The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គរ​ថាយហ្គឺរ តាំង​ចិត្ត​រក​ជ័យជម្នះ រីឯ​​ស្វាយរៀង ទាមទារ​យក ​៣ ពិន្ទុ




អង្គរ​ថាយហ្គឺរ តាំង​ចិត្ត​រក​ជ័យជម្នះ រីឯ​​ស្វាយរៀង ទាមទារ​យក ​៣ ពិន្ទុ

Content image - Phnom Penh Post
អ្នក​ចាំទី​របស់ណាហ្គាវើល ស៊ូ យ៉ាទី បាន​លោតទះ​បាល់ចេញ ពេល​ប្រកួតនឹងអង្គរថាយហ្គឺរ កន្លងមក។ CNCC

អង្គរ​ថាយហ្គឺរ តាំង​ចិត្ត​រក​ជ័យជម្នះ រីឯ​​ស្វាយរៀង ទាមទារ​យក ​៣ ពិន្ទុ

ភ្នំពេញ៖ ក្រុម​ទើប​ជួប​ការ​ខក​ចិត្ត​ខ្លាំង អង្គរថាយហ្គឺរ បាន​តាំង​ចិត្ត​រួម​គ្នា គឺ​ធ្វើ​យ៉ាង​ណា​ដណ្តើម​ឲ្យ​បាន ​៣ ពិន្ទុ ពី​ក្រុម​ណាហ្គាវើល ដើម្បី​កំណត់​ពី​ជោគវាសនា​របស់​ខ្លួន​នៅ​ក្នុង​ការ​​ប្រកួត​លីក​កំពូល​កម្ពុជា ចំណែក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង គិត​ត្រឹម​ដណ្តើម​ឲ្យ​បាន ​៣ ពិន្ទុ ​ពី​​ក្រុម​នគរបាលជាតិ សិន​គឺ​មិន​ផ្តោត​ខ្លាំង​ដល់​ការ​រក​ឲ្យ​បាន​គ្រាប់​បាល់​ច្រើន​នោះ​ទេ។

សម្រាប់​ការ​ប្រកួត​លីក​កំពូល​ ប្រចាំ​សប្តាហ៍​ទី ​១២ នៅ​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា គ្រប់​ក្រុម​ទាំង​អស់​សុទ្ធ​តែ​បាន​ជួប​បញ្ហា​ទៅ​លើ​ការ​ប្រមូល​កម្លាំង​ទៅ​លើ​កីឡាករ​ក្នុង​ស្រុក ខណៈ​ក្រុម​នីមួយៗ ទើប​តែ​ប្រកួត​ជម្រុះ​វគ្គ ​១៦ ​ក្រុម ពាន​រង្វាន់​សម្តេច ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​នោះ។

ជាមួយ​គ្នា​នោះ ​អង្គរថាយហ្គឺរ បាន​ទទួល​​ភាព​ជូរចត់​ជាង​គេ សម្រាប់​ការ​ប្រកួត​ជើង​ទី​១ ក្នុង​ពាន ​១ នេះ ខណៈ​ពួក​គេ​បាន​ចាញ់​ក្រុម​យុវជន​វិសាខា ដែល​លេង​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង ៣-២ ដ៏​មិន​គួរ​ឲ្យ​ចង់​ជឿ​នោះ។ លោក អ៊ុំ ករុណា លេខាធិការ​​ក្លិប​អង្គរ​ថាយហ្គឺរ បាន​​ប្រាប់​ថា ការ​ចាញ់​នោះ ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្លិប​ផ្ទាល់​មាន​ការ​អាក់អន់​ចិត្ត​ខ្លាំង ហើយ​នេះ​ជា​​អ្វី​ដែល អង្គរថាយហ្គឺរ ត្រូវ​ផ្តោត​ខ្លាំង​ចំពោះ​ការ​ជួប​ក្រុម​ណាហ្គាវើល​លើក​នេះ។

លោក អ៊ុំ ករុណា បាន​ប្រាប់​ថា៖ ​«និយាយ​ដោយ​ត្រង់ ណាហ្គាវើល គឺ​ជា​ក្រុម​ខ្លាំង​នៅ​ក្នុង​លីក​កំពូល ប៉ុន្តែ​ក្រុម​របស់​យើង ប្តេជ្ញា​ចិត្ត​ថា យើង​ធ្វើ​ម៉េច​ឲ្យ​ឈ្នះ ព្រោះបើ​យើង​​ចាញ់ គឺ​យើង​មិនបាន​​ចូល​ទៅ​ក្នុង​ Top6 ដែល​នឹង​មាន​សិទ្ធិ​បាន​ប្រកួត​ប្រជែង​យក​ពាន​នៅ​ជើង​ទី​២ ​នោះ​ទេ អ៊ីចឹង​យើង​ត្រូវ​ខំ​ប្រឹង​លេង​ឲ្យ​អស់​ពី​អ្វី​ដែល​យើង​មាន ដ្បិត​អី​ជំនួប​នេះ វា​ដូច​ទៅ​នឹង​ការ​​ប្រកួត​កាត់​សេចក្តី​ចុង​ក្រោយ​របស់​យើង​ដែរ ថា​តើ​យើង​នៅ​មាន​ឱកាស​​ប្រជែង​​ទៅ Top6 ឬ​អស់ ឱកាស​ត្រឹម​​​នេះ»។

