The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​កីឡាករ លុយ ​វិបុល ​វិល​មក​បំពេញ​ការងារ​ប្រដាល់ ទោះ​បាន​កម្រៃ​តិច

អតីត​កីឡាករ លុយ ​វិបុល ​វិល​មក​បំពេញ​ការងារ​ប្រដាល់ ទោះ​បាន​កម្រៃ​តិច

Content image - Phnom Penh Post
អតីតកីឡាករ លុយ វិបុល បាន​​វិវឌ្ឍ​ខ្លួន​ទៅជាប្រធាន​វិនិច្ឆ័យ​ប្រ​ចាំ​សង្វៀន​ OWE។

អតីត​កីឡាករ លុយ ​វិបុល ​វិល​មក​បំពេញ​ការងារ​ប្រដាល់ ទោះ​បាន​កម្រៃ​តិច

ភ្នំពេញ៖ ​អតីត​អ្នក​ប្រដាល់​ឆ្នើម​លំដាប់​មធ្យម​ លុយ ​វិបុល ​ដែល​ធ្លាប់​ល្បី​ឈ្មោះ​ក្នុង​អំឡុង​ឆ្នាំ ​១៩៩៧​ និង​ជា​សិស្ស​ប្អូន​របស់​អតីត​កីឡាករ ​នួន ​ភារម្យ​ ពេល​ហ្វឹកហាត់​នៅ​​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ ​ក្រោម​ការ​ត្រួតត្រា​របស់​លោក ​មាស ​សុខគ្រី​ នោះ បាន​វិល​មក​កាន់​មុខ​របរ​ក្នុង​កីឡា​វិញ​ម្តង​ទៀត​ ដោយ​ទទួល​បាន​ឋានៈ​ជា​ជំនួយការ​ផ្គូរផ្គង ​និង​ជា​ពិធីករ​អត្ថាធិប្បាយ​ និង​ជា​ប្រធាន​វិនិច្ឆ័យ​ប្រចាំ​សង្វៀន​ OWE ដែល​មាន​ការ​ប្រកួត​រៀង​រាល់​យប់ ​នៅ​ផ្សារ​រាត្រី​ Miniso ក្រុង​សៀមរាប ​ខេត្ត​សៀមរាប។

ជុំវិញ​ការ​វិល​មក​​ចាប់​មុខ​របរ ​ក្នុង​សកម្មភាព​កីឡា​ប្រដាល់​​ជា​ថ្មី​នេះ លុយ វិបុល បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ក្នុង​បទសម្ភាស នៅ​ខេត្ត​សៀមរាប​​ថា លោក​មាន​ការ​​ពេញ​ចិត្ត​ខ្លាំង​ណាស់ បើ​​ទោះបីជា​ការងារ​នេះ ​ទទួល​បាន​កម្រៃ​​បន្តិច​បន្តួច​ក៏​ដោយ​ ប៉ុន្តែ​វា​ជា​ចំណង់​ចំណូល​ចិត្ត​​របស់​លោក។​

លុយ វិបុល និយាយ​ថា៖ ​«បច្ចុប្បន្ន​ ខ្ញុំ​មាន​អាយុ ​៤៥ ​ឆ្នាំ​ ហើយ​មាន​ទីលំនៅ​ភូមិ​ថ្មី ​ឃុំ​កៀន​សង្កែ​ ស្រុក​សូទ្រនិគម ​ខេត្ត​សៀមរាប​។ ​បើ​រំឭក​ពី​ប្រវត្តិ​កាល​ពី​ខ្ញុំ​នៅ​ជា​កីឡាករ​ប្រកួត ​គឺ​អាច​​និយាយ​បាន​ថា​ ខ្ញុំ​​មាន​លំដាប់​ជួរ​មុខ​មួយ​ដែរ​ ហើយ​អ្វី​ដែល​ខ្ញុំ​ចង​ចាំ​មិន​ភ្លេច ​គឺ​គ្រូ​បង្វឹក​ខ្ញុំ​ផ្ទាល់​ គឺ​សិស្ស​ច្បង​ នួន​ ភារម្យ​ ដែល​មើល​ថែ​ខ្ញុំ​ ខណៈ​​លោក​ មាស​ សុខគ្រី​ គ្រាន់​តែ​ជា​គ្រូ​ និង​អ្នក​គ្រប់គ្រង​ដោយ​ប្រយោល​»។​

អតីត​កីឡាករ លុយ វិបុល ​បាន​ចូល​ហ្វឹកហាត់​​ប្រដាល់ ​តាំង​ពី​ឆ្នាំ ​១៩៩៦ ​ជាមួយ​ លោក​ សេក​ គឹម​ស៊ន​ នៅ​ក្លិប​សឹក​រង​ខេត្ត​សៀមរាប ​និង​ទទួល​បាន​ភាព​​ល្បីល្បាញ​​គួរ​សម ​ហើយ​បន្ទាប់​លោក​បាន​ផ្លាស់​មក​ភ្នំពេញ​ ក្នុង​ក្លិប​លោក​គ្រូ ​មាស ​សុខគ្រី ​ដែល​មាន​លោក​គ្រូ ​នួន​ ភារម្យ​ ជា​អ្នក​បង្វឹក​ផ្ទាល់​ ចាប់​ពី​ឆ្នាំ ​១៩៩៧ ​ទៅ​។

