ភ្នំពេញ៖ កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចិត្ត្រា របស់ក្លិបកងទ័ពឆត្រយោង ៩១១ បានផ្តួលកីឡាករថៃ Sok Savorth ឲ្យសន្លប់លឿនបំផុត ត្រឹមរយៈពេលមួយនាទី ចំណែកកីឡាករវ័យក្មេង ឡុង ឡា មកពីក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ដែលទើបតែសាងឈ្មោះល្បីថ្មីថ្មោងនោះ បានយកឈ្នះកីឡាករថៃ Chai Sing ដោយពិន្ទុ ទាំងលំបាកបំផុត នៅសង្វៀន SEATV កាលពីយប់ថ្ងៃអាទិត្យ។
ទោះជាយ៉ាងនេះក្តី សមត្ថភាពរបស់កីឡាករ ឡុង ឡា ពិតជាល្អក្បាច់ជង្គង់ និងមានកម្លាំងប្រកួតធានាបាន៥ទឹកបានល្អ គួរឲ្យកត់សម្គាល់ ខណៈដែលការប្រកួតក្នុងស្រុក មិនសូវមានគេស្គាល់ ប៉ុន្តែជាកីឡាករដែលប្រកួតភាគច្រើននៅក្រៅស្រុក។
នៅក្នុងជំនួបប្រកួតស្វិតស្វាញដ៏ជក់ចិត្តខ្លាំង ខណៈដែលក្បាច់ប្រយុទ្ធរវាងកីឡាករថៃ Chai Sing ក៏ល្អនោះ ពួកគេ បានប្តូរក្បាច់ជង្គង់ និងស្នៀតទាត់ដាក់គ្នា បង្ហាញពីសមត្ថភាពល្អអស់ពីកម្លាំងកាយចិត្តដូចគ្នា។ ទោះជាយ៉ាងណា លទ្ធផលប្រកួត ៥ ទឹក គណៈកម្មការប្រកាសឲ្យ ឡុង ឡា ជាអ្នកឈ្នះយ៉ាងតានតឹងបំផុត។
លោក Rik KY គ្រូបង្វឹក ឡុង ឡា បាននិយាយថា៖«ឡុង ឡា មានប្រវត្តិប្រកួត ៦៥ ដង ឈ្នះ ៥១ ចាញ់ ១១ និងស្មើ ៣ ដង ប៉ុន្តែធ្លាប់ប្រកួតនៅក្រៅប្រទេសច្រើនមកហើយ គឺជាង ២០ លើកឯណោះ។ ឡុង ឡា ជាកីឡាករវ័យក្មេង ដែលការប្រកួតមិនងាយនឹងចុះចាញ់ដៃគូងាយៗនោះទេ ហើយសេវាប្រកួតរបស់គេ ចេញទៅក្រៅជាមួយគូអន្តរជាតិ តាមរយៈអ្នកគ្រូ សុខុម ជាប្រធានក្លិប និង លោក ហ៊ុន ចាន់រាជ»។
ចំណែកកីឡាករឆ្នើម ឡៅ ចិត្ត្រា បានចំណាយពេលខ្លីបំផុត ក្នុងការផ្តួលដៃគូឲ្យសន្លប់ បាន ដោយមិនឲ្យឈឺខ្លួនទាន់។ គ្រាន់តែស្នូរជួងទឹកទី ១ ភ្លាម ចិត្ត្រា បានព្យាយាមចូលសម្រុកទាត់ជើងក្រោម គ្មានស្ទាបស្ទង់ទេ។
បន្ថែមពីលើនេះ ឡៅ ចិត្ត្រា បានប្រើក្បាច់ដាល់ធ្ងន់ៗចូលគោលដៅល្អ ធ្វើឲ្យកីឡាករថៃស្រុះកម្លាំង។ ភ្លាមនោះ ចិត្ត្រា បានប្រើកណ្តាប់ដៃឆ្វេងម៉ាត់ចូលមុខកីឡាករថៃ Sok Savorth បណ្តាលឲ្យដួលអុកគូទ ហើយអាជ្ញាកណ្តាល យឹម សុខុម រាប់ដល់៨ ទើបងើបមកហើយដួលទៅវិញ នាំឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង និងបានផ្តល់ជ័យជម្នះទៅ ឡៅ ចិត្រា៕