យោងតាម​លទ្ធផល​ការ​ប្រកួត ​១០ ​លើក​មក​នេះ ​អង្គរ​ថាយហ្គឺរ ​បាន​ធ្លាក់​មក​ឈរ​នៅ​លេខ ​៧ មាន​ត្រឹម ​១៥ ពិន្ទុ ខណៈ​ក្រុម​កំពុង​ឈរ​នៅ​លេខ ​៦ ​ស្រាប់ គឺ​កងយោធពល​ខេមរភូមិន្ទ​ (ទ័ព) មាន ១៧ ពិន្ទុ ហេតុ​នេះ​បើ​សិន​ជា អង្គរ​ថាយហ្គឺរ អាច​បាន ៣ ពិន្ទុ​ពី​ណាហ្គាវើល គឺ​ពួក​គេ​នៅ​មាន​ឱកាស​អ៊ុត​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ ព្រោះ​នៅ​សប្តាហ៍​នេះ ទ័ព ក៏​ពិបាក​នឹង​រក​ការ​ឈ្នះ​ដូច​គ្នា ដោយសារ​ពួក​គេ​ត្រូវ​​ប្រឈម​ជាមួយ ភ្នំពេញ​ក្រោន ដែល​ត្រូវ​ការ​ឈ្នះ​ខ្លាំង​ដូច​គ្នា។

យ៉ាង​ណា​ក៏​ដោយ ឱកាស​ប្រជែង​ ​៣ ពិន្ទុ​របស់​ ​អង្គរ​ថាយហ្គឺរ នឹង​ត្រូវ​ប្រឈម​ឧបសគ្គ​យ៉ាង​ធំ ព្រោះ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល លោក មាស ចាន់ណា បាន​ប្រាប់​ថា ក្រុម​លោក​ក៏​នឹង​ខំ​ប្រឹង​លេង​ឲ្យ​បាន​ល្អ រក​ជ័យជម្នះ​ដូច​គ្នា ដើម្បី​ពង្រឹង​ភាគរយ​ក្នុង​ការ​ប្រជែង​យក​ពាន​ឡើង​វិញ បន្ទាប់​ពី​ភាគរយ​​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ​បន្តិច ក្រោយ​ចាញ់​ក្រុម​ស្វាយរៀង ២-០ កាល​ពី​សប្តាហ៍​មុន​នោះ។

ចំណែក​ក្រុម​ស្វាយរៀង អាច​នឹង​​រក​បាន​គ្រាប់​ច្រើន​នៅ​ពេល​ជួប​ក្រុម​នគរបាល​ជាតិ ដើម្បី​ពង្រឹង​ទីតាំង​លេខ ​១​ ពី​ការ​ប្រជែង​របស់​ក្រុម​បឹងកេត​ ព្រោះ​បឹងកេត ដែល​ទើប​លត់​ក្រុម​ខេត្ត​សៀមរាប ៥-០ ក្នុង​ពាន​សម្តេច​កាល​ពី​ម្សិលមិញ​នោះ គឺ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ ​៣ ពិន្ទុ ​ពី​ក្រុម​អាស៊ី​អឺរ៉ុប ខណៈ​ពេល​នេះ បឹងកេត មាន ​២៦ ពិន្ទុ តិច​ជាង ស្វាយរៀង ២ ពិន្ទុ តែ​ច្រើន​ជាង​ក្រុម​វិសាខា និង​ភ្នំពេញ​ក្រោន​ចំនួន ​៤ ពិន្ទុ​ដូច​គ្នា។

លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង​បាន​ប្រាប់​ថា៖​ «​ទោះ​ក្រុម​នគរបាល​ជាតិ​ទទួល​បាន​លទ្ធផល​មិន​សូវ​​ល្អ សម្រាប់​ការ​ប្រកួត​កន្លង​មក​នេះ តែ​យើង​​មិន​អាច​មើល​​ស្រាល​គូ​ប្រកួត​បាន​​ទេ ហើយ​យើង​ក៏​មិន​ទាន់​គិត​ដល់​ថា ត្រូវ​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​នោះ​ដែរ គឺ​សំខាន់​ យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ឈ្នះ​​ ៣ ពិន្ទុ​​សិន ដើម្បី​រក្សា​ទីតាំង​លេខ ​១ ​របស់​យើង»៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃសៅរ៍

-អង្គរ​ថាយហ្គឺរ v ណាហ្គាវើល កីឡដ្ឋាន SRU ៣:៣០
-អគ្គិសនី​កម្ពុជា v គិរីវង់ កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ៣:៣០
-ភ្នំពេញ​ក្រោន​ v ទ័ព កីឡដ្ឋាន RSN ៦:០០

៣ ​ប្រកួត​នៅ​ថ្ងៃអាទិត្យ

-យុវជន​ជាតិ​បាទី v សូលទីឡូអង្គរ មជ្ឈមណ្ឌល​បាល់​ទាត់ជាតិ​បាទី ៣:៣០
-អាស៊ីអឺរ៉ុប v បឹងកេត កីឡដ្ឋាន AEU ៣:៣០
-ស្វាយរៀង v នគរបាលជាតិ កីឡដ្ឋានខេត្តស្វាយរៀង ៦:០០

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។