ភ្នំពេញ៖ ​អគ្គ​រដ្ឋទូត​​ប្រទេស​បារាំង​ ប្រចាំ​នៅ​កម្ពុជា លោកស្រី​ Eva Nguye-Binh បាន​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​​ពលរដ្ឋ​ខ្មែរ​ ដែល​បាន​​ងាក​មក​លេង​​កីឡា​ និង​និយម​ប្រើប្រាស់​សម្ភារ​កីឡា​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយ​ ពិសេស​ក្នុង​សម័យ​មាន​ជំងឺ​​ឆ្លង​កូវីដ ​១៩ ជា​សកល​​នេះ​ ដោយ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​ទទួល​យក​សម្ភារ​កីឡា​ពី​ Decathlon Cambodia ​ដែលជា​ស្ថាប័ន​ឯកទេស​ផលិត​សម្ភារ​កីឡា​លំដាប់​ពិភព​លោក​ មាន​ប្រភព​មក​​ពី​ប្រទេស​បារាំង​ មាន​រហូត​ដល់ ​៤ ០០០ ​មុខ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​​បើក​សាខា​ទី២​ នៅ​អ៊ីអន ​១ ​របស់​ ​Decathlon ​កាល​ពី​យប់​ថ្ងៃ​ចន្ទ លោកស្រី Eva Nguye-Binh បាន​បញ្ជាក់​ថា​៖​ ​«ខ្ញុំ​រំភើប​ខ្លាំង ​ដោយ​មួយ​រយៈ​ក្នុង​សម័យ​កូវីដ ​១៩ ​នេះ​ ពលរដ្ឋ​កម្ពុជា​មក​ទទួល​យក​ការ​ប្រើប្រាស់​សម្ភារ​ហ្វឹកហាត់​តាម​គេហដ្ឋាន​កាន់​តែ​ច្រើន ​ហើយ​សហព័ន្ធ​កីឡា​ជាតិ​ភាគ​ច្រើន​ ទទួល​យក​សម្ភារ​កីឡា​នេះ​ ទៅ​ប្រើប្រាស់​ធ្វើ​ឲ្យ​សេវាកម្ម​ផ្គត់ផ្គង់​​រវាង​ Decathlon Cambodia ​ក្នុង​កីឡា ​ដើម្បី​សុខភាព ​និង​កីឡា​ជំនាញ​កាន់​តែ​កើន​ទ្វេ​ឡើង»។

ចំណែក​លោក ​សំរិទ្ធ ​សុទ្ធ​ នាយក​ទំនាក់​ទំនង​ទីផ្សារ​សម្ភារ​កីឡា ​Decathlon Cambodia បាន​ប្រាប់​​ថា​៖ ​«សម្ភារ​កីឡា​ចំនួន ​៤ ​០០០ ​មុខ ​ត្រូវ​បាន​ផ្គត់ផ្គង់​ទាន់​សេចក្តី​ត្រូវ​ការ​​របស់​អតិថិជន និង​សហព័ន្ធ​កីឡាជាតិ​ មាន​​ដូច​ជា​ កីឡា​ជិះ​កង់​ វាយ​កូន​បាល់​ ​លើក​ទម្ងន់​ បាល់​បោះ​ កីឡា​ឡើង​ភ្នំ​ ហែល​ទឹក​ កីឡា​កម្សាន្ត​បោះ​ជំរំ​ បាល់​ទាត់​ បាល់​បោះ​ ជិះ​ស្គី​ វាយ​កូន​ឃ្លី​លើ​តុ​ និង​អ្នក​ហាត់​ប្រាណ​លក្ខណៈ​ឯកជន​តាម​ផ្ទះ​​ ហើយ​​ផលិតផល​កីឡា​ទាំង​នេះ​ ក៏​នឹង​ដើរ​តួ​សំខាន់​ក្នុង​សកម្មភាព​កីឡា​ នៅ​ក្នុង​ព្រឹត្តិការណ៍​នានា​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ»​។​

