The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង់គ្លេស ​ជួប​បញ្ហា​​នៅ​ក្នុង​តំបន់​​​ការពារ​​ ប៉ុន្តែ​​បាន​យក​ឈ្នះ​កូសូវ៉ូ​

អង់គ្លេស ​ជួប​បញ្ហា​​នៅ​ក្នុង​តំបន់​​​ការពារ​​ ប៉ុន្តែ​​បាន​យក​ឈ្នះ​កូសូវ៉ូ​

Content image - Phnom Penh Post
Sancho អូស​បាល់​ចេញ​ពី​ខ្សែ​ការ​ពារ​​ក្រុម​កូសូវ៉ូ​ ពីថ្ងៃ​អង្គារ​​​។ រូប​ AFP

អង់គ្លេស ​ជួប​បញ្ហា​​នៅ​ក្នុង​តំបន់​​​ការពារ​​ ប៉ុន្តែ​​បាន​យក​ឈ្នះ​កូសូវ៉ូ​

ក្រុង​ឡុងដ៍៖ លោក Gareth Southgate គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​បាន​ទទូច​ថា ក្រុម​របស់​គាត់​ត្រូវ​តែ​កែប្រែ​កំហុស​នៅ​តំបន់​​ការពារ ​«​ជាក់​ស្ដែង» ​ក្រោយ​ពី​មាន​បញ្ហា​នៅ​ក្នុង​ការ​ប្រកួត​ដែល​ពួក​គេ​បាន​ឈ្នះ​ជម្រើស​ជាតិ​កូសូវ៉ូ​ ៥-៣ នៅ​ទីក្រុង​ Southampton ប្រទេស ​អង់គ្លេស ​កាល​ពី​ថ្ងៃ​អង្គារ​។​

ក្រុម​កូសូវ៉ូ​បាន​នាំ​មុខ ​១ ​គ្រាប់ ​​ដោយ​កីឡាករ​ Berisha ក្នុង​នាទី​ទី ​១​ ហើយ​ចាប់​ពីនាទី​ទី ​៨ ​ដល់​នាទី​ទី ​៤៥ ​គឺ​ជា​ឱកាស​​រក​បាន​គ្រាប់​បាល់​របស់​​អង់គ្លេស​វិញ​ម្ដង ​ដែល​គ្រាប់​ទី ​១ ​រក​បាន​ដោយ​កីឡាករ​ Sterling គ្រាប់​ទី ​២ ​ដោយ​កីឡាករ​ Kane គ្រាប់​ទី ​៣ ​ដោយ​កីឡាករ​ Vojvoda គ្រាប់​ទី ​៤ និង​ទី ​៥​ ​ដោយ​កីឡាករ​ Sancho ប៉ុន្តែ​ក្រុម​កូសូវ៉ូ​បាន​បន្ថែម​ទៀត ២ ​គ្រាប់​ទៀត​នៅ​​ក្នុង​នាទី​ទី ​៤៩​ ដោយ​កីឡាករ​ Berisha និងទី​ ​៥៥ ​ដោយ​កីឡាករ​ Muriqi។​​ ​

តាម​ពិត​ទៅ​ ​អង់គ្លេស​សឹង​តែ​រក​បាន​គ្រាប់​ទី ​៦ ​ទៅ​ហើយ ​ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដែល​ខ្សែ​ប្រយុទ្ធ​ Kane​ ស៊ុត​​បាល់​ពិន័យ ​១១ ​ម៉ែត្រ​មិន​​បាន​ល្អ​ដូច​កាល​ពី​ប្រកួត​ជាមួយ​ក្រុម​​ប៊ុលហ្គារី​​ ​ដោយសារ​អ្នក​ចាំទី​របស់​ក្រុម​កូសូវ៉ូ​សង្រ្គោះ​បាល់​យ៉ាង​ល្អ​នៅ​ក្នុង​នាទី​ទី ​៦៥​។​​

ទោះ​​ជា​​ការ​ប្រកួត​នេះ​មាន​ភាព​​​អស្ចារ្យ​​សម្រាប់​​អង់គ្លេស​ក៏​ពិត​មែន ​ប៉ុន្តែ​​គ្រូ​បង្វឹក​អង់គ្លេស​​បាន​មើល​ឃើញ​កំហុស​នៅ​តំបន់​​ការពារ​កណ្ដាល​របស់​កីឡាករ​ Michael Keane និង​ Harry Maguire ដោយសារ​​​អង់គ្លេស​​បាន​​របូត​គ្រាប់​បាល់ ​៣ ​គ្រាប់ ​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​រយៈពេល​ ​១២ ​ឆ្នាំ​​មក​នេះ​។​​

លោក Southgate និយាយ​ថា៖ «​នេះ​ជា​ការ​ប្រកួត​ចម្លែក​មួយ​​ព្រោះ​យើង​បាន​ជួប​កំហុស​ជាក់​ស្ដែង​មួយ​ចំនួន​ក្នុង​ការ​រក​បាន​គ្រាប់ ​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់​លេង​ដែល​យើង​បាន​បង្ហាញ​លើក​នេះ​ព្រោះ​​យើង​បាន​ទប់ទល់​នឹង​ការ​វាយ​បក​ពី​គូ​ប្រជែង​របស់​យើង​បាន​​ទាំង​ស្រុង​ ហើយ​យើង​បាន​ប្រើ​បាល់​បាន​ល្អ​»។​

គ្រូ​បង្វឹក​អង់គ្លេស​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​យើង​ក៏​មាន​ទម្រង់​លេង​ល្អ​​​​មែន​ប៉ុន្តែ​យើង​ក៏​មាន​កំហុស​ជាក់​ស្ដែង​ដែរ​»។​​

កីឡាករ Sancho ​និយាយ​​ពី​ការ​រក​បាន​គ្រាប់​បាល់​នេះ​ថា៖ «​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ​ដែល​រក​បាន​គ្រាប់​បាល់​ជា​លើក​ដំបូង​​សម្រាប់​ជម្រើស​ជាតិ​អង់គ្លេស​ ហើយ​វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​ព្រោះ​យើង​រក​បាន ​៥ ​គ្រាប់ ​ដែល​​ក្នុង​នោះ ​២ ​គ្រាប់ គឺ​ជា​គ្រាប់​បាល់​របស់​ខ្ញុំ​»។​

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អង់គ្លេស​បន្ត​ឈរ​​កំពូល​តារាង​នៃ​ពូល​​ A មាន ​១២ ​ពិន្ទុ​ក្នុង ​៤ ​ប្រកួត ​ដែល​នាំ​មុខ ​៣ ​ពិន្ទុ ​ទៅ​លើ​ក្រុម​សាធារណរដ្ឋ​ឆែក​​ដែល​ឈរ​នៅ​លេខ ​២ ​មាន ​៩ ​ពិន្ទុ​ក្នុង ​៥ ​ប្រកួត ហើយ​បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​កូសូវ៉ូ​ធ្លាក់​ទៅ​ឈរ​នៅ​លេខ ​៣ ​ចាញ់​ក្រុម​អង់គ្លេស ​៤ ​ពិន្ទុ ​ក្នុង ​៥ ​ប្រកួត ​សម្រាប់​វគ្គ​ជម្រុះ​ Euro ២០២០​៕ AFP/SN

អត្ថបទគួរចាប់អារម្មណ៍