ភ្នំពេញ៖ លោក Scott Neeson ស្ថាបនិក និងនាយកអង្គការមូលនិធិកុមារកម្ពុជា Cambodian Children''s Fund (CCF ) បានអះអាងថា លោកនឹងបន្តជួយដល់ស្ថាបនិកអង្គការ Happy Football Cambodia Australia (HFCA) លោក Paraic Grogan ដើម្បីឲ្យអង្គការនេះ មានលទ្ធភាពបន្តបណ្តុះបណ្តាលបាល់ទាត់ ដល់ក្រុមយុវជន គ្មានទីពឹងនៅកម្ពុជា ក្នុងការជំរុញឲ្យពួកគេ អាចក្លាយទៅជាកីឡាករ និងកីឡាការិនីអាជីពនាពេលអនាគត។
អតីតផលិតករភាពយន្តរឿង ហូលីវូត ជនជាតិស្កុតឡេន កាត់ អូស្រ្តាលី លោក Scott Neeson ដែលបានការបង្កើតអង្គការ CCF ដើម្បីជួយកែប្រែខ្សែជីវិតក្មេងៗកម្ពុជា រស់នៅលើគំនរសំរាមនៅស្ទឹងមានជ័យនោះ បានថ្លែងថា៖ «ការជួយដល់អង្គការ HFCA រយៈពេល ១០ ឆ្នាំនេះ គឺខ្ញុំចង់ផ្តល់ឱកាសឲ្យក្មេងក្នុងអង្គការនេះ បានលេងកីឡាបាល់ទាត់ ដើម្បីទទួលនូវសុខភាពរាងកាយ និងចង់ឲ្យពួកគាត់ ប្រើប្រាស់ពេលវេលានៃការរស់នៅឲ្យបានត្រឹមត្រូវ»។
លោក Scott ថ្លែងបែបនេះ នៅពេលលោកចូលរួមនៅក្នុងពិធីកម្រប់ខួប ១០ ឆ្នាំ នៃកិច្ចសហការប្រតិបត្តិការរួមគ្នាលើវិថីបាល់ទាត់ រវាង CCF និង HFCA នៅលើទីលាន Cool Sport Club កាលពីព្រឹកថ្ងៃសៅរ៍ ហើយក្រោយប្រកួតរវាងថ្នាក់ដឹកនាំ និងក្មេងៗមកពីអង្គការទាំង ២ នាថ្ងៃនោះ លោក Paraic Grogan ក៏បានប្រគល់ពានឆ្នើមដល់លោក Scott Neeson និងកីឡាការិនី ដាណេត ដែលដណ្តើមបានពានរង្វាន់កិត្តិយសប្រចាំឆ្នាំផងដែរ។
ទាំងទឹកមុខញញឹម លោក Scott Neeson បានបន្ថែមថា៖ «ខ្ញុំចង់រួមគ្នា ជាមួយ HFCA ដើម្បីលើកស្ទួយវិស័យកីឡា តាមរយៈការជួយក្មេងៗគ្មានទីពឹងទាំងនេះ ឲ្យបានលេងកីឡាបាល់ទាត់ ដោយផ្តល់ឲ្យពួកគាត់នូវវិជ្ជាជីវៈបាល់ទាត់ដ៏ពិតប្រាកដ តាមរយៈការប្រកួតផ្សេងៗ និងការបណ្តុះបណ្តាលនៅ HFCA ហើយអ្នកទាំងនេះ ក៏អាចនឹងក្លាយជាកីឡាករអាជីព នាពេលអនាគតផងដែរ ដូច្នេះកិច្ចសហការប្រតិការរួមគ្នារវាង CCF និង HFCA នឹងបន្តមានរយៈពេលយូរអង្វែង គឺអាច ៣០ ឆ្នាំ ទៅមុខទៀត»។
ចំណែកលោក Paraic Grogan បានថ្លែងថា៖ «តាមរយៈការជួបឧបត្ថម្ភរយៈពេល ១០ ឆ្នាំ ពី CCF នេះ បានជួយឲ្យអង្គការយើង ធ្វើបានការងារជាច្រើន ដូចជាការបើកវគ្គបណ្តុះបណ្តាលឲ្យក្មេងៗមកចូលរួមលេងកីឡា ទាំងការហ្វឹកហាត់ និងការប្រកួតផ្សេងៗ ហើយនេះជាសកម្មភាពចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ព្រោះក្មេងៗដែលយើងបានបណ្តុះបណ្តាលមួយចំនួន ក៏បានវិវឌ្ឍខ្លួនលេងនៅក្លិបអាជីព និងពាក់កណ្តាលអាជីពច្រើនផងដែរ»។
តាមរយៈការជួយឧបត្ថម្ភពី CCF របស់លោក Scott បានផ្តល់ឱកាសឲ្យអង្គការ HFCA មានលទ្ធភាពបង្កើតកម្មវិធីហ្វឹកហាត់ និងប្រកួតបាល់ទាត់ ដើម្បីឲ្យក្មេងៗរាប់រយនាក់ នៅអង្គការនេះអាចបង្កើនជំនាញផ្នែកបាល់ទាត់បន្ថែមទៅលើការសិក្សាជំនាញខ្លីរបស់ពួកគេពីមួយជំនាន់ ទៅមួយជំនាន់ ខណៈពេលនេះមានក្មេងៗចំនួន ២០០ នាក់ កំពុងទទួលបានឱកាសនេះជាបន្តទៀត។
ជាមួយគ្នានេះ ក្មេងៗគ្មានទីពឹងចំនួន ៦៥ នាក់ ត្រូវបានបញ្ជូនឲ្យទៅចូលរួមការប្រកួតពិភពលោកជនគ្មានទីពឹង (Homeless World Cup) បាន ១០ លើកហើយ ហើយនៅក្នុងនោះកីឡាករ ហែម ស្រេង បានក្លាយជាកីឡាករអាជីព ដោយបានលេងនៅក្លិបគិរីវង់សុខសែនជ័យ ខណៈ ម៉េង មុន្នីរ៉ា ក៏បានលេងនៅក្លិបបឹងកេត ផងដែរ។ ចំណែកកីឡាករជិត ៥០ នាក់ទៀត បានបង្ហាញខ្លួនលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្តាលអាជីព ហើយកីឡាការិនីជាង ៣០ នាក់ ក៏បានលេងនៅលីកកំពូលរបស់អង្គការមួយចំនួន តាមរយៈកិច្ចសហប្រតិបត្តិការរវាង CCF និង HFCA នេះផងដែរ។
នាយក HFCA លោក Paraic Grogan បន្ថែមថា៖ «ភាពជាដៃគូរបស់ CCF និង HFCA នៅពេលនេះកាន់តែមានភាពរឹងមាំ ដោយយើងបានបញ្ជូនក្រុមកីឡាកររបស់យើង ទៅប្រកួត Homeless World Cup ហើយការធ្វើការងារជាមួយ CCF គឺដូចគ្នានឹងធ្វើការងារជាមួយក្រុមជំនាញលំដាប់ខ្ពស់នៃបាល់ទាត់ ដែលធ្វើឲ្យយើងកាន់តែមានការរីកចម្រើន ហេតុនេះខ្ញុំចង់ឲ្យ CCF និង HFCA បានធ្វើការងារជាមួយគ្នាយូរអង្វែងទៀត ដើម្បីជួយដល់ក្មេងៗខ្វះទីពឹងនៅកម្ពុជា ដែលនេះជាគោលបំណងសំខាន់នៃភាពជា ដៃគូរបស់ពួកយើង»៕