ភ្នំពេញ៖ អតីត​ជើង​ខ្លាំង​លំបាក​រក​គូ​ប្រៀប ឡៅ ស៊ីណាត ដែល​បាន​បញ្ចប់​អាជីព ក្រោយ​ជួប​គ្រោះ​បាក់​ស្មង​ជើង​នោះ ​គឺ​បាន​និង​កំពុង​បន្ត​អាជីព​ជា​គ្រូ​ជំនួយ​ឱ្យ​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​មាន​មុខរបរ​បន្ថែម​ជា​ចៅក្រម​អាជ្ញាកណ្តាល​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ប្រចាំ​នៅ​សង្វៀន​បាយ័ន បែប​សាមញ្ញ​ដោយ​មិន​បាន​សល់​អ្វី​ជា​ដុំ​កំភួន​ដូច​កីឡាករ​ល្បី​ជំនាន់​ក្រោយៗ​នោះ​ទេ ហើយ ​ស៊ីណាត ដែល​បាន​ក្របខ័ណ្ឌ​ក្នុង​កងយោធពល​ខេមរភូមិន្ទ​នោះ ក៏​មិន​ទាន់​មាន​ស័ក្តិ ដូច​អ្នក​ជំនាន់​ក្រោយ​ដែរ។

នៅ​ក្នុង​កំណត់ត្រា​ជា​កីឡាករ​ជួរ​មុខ​របស់​កម្ពុជា ឡៅ ស៊ីណាត ធ្លាប់​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ២ ស្ថាប័ន គឺ​ខ្សែ​ក្រវាត់​ស្រា​សាច់ដុំ ទម្ងន់ ៦០ គីឡូក្រាម នៅ​សង្វៀន​ CTN និង​ខ្សែ​ក្រវាត់​អន្តរជាតិ​ទម្ងន់ ៦៣,៥ គីឡូក្រាម នៅ​សង្វៀន​បាយ័ន។ ទោះ​យ៉ាងណា ឡៅ ស៊ីណាត បាន​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​នៅ​ឆ្នាំ ២០១៥ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​បាក់​ឆ្អឹង​ស្មងជើង​ឆ្វេង​នៅ​សង្វៀន​បាយ័ន គឺ​ពេល​ប្រកួត​លក្ខណៈ​អន្តរជាតិ ជាមួយ​កីឡាករ​ថៃ យ៉ត សាយ៉ាម។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ ​ភ្នំពេញ ប៉ុស្តិ៍ ឡៅ ស៊ីណាត បាន​ប្រាប់​ថា៖ «ខ្ញុំ​មាន​ភរិយា និង​កូន​ចំនួន ៣ នាក់ ក្នុង​បន្ទុក​មាន​ជីវភាព​សាមញ្ញៗ​ធម្មតា ដោយ​គ្មាន​សល់​អ្វី​ជា​ដុំ​កំភួន​ទេ។ ខ្ញុំ​ទទួល​បាន​ក្របខ័ណ្ឌ​ជា​កងទ័ព រយៈពេល​ជាង ១០ ឆ្នាំ​មក​ហើយ តាមរយៈ​អ្នក​ប្រដាល់​ល្បីល្បាញ​ប្រកួត​តំណាង​ឱ្យ​អង្គភាព ប៉ុន្តែ​ខ្ញុំ​នៅ​មិន​ទាន់​បាន​ស័ក្តិ ១ នៅ​ឡើយ គឺ​មិន​ដូច​សិស្ស​ប្អូន​ខ្លះ បច្ចុប្បន្ន​ចូល​ក្របខ័ណ្ឌ​ប៉ូលិស​បាន​ត្រឹម ១ ឆ្នាំ មាន​ស័ក្តិ​ធំៗ​ណាស់»។

អតីត​ជើង​ខ្លាំង​រូប​នេះ បាន​រំឭក​ពី​ប្រវត្តិ​ប្រកួត​របស់​ខ្លួន​ថា៖ «ខ្ញុំ​ល្បីល្បាញ​ក្នុង​ឆ្នាំ ២០០២ គឺ​ឈ្នះ​កីឡាករ ឡុង សុភី ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​សាច់ដុំ និង​ឈ្នះ​ខ្សែ​ក្រវាត់​ជាមួយ​កីឡាករ​បរទេស​ទម្ងន់ ៦៣,៥ គីឡូក្រាម។ ខ្ញុំ​នៅ​ចងចាំ​ថា ខ្ញុំ​ឡើង​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​បាន​ជោគជ័យ​ចំនួន ៣ លើក គឺ​ឈ្នះ វ៉ាន់ ចាន់វៃ មក​ពី​ក្លិប​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លើក​ទី២ ឈ្នះ​កីឡាករ នួន ភីរក្ស មក​ពី​ក្រសួង​មហាផ្ទៃ និង​លើក​ទី៣ ឈ្នះ សារឹម វ៉ាន់​ថន មក​ពី​ក្រសួង​ការពារ​ជាតិ»។