ជុំវិញ​​នឹង​​ប្រវត្តិ​ប្រកួត​ ​លុយ ​វិបុល​ ​បាន​អះអាង​ថា​ ធ្លាប់​​ប្រកួត​បាន ​៤៣៨ ​ដង ឈ្នះ ​៤៣០ ​និង​ចាញ់​តែ ​៨ ​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ក៏​​ធ្លាប់​ប្រកួត​ប្រជែង​បាន​ត្រឹម​លំដាប់​លេខ ​២ ដែរ ​ប៉ុន្តែ​ការ​រួមរស់​ជា​ច្រើន​ឆ្នាំ ក្នុង​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ ​របស់​​លោក​ មាស​ សុខ​គ្រី នោះ គឺ លុយ ​វិបុល មិន​ទទួល​បាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​អ្វី​ឡើយ​​។

លោក​ លុយ​ វិបុល​ បាន​បន្ត​ថា៖​ «​ជំនាន់​នោះ​ ផ្លូវ​ពី​ខេត្ត​សៀមរាប ​ទៅ​ភ្នំពេញ​លំបាក​ណាស់​! ខ្ញុំ​នៅ​ចាំ​ថា​ ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ភ្នំពេញ​ ចំណាយ​ពេល​ច្រើន​ថ្ងៃ​ មាន​ជិះ​កាណូត​ផង ​និង​ជិះ​រទេះ​សេះ​ផង ​ហើយ​​ប្រាក់​តម្លៃ​ខ្លួន​ប្រកួត​បាន​តិច​តួច​​ទេ ប៉ុន្តែ​គុណភាព​សមត្ថភាព​អ្នក​ប្រដាល់​ជំនាន់​នោះ ​ពិត​ជា​ឆ្នើមៗ ​និង​ប្រកួត​អស់​ពី​កម្លាំង​កាយ​ចិត្ត ​ដោយ​គ្មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​នោះ​ឡើយ​»។

លោក ​​វិបុល បញ្ជាក់​ថា៖ ​«​ក្រោយ​មក​ ​ខ្ញុំ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្ប​ចម្រៀង​វិញ​ ហើយ​ចូល​ប្រឡង​ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​១​។ ​បន្ទាប់​មក​នៅ​ក្នុង​អំឡុង​ឆ្នាំ ​២០១២​ និង​ឆ្នាំ ​២០១៣​ ខ្ញុំ​ត្រូវ​បាន​លោក​ ម៉ា​ សេរី​ អតីត​ប្រធាន​គ្រប់គ្រង​កីឡា​នៅ​ CTN ​ផ្តល់​ឲ្យ​មក​បង្វឹក​កីឡាករ​ក្នុង​ក្លិប​ខ្លា​រខិន​មាន​រិទ្ធ ​ជាមួយ​លោក​គ្រូ ​សុខ ​វិជ័យ ​និង​អ្នក​គ្រូ​ ឡុង ​រ៉ាវី»។​

ក្រោយ​មក​ លោក​ លុយ វិបុល​ បាន​វិល​មក​ស្រុក​កំណើត​ ក្នុង​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ ​ព្រម​ទាំង​ទទួល​រៀបចំ​ប្រដាល់​ តាម​បុណ្យ​ តាម​វត្ត ​ឬ​ចូល​ឆ្នាំ ​នៅ​តាម​ខេត្ត​មួយ​ចំនួន​។​ សកម្មភាព​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​ជា​លោក​បាន​​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​នៅ​ភ្នំពេញ​ ប៉ុន្តែ​ការងារ​ប្រដាល់​នេះ ​លោក ​វិបុល ​នៅ​តែ​ផ្សារ​ភ្ជាប់​ខ្លួន​ជាប់​រហូត។

បន្ថែម​លើ​នេះ ​នៅ​​ឆ្នាំ ​២០១៧​ លោក​ លុយ វិបុល បាន​សម្រេច​ចិត្ត​សុំ​ច្បាប់​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ​បើក​ក្លិប​ប្រដាល់​យ៉ាង​កម្សត់​មួយ​ឈ្មោះ​ថា ​«​ទន្លេ​សាប​វិបុល​គុន​ខ្មែរ» ​ដែល​បច្ចុប្បន្ន​បាន​ផ្លាស់​ទៅ​នៅ​ភូមិ​ស្វាយ​ធំ​ សង្កាត់​សណ្តែក ​ស្រុក​បាគង​ ខេត្ត​សៀមរាប ​ដើម្បី​ប្រមូល​សិស្ស​។ ជាមួយ​គ្នា​នេះ លោក​​​ត្រូវ​បាន​សង្វៀន ​OWE​ ​ប្រគល់​តួនាទី​ជា​ពិធីករ​​អត្ថាធិប្បាយ​ផង ជា​ប្រធាន​វិនិច្ឆ័យ​ផង ​និង​ជា​ជំនួយការ ​ផ្គូរផ្គង​កីឡាករ​ផង​។​

ទោះបី​ជា​យ៉ាង​ណា លោក ​លុយ​ វិបុល​ បាន​បញ្ជាក់​ថា​៖ ​«នៅ​ខេត្ត​ មិន​ដូច​ភ្នំពេញ​ទេ​ ប្រភព​ពី​ចំណូល​ គឺ​តិច​ណាស់​ ប៉ុន្តែ​មុខ​របរ​នេះ​ជា​ភារកិច្ច ​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​។ ខ្ញុំ​មាន​ក្លិប​តែ​ខ្វះ​សម្ភារ​ហ្វឹកហាត់ ​គឺ​កម្សត់​ណាស់​ ​ព្រោះ​ប្រាក់​កម្រៃ​បាន​មក​ពី​ការងារ​នេះ ១ ​ពេល​បាន​ត្រឹម ​៥ ​ដុល្លារ​ប៉ុណ្ណោះ​៕​​

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។