ក្រុង​ឡុងដ៍៖ សមាគម​បាល់ទាត់​អង់គ្លេស (FA) ​បាន​ប្រកាស​ថា ប្រទេស ​អង់គ្លេស ​បាន​លក់​សំបុត្រ​ដាច់​អស់​ជា​លើក​ដំបូង​សម្រាប់​ការ​ប្រកួត​របស់​​នារី​​នៅ​មុន​ពេល​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​នារី​អង់គ្លេស​ និង​នារី​អាល្លឺម៉ង់​នៅ​កីឡដ្ឋាន​ Wembley។​​

កីឡដ្ឋាន​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន ​៩០ ០០០ ​នាក់ ​នៅ​ថ្ងៃទី ​៩ ខែ​វិច្ឆិកា​នោះ ​នឹង​ក្លាយ​ជា​កីឡដ្ឋាន​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​បំផុត​សម្រាប់​ការ​ប្រកួត​បាល់ទាត់​​នារី​នៅ​ចក្រភព​អង់គ្លេស​ពោល ​គឺ​ច្រើន​ជាង​ចំនួន​អ្នក​ទស្សនា​ការ​ប្រកួត​អូឡាំពិក​ឆ្នាំ ​២០១២ ​ដែល​ក្រុម​បាល់​ទាត់​នារី​អាមេរិក​បាន​ឈ្នះ​ក្រុម​នារី​ជប៉ុន​ទៅ​ទៀត​​​ ហើយ​ពេល​នោះ ​គឺ​មាន​អ្នក​ចូល​​ទស្សនា​​ចំនួន ​៨០ ០០០ ​​​នាក់ ​​នៅ​កីឡដ្ឋាន​ Wembley​ នេះ​ដែរ​។​

ទន្ទឹម​នេះ​ដែរ​ ចំនួន​អ្នក​ទស្សនា​​​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​ប្រកួត​ក្រុម​​នារី​អង់គ្លេស​នេះ ​គឺ​មាន​ចំនួន​ច្រើន​​ជាង​ចំនួន​​ ៤៥ ៦១៩​ នាក់​សម្រាប់​ជំនួប​ពី​មុន​រវាង​ក្រុម​នារី​អង់គ្លេស​ និង​ក្រុម​អាល្លឺម៉ង់​នៅ​កីឡដ្ឋាន​​ដដែល​នេះ​ កាល​ពី​ឆ្នាំ ​២០១៤​។​

ក្រុម​អង់គ្លេស​បាន​លេង​នៅ​ចំពោះ​មុខ​ហ្វូង​អ្នក​ទស្សនា​ចំនួន ​២៩ ២៣៨ ​នាក់ ​នៅ​កីឡដ្ឋាន​ Riverside កាល​ពី​ដើម​ខែ​នេះ​ដែល​ជា​ចំនួន​ច្រើន​បំផុត​មួយ​សម្រាប់​ការ​ប្រកួត​របស់​ក្រុម​តោ​ញី​កំណាច​ទាំង ​៣ ​នេះ ​នៅ​ខាង​ក្រៅ​បរិវេណ​កីឡដ្ឋាន​ Wembley ក្នុង​ប្រកួត​ជា​លើក​ដំបូង​តាំង​ពី​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup របស់​នារី​។​​

ប៉ុន្តែ​ការ​ប្រកួត​ដែល​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​នេះ ​គឺ​មាន​​អ្នក​ចូល​ទស្សនា​តិច​ជាង​ចំនួន​អ្នក​ចូល​ទស្សនា​​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ World Cup ឆ្នាំ ​១៩៩៩​ រវាង​ជម្រើស​ជាតិ​នារី​អាមេរិក ​និង​ចិន ​នៅ​កីឡដ្ឋាន​ Rose Bowl នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​សហរដ្ឋ​អាមេរិក ​ដែល​ពេល​នោះ​មាន​ចំនួន​អ្នក​ទស្សនា ​៩០ ១២៥ ​នាក់។​

អ្នកស្រី Sue Campbell នាយិកា​​សមាគម​បាល់​ទាត់​នារី​បាន​និយាយ​ថា៖ «​នេះ​ជា​ការ​បង្ហាញ​ដ៏​សំខាន់​មួយ​ពី​ការ​គាំទ្រ​ក្រុម ​និង​បុគ្គលិក​រៀបចំ​ការ​ប្រកួត​​នេះ ​ក្រោយ​ពី​មាន​ការ​រីក​ចម្រើន​រយៈពេល ​១ ​ឆ្នាំ ​សម្រាប់​ជម្រើស​ជាតិ​អង់គ្លេស​មួយ​នេះ​»។​

អ្នក​ស្រី​នាយិកា​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​គ្រប់​គ្នា​ដែល​បាន​ទិញ​សំបុត្រ ​​ព្រោះ​យើង​មិន​ដែល​ឃើញ​ស្ថានភាព​គាំទ្រ​ដ៏​ច្រើន​​បែប​នេះ​ពី​មុន​មក​នោះ​ទេ​»។​

អ្នកស្រី​ Sue បាន​បន្ថែម​ទៀត​ថា៖ «​យើង​បាន​ចាប់​ផ្ដើម​ឆ្នាំ​នេះ ​ជា​មួយ​ជោគជ័យ​ឈ្នះ​ពាន​រង្វាន់​ SheBelieves Cup ហើយ​បាន​មាន​ឱកាស​លេង​នៅ​ព្រឹត្តិការណ៍​ World Cup រួម​ទាំង​​ឱកាស​លេង​នៅ​ការ​ប្រកួត​អូឡាំពិក​​ក្រុង​តូក្យូ​ផង​ដែរ​ ដោយ​យើង​មាន​ការ​រីក​ចម្រើន​ច្រើន​នៅ​ក្នុង​ឆ្នាំ ​២០១៩ ​នេះ​ ហើយ​ខ្ញុំ​ផ្ទាល់​សូម​អរគុណ​អ្នក​គ្រប់គ្នា​ដែល​បាន​ជួយ​គាំទ្រ​យើង​នៅ​​គ្រប់​ពេល​វេលា​បែប​នេះ​»។​

នាយិកា​សមាគម​បាល់ទាត់​រូប​នេះ​​បាន​បន្ត​ថា៖ «​អ្វី​ដែល​វា​​កាន់​តែ​ពិសេស​ទៀត​នោះ គឺ​​បាន​ឃើញ​អ្នក​គ្រប់គ្នា​បាន​ជួយ​ទិញ​សំបុត្រ​ចូល​ទស្សនា​នៅ​ថ្ងៃ​នោះ ​ដើម្បី​ជួយ​បង្កើន​ការ​បំបែក​កំណត់ត្រា​នៅ​គ្រប់​ពេល​វេលា»៕ SN