ក្រុង​រុស្ស៊ី: ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស នឹង​បើក​យុទ្ធ​នា​ការ World Cup របស់​ពួក​គេ កាល​ពី​ថ្ងៃច​ន្ទ ខណៈ​ដែល​​អ្នក​ចាត់​ការ​​ទូទៅ​​លោក Gareth Southgate សម្លឹង​រក​ការ​លុប​ចោល​ការ​ចង​ចាំ​ដ៏​ខក​ចិត្ត​​នា​នា​លើ​ការ​បង្ហាញ​ពី​ទម្រង់​លេង​ក្នុង​យុទ្ធ​នា​ការ​ធំ​ៗ​នា​ពេលថ្មី​ៗនេះ​។

ក្រុម​​ជម្រើស​ជាតិ​អង់​​គ្លេស ដែល​បាន​ឈ្នះ​ពាន​​រង្វាន់​ធំ​របស់​​កីឡា​បាល់​ទាត់​ក្នុង​រយៈពេល​ច្រើន​ជាង​កណ្តាល​​សតវត្សរ៍​កន្លង​ទៅ​នោះ បាន​ធ្លាក់​ចេញ​​​ត្រឹម​វគ្គ​ចែកពូល ក្រោយ​មិន​ស្គាល់​ឈ្នះ​សោះ​​កាលពី​​៤​ឆ្នាំមុន ក្នុង​ប្រទេស​ប្រេស៊ីល និ​ង​មិន​ធ្លាប់​បាន​ឈ្នះ​ការ​ប្រកួត​ក្នុង​វគ្គ​ចាញ់​ធ្លាក់​​សោះ​ក្នុង​យុទ្ធ​នា​ការ​ធំ​ៗ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០០៦​។

ប៉ុន្តែ ការ​ប្រជែង​ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង​របស់​លោក Southgate នឹង​ចាប់​ផ្តើម​ទាំង​ការ​ជឿជាក់ ក្រោយ​ពី​​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​រឹង​មាំ​ក្នុង​វគ្គ​ជម្រុះ និង​​លទ្ធផល​ប្រកប​ដោយ​ការ​លើក​ទឹក​ចិត្ត​​​ពី​ការ​ប្រកួតមិត្ត​ភាព​ជា​មួយនឹងក្រុម​ខ្លាំង​ៗដូច​ជា ប្រេស៊ីល អាល្លឺ​ម៉ង់ អ៊ី​តាលី និង​ហូ​ឡង់​។

កីឡាករ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស ហ្វឹកហាត់​ត្រៀម​សម្រាប់​ការប្រកួត​នៅ​រាត្រី​នេះ​។ AFP

ពួក​គេ​នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​​ទុយ​នី​ស៊ី ក្នុង​ទីក្រុង​ប្រវត្តិ​សាស្ត្រ Volgograd នៅ​រាត្រី​នេះ ដោយ​ដឹង​ថា ការ​មិន​អាច​ដណ្តើម​បាន​ជ័យ​ជម្នះ​ នឹង​​រំខាន​ដល់​ផែន​ការ​មុន​យុទ្ធ​នា​ការ​នេះ ស្រប​ពេល​ដែល​ពួក​គេ​ក៏​ត្រូវ​ប៉ះ​ជា​មួយ​នឹង​បែល​ហ្ស៊ិក ក្នុង​ពូល G ផង​ដែរ​។

ការ​ខ្វះ​នូវ​បទ​ពិសោធ​របស់​លោក Southgate បាន​បង្កើត​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​​លោក​ត្រូវ​បាន​តែង​តាំង​ជា​គ្រូប​ង្វឹក ប៉ុន្តែ អតីត​គ្រូ​បង្វឹក​របស់​ក្រុម​​អាយុ​ក្រោម​២១​​ឆ្នាំ​រូបនេះ បាន​បង្កើត​ឲ្យ​មាន​សាម​គ្គី​ភាព និង​​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លុប​ចោល​ការ​បរា​ជ័យ​កាល​ពីមុន​។

លោក Southgate បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​នា​កីឡដ្ឋាន Volgograd Arena កាលពី​ថ្ងៃអាទិត្យ​ថា៖ «ក្រុម​នេះ មិន​គួរ​​​ត្រូវ​បាន​ដាក់​បន្ទុក​ជា​មួយ​នឹង​បញ្ហា​​នោះ​ឡើយ ពីព្រោះ​ពួក​គេ​ជា​ក្រុម​ថ្មី ភាគ​ច្រើន​នៃ​ពួក​គេ​​មាន​ករ​បង្ហាញ​ខ្លួន​ជា​អន្តរ​ជាតិ​តិច​តួច ហេតុនេះ អនា​គត​កំពុង​តែ​ស្ថិ​តនៅ​ចំពោះ​មុខ​របស់​ពួក​គេ​»​។

ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​ ១០ ​យប់៕ IS