ភ្នំពេញៈ គ្រូបង្វឹក​ក្រុម​អគ្គិសនី​កម្ពុជា លោក ប្រាក់ វុទ្ធី បាន​សម្តែង​ការសោកស្តាយ នៅពេល​រនាំង​ការពារ​របស់​លោក​មិន​អាច​ទប់​មហិច្ឆតា​ក្រុម​វិសាខា​បាន ចំណែក​ខ្សែប្រយុទ្ធ Timothy របស់​ក្រុម​អង្គរថាយហ្គឺរ បាន​បំបែក​កំណត់ត្រា​ក្នុង​នាម​ជា​កីឡាករ​រក​បាន​លើស​ពី​ ៣ ​គ្រាប់​មុនគេ​នៅក្នុង​ការប្រកួត​លីក​កំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ​នេះ​។

សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​វិសាខា​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ​ក្រុម​ដែល​ប្រើប្រាស់​កីឡាករ​ខ្មែរ​សុទ្ធ អគ្គិសនី​កម្ពុជា​បាន​រៀបចំ​ប្រព័ន្ធ​លេង​ការពារ​ស្ទើរតែ​ ១០០ ​ភាគរយ​តែ​ម្តង​គឺ​ពួកគេ​បាន​ចុះ​មក​លេង​ការពារ​នៅ​មុខ​ទី​របស់​ខ្លួន​ស្ទើរតែ​ទាំងអស់ ប៉ុន្តែ​សំណាញ់​ការពារ​ដ៏រឹងមាំ​មួយ​នេះ​នៅតែ​មិន​អាច​ទប់​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​របស់​ក្រុម​វិសាខា​បាន​ដដែល​គឺ​ពួកគេ​បាន​ចាញ់ ៤-០​។

លទ្ធផល​នេះ​វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​លោក ប្រាក់ វុទ្ធី បាន​ត្រៀម​ទុក​ជា​មុន​។ លោក​បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​ក្រោយពី​ចូលឆ្នាំ​រួច កម្លាំង​របស់​យើង​មួយ​ចំនួន​មាន​ការបាត់បង់ ហើយ​ចំពោះ​គោលការណ៍​របស់​យើង​គឺ​ធ្វើ​ម៉េច​ត្រូវ​ទប់​ឲ្យ​បាន​ស្មើ ឬ​មួយ​ក៏​អាច​របូត​គ្រាប់​បាល់​តិច ដូច្នេះ​យើង​លេង​បែប​ការពារ​រហូត​ដល់​ ៩០ ​ភាគរយ អ៊ីចឹង​ការគ្រប់គ្រង​បាល់ និង​ការបញ្ចេញ​បាល់ វា​តែងតែ​មាន​ការបាត់បង់​ច្រើន​»​។

គ្រូបង្វឹក​ជើងចាស់​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ការលេង​ការពារ​ ៩០ ​ភាគរយ វា​ជា​គោលការណ៍​របស់​យើង ប៉ុន្តែ​អ្វី​ដែល​យើង​សោកស្តាយ​គឺ​យើង​មិន​អាច​ទប់​គ្រាប់​បាល់​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន​ដោយសារ វិសាខា មាន​កីឡាករ​បរទេស​ខ្ពស់ៗ​ដែល​អាច​លេង​បាល់​ខ្ពស់​បាន​ល្អ​គឺ​យើង​ពិបាក​នឹង​តទល់​ជាមួយ​កីឡាករ​បែប​នេះ​ហើយ​យើង​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ហើយ​»​។

