ភ្នំពេញ៖ ​អតីត​អ្នក​ប្រដាល់​ឆ្នើម​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ ធ្លាប់​ផ្តួល​គូ​​ប្រកួត​ឲ្យ​សន្លប់​រាប់​មិន​អស់ ​ក្នុង​អំឡុង​ឆ្នាំ ​២០០០​ ភិន សុផល ដែល​បាត់​មុខ​ពី​ពិភព​ប្រដាល់​ជាង ​១៥ ​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​អតីត​ជើង​ខ្លាំង​​ជា​សិស្ស​ប្អូន​រួម​គ្រូ​នៃ​ក្លិប​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក ​ឡោ​ សំណាង​ នាំ​មក​ដល់​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​ការ​ជួយ​សង្គ្រោះ​ពី​សប្បុរសជន ខណៈ​ពេល​នេះ ភិន សុផល ​មាន​ជីវភាព​​ក្រីក្រ​តោក​យ៉ាក​ ស៊ី​ឈ្នួល​លក់​ពលកម្ម​ បោច​ស្មៅ​ បាញ់​ថ្នាំ ​នៅ​ជាយដែន​ព្រំ​ប្រទល់​ខេត្ត​ប៉ៃលិន ​និង​បាត់ដំបង ​ព្រម​ទាំង​​​បាន​​ពិការ​បំពង់​ក​និយាយ​លែង​បាន​នោះ​។

អ្នក​ប្រដាល់​ល្បីល្បាញ​ ភិន ​សុផល ​មាន​ស្រុក​កំណើត​ ​នៅ​ស្រុក​ស្វាយ​ប៉ោ​ ខេត្ត​បាត់ដំបង​។​ តាមរយៈ​ការ​ប្រកួត​នៅ​តាម​ជនបទ​ទទួល​បាន​ភាព​ល្បី​រន្ទឺ ​ក្នុង​អំឡុង​ឆ្នាំ ​១៩៩៦​ ដល់​ឆ្នាំ ​២០០៣ ​នោះ ​នាំ​ឲ្យ​ ភិន ​សុផល ​បាន​ក្លាយ​ខ្លួន​មក​នៅ​ក្លិប​កង​រាជ​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ ដែល​មាន​លោក​ ទ្រឿង ​សុសសាយ​ ជា​គ្រូ​បង្វឹក ​នៅ​ឯ​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នោះ​ ក្លិប​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​ប្រជុំ​ដោយ​កីឡាករ​លំដាប់​ខ្លាំង​នោះ ​ត្រូវ​បាន​គេ​ប្រគល់​​ក្របខ័ណ្ឌ​ជា​កង​អាវុធហត្ថ​ដល់​កីឡាករ​លំដាប់​ឆ្នើមៗ​ជួរ​មុខ​មាន​ដូច​ជា​ ភិន ​សុផល​, ជ័យ ​កុសល​, ​ឡោ ​សំណាង​ និង ​វ៉ន ​វីវ៉ា​។ ​ទោះ​ជា​មាន​ភាព​ល្បីល្បាញ​ខ្លាំង​​ តែ ​ភិន​ សុផល ​ មិន​ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់​នោះ​ឡើយ ​គឺ​បាន​ត្រឹម​ជើងឯក​រង​ប៉ុណ្ណោះ​ ព្រោះ​ការ​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ចំនួន ​២ ​លើក ភិន សុផល បាន​​ចាញ់​អតីត​កីឡាករ ​អូត ​ភូថង​ ម្តង ​និង​ចាញ់ ​នួន ​សូរិយា ​ម្តង​។​

អតីត​អ្នក​ប្រដាល់​ឆ្នើម​ជំនាញ​ជង្គង់ ​និង​កែង​ជា​សិស្ស​ប្អូន ​ឈ្មោះ​ ឡោ​ សំណាង បាន​​​ប្រាប់​ថា​៖ «​ខ្ញុំ​បាន​ស្គាល់​ភ្នំពេញ​ និង​ក្លាយ​ជា​អ្នក​​ល្បី​ល្បាញ​មួយ​រូប​ ដោយសារ​បង ​ភិន​ សុផល ​នាំ​ខ្ញុំ​មក ​ប៉ុន្តែ​ក្រោយ​ពី​ពួក​យើង​ត្រូវ​បាន​គេ​ដក​ក្របខ័ណ្ឌ​វិញ​អស់​ ចំនួន​ ​៣ ​នាក់ ​គឺ​មាន​ខ្ញុំ​ ឡោ​ សំណាង​ បង ​ជ័យ ​កុសល​ និង​បង ​ភិន ​សុផល​ នេះ ​ពួក​យើង​បែក​គ្នា​រយៈពេល ​១៥ ​ឆ្នាំ​ហើយ​ ដោយ​គ្មាន​ទទួល​បាន​ដំណឹង​អ្វី​សោះ»​។