លោក​ ទេព ​រិទ្ធាវិទ្ធ ​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ដែល​ទទួល​យក​សម្ភារ​កីឡា​របស់​ Decathlon Cambodia ​ទៅ​ប្រើប្រាស់​បាន​​និយាយ​ថា​៖ ​«Decathlon ផលិត​សម្ភារ​កីឡា ​ស្រប​តាម​ជំនាញ​កីឡា​ គឺ​ប្រើ​តាម​ប្រព័ន្ធ​ឌីជីថល​ទំនើប ដែល​មាន​តម្លៃ​សមរម្យ ហើយ​ Decathlon ជា​ម៉ាក​ល្បីល្បាញ​នៅ​លើ​ពិភព​លោក ​ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា ​ទើប​តែ​ស្គាល់​ប្រហែល​ជាង​ ​២ ​ឆ្នាំ​ទេ ​តែ​ឥឡូវ​ពេញ​និយម​ខ្លាំង​សឹង​តែ​ផ្តាច់​មុខ ​និង​មាន​​ច្រើន​មុខ​ជាង​គេ​គឺ​គ្រប់​ប្រភេទ​កីឡា​តែ​ម្តង»​។​

លោក​ ចេប៊ី​ នាយក​គ្រប់គ្រង​ Decathlon Cambodia ថ្លែង​ថា​៖ «​​ប្រជាពលរដ្ឋ​កម្ពុជា​ បាន​​ងាក​មក​លេង​កីឡា​យ៉ាង​ច្រើន ​ក្នុង​វិបត្តិ​កូវីដ ១៩ នេះ ​ហើយ​ខ្ញុំ​ឃើញ​ថា ​ទីតាំង​លក់​នៅ​អ៊ីអន ​២ ​​សែន​សុខ ​រយៈពេល ​២ ឆ្នាំ​នេះ កើន​ឡើង​ខ្លាំង​ ទើប​ខ្ញុំ​បន្ត​បើក​សាខា​ទី២​ នៅ​អ៊ីអន ​១​ នៅ​ចតុមុខ​នេះ​មួយ​ទៀត ​ដើម្បី​បម្រើ​​សេចក្តី​ត្រូវ​ការ​ ដែល​កើន​ឡើង​ជា​លំដាប់​របស់​​អតិថិជន»​។

លោក​​បាន​បញ្ជាក់​ថា៖ ​«​ស្រប​ពេល​ជំងឺ​កូវីដ ​១៩ ផ្ទុះ​ជា​សកល ​ខ្ញុំ​សង្កេត​ឃើញ​ប្រជាពល​រដ្ឋ​កម្ពុជា​យ៉ាង​ច្រើន​បាន​នាំ​គ្នា​លេង​កីឡា និង​​ហាត់​កីឡា​តាម​ផ្ទះ​ រហូត​មាន​ការ​​ហ្វឹកហាត់​បញ្ជា​ពី​គ្រូ​បង្វឹក​តាម​អនឡាញ​ទៀត គឺ​កើន​ឡើង ​ហើយ​ការ​ទិញ​សម្ភារ​ផ្សេងៗ ​នៅ​ហាង​ទៅ​ហាត់​នៅ​តាម​​ផ្ទះ​​ក៏​ពេញ​និយម​។ ខ្ញុំ​ចាត់​ទុក​ថា នេះ​ជា​ជោគជ័យ​មួយ ​ស្រប​ពេល​ដែល Decathlon Cambodia មាន​គោល​ដៅ ថា​នឹង​នាំ​យក​សម្ភារ​កីឡា​ឲ្យ​ដល់​ប្រជាពល​រដ្ឋ​គ្រប់គ្នា​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ជា​ពិសេស​ត្រៀម​ព្រឹត្តិការណ៍​នានា ​ដើម្បី​ជួយ​ក្នុង​កីឡា​ជា​ច្រើន​ប្រភេទ​នៅ​កម្ពុជា​​»​៕​