អតីត​កីឡាក​ឆ្នើម​រូប​នេះ​បន្ថែម​ថា៖ «កីឡាករ​ល្បី​ជំនាន់​ខ្ញុំ បាន​តម្លៃ​ខ្លួន​ប្រកួត​នៅ​តិចតួច​ទេ ហើយ​បើ​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​បរទេស​លក្ខណៈ​អន្តរជាតិ​វិញ មាន​មនុស្ស​មើល​ច្រើន​បំផុត ប៉ុន្តែ​តម្លៃ​ខ្លួន​ប្រកួត​ប្រហែល ១០០ ដុល្លារ គឺ​មិន​ដូច​បច្ចុប្បន្ន​ឡើយ ដែល​កីឡាករ​ល្បីៗ អាច​ទទួល​បាន​រហូត​ដល់ ១ ០០០ ដុល្លារ ​ជាង​ក៏​មាន​ដែរ»។

ឡៅ ស៊ីណាត បញ្ជាក់​ថា៖ «ជីវិត​ខ្ញុំ​សាមញ្ញ​ទេ គ្មាន​លុយ​កាក់​អ្វី​សល់​ពី​ប្រដាល់​នោះ​ឡើយ គឺ​មាន​តែ​ប្រាក់​ខែ​ពី​អង្គភាព​ក្នុង​ឋានៈ​ជា​គ្រូ​បង្វឹក​ជំនួយ និង​ប្រាក់​ចំណូល​ពី​ធ្វើ​ចៅក្រម​អាជ្ញាកណ្តាល​ឱ្យ​ការ​ប្រកួត​នៅ​សង្វៀន​បាយ័ន គឺ​មាន​ជីវភាព​លំបាកលំបិន​ធម្មតា​សាមញ្ញ ​និង​មាន​សេចក្តីសុខ ប៉ុន្តែ​បញ្ហា​មុខរបរ​ប្រដាល់ ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ខ្ញុំ​សល់​ស្នាម​របួស​ច្រើន​កន្លែង ចំណែក​បាក់​ឆ្អឹង​ស្មង​ជើង បាន​ជា​សះស្បើយ តែ​វា​មិន​អាច​ដូច​ដើម​ទេ ហើយ​ខ្ញុំ​ក៏​មិន​ហ៊ាន​ទាត់​ខ្លាំង​ដែរ»។

ទោះជា​យ៉ាងណា ឡៅ ស៊ីណាត បាន​ជំរុញ និង​បណ្តុះបណ្តាល​ប្អូនៗ​របស់​ខ្លួន​បាន​ល្អ គឺ ឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា ឱ្យ​ក្លាយ​ជា​កីឡាករ​ឆ្នើម ល្បី​ឈ្មោះ និង​រក​បាន​ប្រាក់​ចំណូល​ពី​ការ​ប្រកួត​ច្រើន​ជាង​ជំនាន់​មុន។ ប៉ុន្តែ​ចំពោះ ស៊ីណាត ផ្ទាល់​រក​មិន​ទាន់​ជោគជ័យ​ទេ។ ស៊ីណាត បន្ថែម​ថា៖ «ធម្មតា​យើង​ធ្លាប់​ឆ្លង​កាត់​ជា​កីឡាករ ឬ​គ្រូបង្វឹក​អ៊ីចឹង ក៏​មាន​ចិត្ត​ចង់​មាន​ក្លិប​ផ្ទាល់​ខ្លួន​មួយ សម្រាប់​បង្វឹក​ក្រៅ​ម៉ោង​ការងារ​ដែរ ​ដើម្បី​ភ្ជាប់​និស្ស័យ​ក្នុង​វិស័យ​កីឡាប្រដាល់​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​មាន​នៅ​ឡើយ ផ្ទុយ​ពី​នេះ​អ្នក​ជំនាន់​ខ្ញុំ​ភាគ​ច្រើន គេ​មាន​លទ្ធភាព​បើក​ក្លិប​បាន ដោយ​មាន​អ្នក​ជួយ​ឧបត្ថម្ភ»៕