ក្រុង​ប៉ារីស៖ ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​បាត់​​បង់​ពិន្ទុ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​​ព្រឹត្តិការណ៍​ Euro ឆ្នាំ ​២០២០​ ​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​ពួក​គេ​បាន​ចាញ់​ជម្រើស​ជាតិ​ឆែក​ ២-១ ខណៈ​កីឡាករ​ Cristiano Ronaldo រក​បាន​គ្រាប់​បាល់​ទី ​៦៩៩​ ​ក្នុង​ការ​ប្រកួត​ដែល​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឈ្នះ​ជម្រើស​ជាតិ​លុចសំបួ។​

ប្រធាន​ក្រុម​អង់គ្លេស​ Harry Kane រក​បាន ​១ ​គ្រាប់ ​បើក​ឆាក​ក្នុង​នាទី​ទី ​៥ ​ក្នុង​ទីក្រុង​ Prague នៅ​សាធារណ​រដ្ឋ​ឆែក ​ប៉ុន្តែ​នៅ​ក្នុង​នាទី​ទី ​៩ កីឡាករ​ Jakub Brabec រក​បាន ​១ ​គ្រាប់​វិញ ​ឲ្យ​ក្រុម​ឆែក​នៅ​មុន​ពេល​កីឡាករ​ Zdenek Ondrasek ​បន្ថែម ​១ ​គ្រាប់​ទៀត ​​ក្នុង​នាទីទី ​៨៥ ​ធ្វើ​ឲ្យ​ក្រុម​​ឆែក​ឈ្នះ​ក្រុម​អង់គ្លេស ​២-១ ​ក្នុង​វគ្គ​ជម្រុះ​ Euro 2020​។

អ្នក​ចាត់​ការ​ក្រុម​អង់គ្លេស​លោក Gareth Southgate បាន​ប្រាប់​ទូរទស្សន៍​ ITV ថា៖ «​ខ្ញុំ​គិត​ថា យើង​ទទួល​បាន​ក្រេឌីត​ជា​ច្រើន​ក្នុង​រយៈពេល ​២-៣ ឆ្នាំ​​​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​​រាត្រី​នេះ​ យើង​ធ្វើ​មិន​បាន​​ល្អ​គ្រប់គ្រាន់​ទេ​»។​​

លោក Southgate បាន​បន្ថែម​ថា៖ «​ទម្រង់​លេង​របស់​យើង​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ​គឺ​មាន​លក្ខណៈ​ដូច​ធម្មតា​ ហើយ​គ្រាប់​បាល់​ដែល​យើង​បាន​ធ្វើ​ឲ្យ​របូត​ទាំង​នោះ ​គឺ​ជា​ឱកាស​ដែល​យើង​បាន​​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​​»។​

ទោះ​ជា​យ៉ាង​ណា ​ក្រុម​របស់​លោក Southgate នៅ​តែ​ឈរ​នៅ​លើ​កំពូល​តារាង​មាន ​១២ ​ពិន្ទុ ​ជាមួយ​ក្រុម​ឆែក​ដែល​បាន​លេង​លើស​ក្រុម​អង់គ្លេស ​១ ​ប្រកួត​។​​

ទន្ទឹម​នេះ​ដែរ​ ជម្រើស​ជាតិ​បារាំង​ជា​ម្ចាស់​ជើងឯក​ World Cup បាន​ទទួល​ជ័យ​ជម្នះ​ក្រៅ​ទឹក​ដី​ ១-០ ទៅ​លើ​ជម្រើស​ជាតិ​អ៊ីស្លង់​ ខណៈ​កីឡាករ​ Olivier Giroud រក​បាន​តែ ​១ ​គ្រាប់​គត់ ​ឲ្យ​ក្រុម​បារាំង​ដោយ​​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​នៅ​នាទីទី ​៦៦ ​ក្នុង​ទីក្រុង​ Reykjavik ប្រទេស ​អ៊ីស្លង់​ ​កាល​ពីថ្ងៃ​អាទិត្យ​។​​

ឥឡូវ​នេះ​ ក្រុម​បារាំង​បាន​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​ H បន្ទាប់​ពី​ក្រុម​តួកគី​ ដែល​មាន ​១៨ ​ពិន្ទុ​ដូច​គ្នា​។​

កីឡាករ Antoine Griezmann របស់​ក្រុម​បារាំង​បាន​និយាយ​ថា​៖ «​វា​ពិត​ជា​ការ​ប្រកួត​ដ៏​លំបាក​បំផុត​មួយ​ ​​ប៉ុន្តែ​យើង​ទទួល​បាន ​៣ ​ពិន្ទុ​​ថែម​ទៀត​»។​

តារា​ប្រចាំ​ក្លឹប​ Juventus គឺ​កីឡាករ​ Ronaldo រក​បាន​គ្រាប់​បាល់​ទី ​៩៤ ​ក្នុង​កម្រិត​អន្តរជាតិ​ក្នុង​ជ័យ​ជម្នះ​របស់​​ជម្រើស​ជាតិ​​ព័រទុយហ្គាល់​ទៅ​លើ​ក្រុម​លុចសំបួ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​​ ហើយ​នេះ​ជា​គ្រាប់​បាល់​​លើក​ទី ​៦៩៩ ​របស់​​រូប​គេ​ក្នុង​ការ​ប្រកួត​ទាំង​អស់​ផង​ដែរ​។​​

គ្រូ​បង្វឹក​ព័រទុយហ្គាល់​លោក Fernando Santos បាន​និយាយ​​ថា៖ «​យើង​គិត​រួច​ហើយ​ពី​ការ​ប្រកួត​ដ៏​ពិសេស​​ជាមួយ​ក្រុម​អ៊ុយក្រែន​គឺ​ថា ​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ដែល​យើង​​បាន​ធ្វើ​សម្រាប់​ក្រុម​នេះ​ដែរ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​នៅ​សល់ ​៤ ​ប្រកួត​ចុង​ក្រោយ​​ ហើយ​មួយ​​នេះ​គឺ​ចប់​ហើយ ហើយ​យើង​ចង់​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​​ពូល H​»៕ AFP/SN​​