ភ្នំពេញ៖ ​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ លោក​ ជា​ ប៊ុនហេង បាន​ផ្តល់​កម្រាល​ទីលាន​សម្រាប់​សហព័ន្ធ​កីឡា​ចំនួន ​២ ​គឺ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ដើម្បី​ត្រៀម​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ ​២០២០​ ហើយ​លោក​ក៏​បាន​ផ្តល់​ជូន​លោក​ព្រឹទ្ធាចារ្យ​ សាន​ គឹមស៊ាន ​ប្រធាន​បណ្ឌិត្យ​សភា​ល្បុក្កតោ​ ដើម្បី​រៀបចំ​ប្រតិបត្តិការ​បង្វឹក​អត្តពលិក​ជំនាន់​ក្រោយ នៅ​ឯ​ខេត្ត​សៀមរាប ​១ ​កន្លែង​ទៀត​ផង​ដែរ។

នៅ​ក្នុង​ពិធី​​ផ្តល់​កម្រាល​ នៅ​ទីលាន​ហ្វឹកហាត់​កីឡា​ហាប់គីដូ ​នា​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ​ក្នុង​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​កម្ពុជា ​កាល​ពី​ចុង​សប្តាហ៍​មុន ​លោក​ឧត្តម​សេនិយ៍​ឯក​ ជា ​ប៊ុនហេង​ ​បាន​ថ្លែង​ថា​៖ «​ដោយ​មើល​ឃើញ​ពី​ការ​​ប្រឹងប្រែង​របស់​កីឡា​ខ្មែរ​ហាប់គីដូ​ ក្នុង​ការ​ត្រៀម​រៀបចំ​ជើងឯក​ជាតិ​ឆាប់ៗ​ក្នុង​ឆ្នាំ​នេះ ​ហើយ​ដើម្បី​ឲ្យ​មាន​ទីលាន​ល្អ​កម្រិត​ស្តង់ដា​អន្តរជាតិ​នោះ ​ខ្ញុំ​សម្រេច​ចិត្ត​ទិញ​បំពាក់​នូវ​កម្រាល​ខ្នាត​ល្អ​ថ្មី ​ដែល​មាន​ទំហំ ១៣ ​ម៉ែត្រ​បួន​ជ្រុង ​ស្មើ​នឹង ​១៦៩ ​ម៉ែត្រ​ការ៉េ​ មាន​តម្លៃ ​៤ ​២២៥ ​ដុល្លារ​អាមេរិក​»។

លោក​បន្ថែម​ថា៖ ​«​ជាមួយ​គ្នា​នេះ ខ្ញុំ​​ក៏​បាន​ជួយ​លោក​តា​ សាន ​គឹមស៊ាន ​ព្រឹទ្ធាចារ្យ​កីឡា​ល្បុក្កតោ​ ដែល​គាត់​បាន​បង្កើត​សាលា​បណ្ឌិត​ល្បុក្កតោ​ ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជំនាន់​ក្រោយ​ ឬ​ជន​បរទេស​ និង​ចេញ​លិខិត​បញ្ជាក់​ពី​កម្រិត​ថ្នាក់​ក្រមា ​ពី​​កម្រិត​ខ្មៅ ​១ ជាន់​ ដល់ ​១០ ​ជាន់​ ហើយ​​ចំណាយ​សម្រាប់ ​២ ​ប្រភេទ​​កីឡា​នេះ​ គឺ​​អស់​ទឹក​ប្រាក់​​ជិត ​១ ម៉ឺន​ដុល្លារ បាន​មក​ពី​សម្តេច​ក្រឡា​ហោម ​ស ​ខេង ​ដែល​តែងតែ​លើក​ទឹក​ចិត្ត ​និង​​ធ្វើ​ឲ្យ​កីឡា​ក្រសួង​មហាផ្ទៃ​ មាន​សក្តានុពល​លំដាប់​ជួរ​មុខ ​លើ​ទូទាំង​ប្រទេស​សឹង​គ្រប់​ប្រភេទ​កីឡា»​។

