ភ្នំពេញៈ លោក Matt Pocock និងលោក Mark Ferguson ដែលមានសញ្ជាតិអង់គ្លេស និងបច្ចុប្បន្នរស់នៅក្នុងទីក្រុងហុងកុង បានចាប់ផ្តើមការរត់ចម្ងាយឆ្ងាយពីភ្នំពេញទៅខេត្តសៀមរាបកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដោយពួកគេរត់ជាមធ្យម ៥០ គីឡូម៉ែត្រ ក្នុងមួយថ្ងៃឆ្លងកាត់សហគមន៍ដាច់ស្រយាលជាច្រើននៅក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ អស់រយៈពេល ៦ ថ្ងៃ ហើយបានបញ្ចប់បេសកកម្មរបស់ពួកគេនៅថ្ងៃទី ៧ ដោយការរត់ចម្ងាយ ២១ គីឡូម៉ែត្រ ជាមួយនឹងអ្នក ដែលចូលរួមរត់ជាង ១ ម៉ឺននាក់ ក្នុងព្រឹត្តការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត កាលពីថ្ងៃទី ៣ ខែធ្នូ។
ការរត់របស់ Matt និង Mark ធ្វើឡើងដើម្បីរៃអង្គាស មូលនិធិសប្បុរសធម៌ចំនួន ៦០០០០ ផោន ដែលមានតម្លៃប្រមាណ ៨ ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់អង្គការសួនមូលនិធិ (TGF) ដែលជាអង្គការក្រៅរដ្ធាភិបាលជួយសហគមន៍ក្រីក្រនៅកម្ពុជា ហើយអ្នករត់ប្រណាំងទាំង ២ នាក់ ត្រូវបានអមដំណើរដោយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលឧបត្ថម្ភដោយក្រុមហ៊ុនមេនូឡាយហ្វ៍ និងនាំផ្លូវដោយមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានសញ្ជាតិខ្មែរម្នាក់ ធ្វើដំណើរដោយកង់។
លោក Matt ថ្លែងថា៖ «មានមូលហេតុពីរយ៉ាង ដែលយើងរត់ ទី១ ដើម្បីរៃអង្គាសប្រាក់តាមដែលអាចធ្វើបាន ដើម្បីឧបត្ថម្ភអង្គការសួនមូលនិធិ។ ទី ២ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពក្រីក្រនៅតាមជនបទនៃប្រទេសកម្ពុជា។ យើងទាំងពីរនាក់បានរស់នៅក្នុងទ្វីបអាស៊ីអស់រយៈពេលយូរមកហើយ ហើយវាជាកន្លែងដែលយើងចូលចិត្តជាខ្លាំង អ៊ីចឹងហើយប្រជាជន គួរតែដឹងថា មានអ្វីកើតឡើងនៅទីជនបទ នៅពេលដែលពួកគេចេញពីទីប្រជុំជន»។
លោក Mark បន្ថែមថា៖ «ការគាំទ្រដល់កុមារ និងក្រុមគ្រួសារក្រីក្រតាមរយៈអង្គការសួនមូលនិធិ ជាកម្លាំងចិត្ត ដែលជួយពួកយើង អាចរត់ទៅដល់គោលដៅនៅខេត្តសៀមរាប»។
គិតមកដល់ពេលនេះ ទឹកប្រាក់ដែលលោកទាំង ២ រៃអង្គាសបានមានចំនួនជាង ១០ ម៉ឺន ដុល្លារអាមេរិក ចាប់តាំងពីការរៃអង្គាសចាប់ផ្ដើមប្រមាណ ២ ខែ មុនការរត់ប្រណាំងចាប់ផ្ដើម។
លោក Matt ក៏បានលើកឡើងទៀតថា៖ «ប្រទេសកម្ពុជាគឺជាទីកន្លែង ដែលយើងទាំង ២ ធ្លាប់មកទស្សនាកាលពីអតីតកាល ហើយយើងពិតជាចូលចិត្តប្រទេសនេះណាស់។ Mark បានស្គាល់បុគ្គលិក ដែលធ្វើការនៅអង្គការសួនមូលនិធិ ហើយពួកយើងទាំង ២ ពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពដែលអង្គការនេះ កំពុងធ្វើ។ ប្រាក់រៃអង្គាសទាំងអស់ នឹងត្រូវផ្តល់ជាជំនួយទៅដល់គម្រោងរបស់អង្គការសួនមូលនិធិ នៅឆ្នាំក្រោយ ដើម្បីជួយដល់អ្នកភូមិ នៅស្រុកជីក្រែងក្នុងវិស័យសុខភាព ការអប់រំរបស់កុមារ ប្រព័ន្ធទឹកស្អាត និងកសិកម្ម»៕