​ថា ការ​ប្រកួត​នេះ មាន​ការ​លំបាក។

ជើង​ខ្លាំង​មក​ពី​ក្លិប​បញ្ជាការដ្ឋានទ័ព​ពិសេស ឡៅ ​ចិត្រា​ បាន​និយាយ​ថា​៖ «​ចាប់​ឆ្នោត​ប៉ះ​មួយ​ណា​ក៏​លំបាក​ប្រកួត​យក​ឈ្នះ​ដែរ​ ​ព្រោះ​គេ​កំពុង​តែ​ហ្វឹកហាត់​ប្រកួត​ល្អ​ដូច​គ្នា​។ តែ​​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​នឹង​ប្រឹង​ឱ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​យក​ឈ្នះ​ ដោយ​សង្ឃឹម និង​​ជឿជាក់​ថា ​៨០ ​ភាគរយ​គឺ​ឈ្នះ»​។​

តាម​ស្ថិតិ​ និង​ប្រវត្តិ​ប្រកួត​របស់​ ឡៅ​ ចិត្រា​, ធន់ ​ចាន់តាក់​ និង សូត្រ​ ប៊ុនធី ​សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ​គឺ​លើកលែង​​តែ ​ឡុង ​បេនលឿន​ ដែល​នៅ​​ខ្ចី​វស្សា​ជាង​គេ ប៉ុន្តែ បេនលឿន មាន​ចិត្ត​ធំ ​កម្លាំង​ល្អ ​រឹង​មាំ​ ព្រម​ទាំង​មាន​មហិច្ឆតា​ខ្ពស់ ដោយ​​បាន​បោះ​សម្តី​ចង់​ជួប​​ឡៅ​ ចិត្រា​ តាំង​ពី​វគ្គ​ជម្រុះ​ដំបូង​។​

កីឡាករ ​ឡុង ​បេន​លឿន​ បាន​និយាយ​ថា​៖ «​ខ្ញុំ​រំពឹង​ឈ្នះ ​ព្រោះ​ត្រៀម​ខ្លួន​បាន​ល្អ​ ដោយ​មិន​ញញើត​ ឡៅ​ ចិត្រា​ នោះ​ទេ»​។ ​បេន​លឿន​ ដែល​មាន​កម្លាំង ​និង​កម្ពស់​ល្អ​ដូច​ ចិត្រា នោះ បាន​​បន្ថែម​ថា​៖ «​ខ្ញុំ​ចង់ ចាប់​ឆ្នោត​​ប៉ះ ​ឡៅ​ ចិត្រា​ ដើម្បី​ទម្លាក់​ក្នុង​វគ្គ​ជម្រុះ​ ចំណែក​ ធន់ ​ចាន់តាក់​ និង​ សូត្រ​ ប៊ុនធី​ ខ្ញុំ​គិត​ថា ​មួយ​ណា​ក៏​ខ្ញុំ​មិន​ខ្លាច​ញញើត​ដូច​គ្នា»​។​

ចំណែក​ លោក​ ធន់ ​សុភា ​គ្រូ​បង្វឹក​ ​ចាន់តាក់ បាន​ទទួល​ស្គាល់​​ថា​ ចាន់​តាក់​ ចាញ់​ប្រៀប​ផ្នែក​កម្ពស់​លំបាក​លេង​ជង្គង់ ​ប៉ុន្តែ​ធានា​ប្រកួត​អស់​ពី​សមត្ថភាព ​​តែ​មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​ទេ​។ រីឯ លោក​ សួន ​ប៊ុនសូត្រ​ ជា​ឪពុក និង​ជា​គ្រូ​បង្វឹក ​សូត្រ​ ប៊ុនធី បាន​​និយាយ​ថា​៖ «​ប៊ុនធី ​ធ្លាប់​ចាញ់ ឡៅ ចិត្រា ​មែន ​តែ​ឥឡូវ​វា​ហាត់​បាន​ល្អ​ គឺ​មាន​ទំនុក​​ចិត្ត​ថា ​ល្អ​ជាង​មុន ប៉ុន្តែ​មិន​ទាន់​ហ៊ាន​និយាយ​ទេ ​ចាំ​មើល​សិន​»៕