លោក​បាន​បន្ថែម​ថា ​ដើម្បី​ធ្វើ​ឲ្យ​កីឡា​មាន​សកម្មភាព​រីក​ចម្រើន​ត្រូវ​​ហ៊ាន​លះបង់​កម្លាំង​កាយ​កម្លាំង​ចិត្ត ​និង​ធនធាន​ផ្ទាល់​ខ្លួន​ទៀត​ផង​។ ​ជាមួយ​គ្នា​នេះ​លោក​បាន​ចំអក​ឲ្យ​មន្ត្រី​ថ្នាក់​ដឹកនាំ​កីឡា​មួយ​ចំនួន ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖ ​«កាន់​ការ​ចង់​ដុះ​ស្លែ​ តែ​ប្រភេទ​កីឡា​នោះ​ មិន​ដែល​ទទួល​បាន​មេដាយ​ពី​អន្តរជាតិ​មក​ជូន​មាតុភូមិ​នោះ​ឡើយ​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ឈរ​បាន​ក្នុង​តំណែង​រហូត​ ដោយ​ធ្វើ​មាន ​ធ្វើ​បាន ​ពី​សកម្មភាព​កីឡា​ទៅ​វិញ​»​។

ចំណែក​លោក ​គង់ ​ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហាប់គីដូ ​បាន​ប្រាប់​​ថា​៖ «​អ្នក​ហាត់​កីឡា​ហាប់គីដូ ​ក៏​ដូច​ខ្ញុំ​ជា​គ្រូ​បង្វឹក​ផ្ទាល់ ​គឺ​តស៊ូ​តាំង​ពី​ហាត់ ​នៅ​ទីសាធារណៈ​អស់​​ពេល​ជាង ​១០ ​ឆ្នាំ ​ហើយ​ឥឡូវ​ទទួល​បាន​ទីលាន ​និង​កម្រាល​ហ្វឹកហាត់​កម្រិត​ស្តង់ដា​អន្តរជាតិ​ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ឯកឧត្តម​ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​។​ យើង​នឹង​យក​ទីលាន​នេះ ​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​ក្នុង​ពេល​ឆាប់ៗ ​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​អត្តពលិក​ឈាន​ទៅ​ឲ្យ​មាន​វត្តមាន​ក្នុង​ព្រឹត្តិកាណ៍​ស៊ីហ្គេម​ ២០២៣​»​។​

លោក ​សាន​ គឹមសាន ​ ​បាន​ថ្លែង​ថា​៖ «​សាលា​បណ្ឌិត្យ​សភា​ល្បុក្តតោ​ ដែល​តែងតែ​ផ្លាស់ប្តូរ​ទីតាំង​នេះ​ ពិត​ជា​មាន​ការ​ខ្វះខាត​នូវ​សម្ភារ ​ពិសេស​កម្រាល​ ដែល​ជា​កន្លែង​ហាត់​នេះ​ ព្រោះ​វា​​​មាន​តម្លៃ​ខ្ពស់​ណាស់​។​ ហេតុ​នេះ​ការ​​ឧបត្ថម្ភ​នេះ ​គឺ​ជា​ការ​ជួយ​ចំ​គោលដៅ​ណាស់ ​​ព្រោះ​ខ្ញុំ​កំពុង​តែ​ផលិត​ធនធាន​កីឡាករ​ឆ្នើម ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ដើម្បី​យក​ទៅ​បង្ហាត់​ដល់​សិស្សានុសិស្ស​ នៅ​តាម​សាលា​ ​ដោយសារ​សមត្ថភាព​របស់​គ្រូ​បង្វឹក​ល្បុក្កតោ​ត្រូវ​ផលិត​ចេញ​ពី​ទី​នេះ ​គឺ​ពី​ដៃ​ខ្ញុំ​ផ្ទាល់»​៕