ជាមួយ​នឹង​រនាំង​ការពារ​នេះ ក្រុម​វិសាខា​រក​បាន​ត្រឹម​ ១ ​គ្រាប់​ប៉ុណ្ណោះ​នៅ​តង់​ទី​ ១ ដែល​រកបាន​ដោយ​ខ្សែបម្រើ​កូរ៉េ​ខាង​ជើង Pak Song Chol នៅ​នាទី​ទី​ ១២ ប៉ុន្តែ​នៅ​តង់​ទី​ ២ ក្រុម​មួយ​នេះ​រក​បន្ថែម​បាន​ ៣ ​គ្រាប់​ទៀត​ដែល​រក​បាន​ដោយ ទិត្យ ឌីណា នៅ​នាទី​ទី​​ ៤៧ Skraparas Evangelos នៅ​នាទី​ទី​ ៦៧ និង Masski នៅ​នាទី​ទី​ ៧៣ ប៉ុន្តែ​លោក ហុក សុជីវ័ន ហាក់​មិន​សូវ​សប្បាយចិត្ត​ជាមួយ​ការឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា​ត្រឹម ៤-០ នេះ​ទេ​។

លោក ហុក សុជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា​បាន​និយាយ​ថា​៖ «​នៅ​តង់​ទី​ ១ យើង​ធ្វើ​ច្រើន តែ​យើង​អត់​សូវ​បាន​គុណភាព​ដោយសារ​ទម្រង់​លេង​របស់​ក្រុម​អគ្គិសនី​កម្ពុជា គេ​លេង​ចុះ​ទាំងអស់​គឺ​ទុក​តែ​ម្នាក់​ទេ សម្រាប់​វាយបក​មក​យើង​វិញ នៅពេល​គេ​ដណ្តើម​បាល់​បាន អ៊ីចឹង​ហើយ​យើង​មាន​ការពិបាក​លេង​មែនទែន​នៅពេល​គេ​លេង​បែប​នេះ​ហើយ​ការរៀបចំ​របស់​យើង​ក៏​មិន​បាន​ល្អ​ ១០០ ​ភាគរយ​ទៅ​តាម​អ្វី​ដែល​យើង​ចង់​បាន​នោះ​ដែរ​»​។

ដោយឡែក​ក្រុម​អង្គរថាយហ្គឺរ បាន​យក​ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ៦-០ ដើម្បី​មាន​ ៨ ​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​វិសាខា​ដែល​មាន​ ១០ ​ពិន្ទុ តែ​ច្រើន​ជាង​ក្រុម​អគ្គិសនី​កម្ពុជា​ដែល​មាន​ ៦ ​ពិន្ទុ​ដដែល​។ រីឯ​ក្រុម​អាស៊ី​អឺរ៉ុប បាន​យក​ឈ្នះ​ក្រុម​គិរីវង់​សុខសែនជ័យ ២-១ ដើម្បី​មាន​ ៦ ​ពិន្ទុ​។

ជាមួយ​ការឈ្នះ ៦-០ នេះ​ខ្សែប្រយុទ្ធ Timothy របស់​ក្រុម​អង្គរថាយហ្គឺរ រក​បាន​ ៤ ​គ្រាប់​តែ​ម្នាក់​ឯង បន្ថែម​ទៅ​លើ​ការរក​បាន​ ២ ​គ្រាប់​នៅពេល​ពួកគេ​បាន​ឈ្នះ​ក្រុម​ខេត្ត​សៀមរាប ១១-០ ហើយ​ការរក​បាន​ ៤ ​គ្រាប់​នេះ វា​បាន​ក្លាយ​ជា​កំណត់ត្រា​ថ្មី​ដែល​បាន​លុបចោល​នូវ​កំណត់ត្រា​រកបាន​ ៣ ​គ្រាប់ (Hat-Trick) របស់​ខ្សែប្រយុទ្ធ Coulbaly Souleymane របស់​ក្រុម​គិរីវង់ ខ្សែប្រយុទ្ធ Bata និង រ៉ឹង ប៊ុនហៀង របស់​ក្រុម​ទ័ព​រួម​ទាំង​ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន Yadai Ogawa ដែល​ជា​មិត្ត​រួម​ក្រុម​របស់​គេ​ផង​ដែរ​៕