ឡោ​ សំណាង​ ​បន្ថែម​ថា៖ ​«​​ខ្ញុំ​បាន​ចំណាយ​ពេល​ទៅ​រក​គាត់ ​(ភិន ​សុផល) ​ជា​ច្រើន​ថ្ងៃ​ ហើយ​ខ្ញុំ​បាន​រក​ឃើញ​គាត់ នៅ​ក្នុង​ទី​ជនបទ​មួយ​ ក្នុង​ភូមិ​ត្រក ​ស្រុក​រតន​មណ្ឌល​ ជាប់​ព្រំ​ប្រទល់​ខេត្ត​ប៉ៃលិន គឺ​ស្ថិត​​ក្នុង​តំបន់​ព្រៃ​ឆ្ងាយ​ពី​អ្នក​ភូមិ​ដទៃ។ ​នៅ​ក្នុង​ស្ថានភាព​ដែល​ខ្ញុំ​បាន​ជួប​ផ្ទាល់​ភ្នែក ​ឃើញ​ជីវភាព​របស់​គាត់​លំបាក​ និង​ពិការ​ផង​នោះ ​ខ្ញុំ​បាន​​សម្រេច​ចិត្ត​នាំ​គាត់​មក​រាជធានី​ភ្នំពេញ​ជា​បណ្តោះ​អាសន្ន​ ដើម្បី​ស្វែងរក​ការ​អាណិត​អាសូរ​ពី​សប្បុរសជន​សង្គ្រោះ​ជីវភាព​របស់​គាត់​ឲ្យ​បាន​ប្រសើរ»​។

ឡោ​ សំណាង បាន​បញ្ជាក់​ថា៖ ​«​​គាត់​និយាយ​មិន​ចេញ​ទេ គឺ​​បាន​តែ​កាយ​វិការ ​និង​សរសេរ​បាន​ខ្លះ​ ​ព្រោះ​កាល​ពី​ឆ្នាំ ​២០០៦​ ពេល​​គាត់​បាត់​ខ្លួន​​ពី​ពិភព​ប្រដាល់​នោះ ​គាត់​មាន​បញ្ហា​ជាមួយ​ប្រពន្ធ​ ​ហើយ​​គាត់​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​អារ​បំពង់​ក ​ប៉ុន្តែ​មិន​ស្លាប់​ ដោយ​ពេទ្យ​សង្គ្រោះ​ទាន់​ និង​ដាក់​ឧបករណ៍​ដក​ដង្ហើម​តាម​បំពង់​ក​ដល់​សព្វ​ថ្ងៃ​នេះ»​។

តាមរយៈ​លោក​ ឡោ​ សំណាង​ ​បាន​ឲ្យ​ដឹង​ថា៖ ​«​​អ្វី​ដែល​បង ភិន សុផល ​ចង់​បាន ​គឺ​អណ្តូង​ស្នប់​មួយ ​ដែល​អាច​​​ឲ្យ​​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ក្បែៗ​គ្នា​ចំនួន​ ​១១ ​គ្រួសារ​ នៅ​ក្នុង​ព្រៃ​នោះ ​ប្រើ​បាន ​ហើយ​​គាត់​ចង់​បាន​ត្រឹម​ថវិកា​បន្តិច​បន្តួច ​ដើម្បី​សង់​ខ្ទម​មួយ​គ្រាន់​ស្នាក់នៅ​ ដោយ​មិន​វិល​មក​ភ្នំពេញ​វិញ​ទេ​»។​

គួរ​រំឭក​ថា​ ​គិត​មក​ដល់​បច្ចុប្បន្ន ​ក្លិប​ប្រដាល់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​​ធ្លាប់​មាន​កីឡាករ​ល្បីល្បាញ​នោះ ត្រូវ​បាន​បាត់​ឈ្មោះ​ បន្ទាប់​ពី​លោក​គ្រូ​បង្វឹក ​ទ្រឿង ​សុសសាយ ​បាន​ស្លាប់​ កាល​ពី​ចុង​ឆ្នាំ ​២០១១​ ហើយ​កីឡាករ​ល្បី​ៗ ​និង​ឆ្នើម​ៗ​មួយ​ចំនួន​ដូច​ជា ​ជ័យ ​កុសល​, ឡឹក ​វិបុល​, សឹង្ហ​ វិច្ឆិកា​, ឡោ​ សំណាង​, សៅ ​ប៊ុននឿន​, ភិន ​សុផល វ៉ន វីវ៉ា ជា​ដើម​នោះ បាន​​ចែក​ផ្លូវ​គ្នា​អស់​មក​ដល់​បច្ចុប្បន្ន​៕​​