អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ស្រា​ផែន​ដី ក្នុង​ប្រភេទ​​ទម្ងន់ ៦០ គីឡូក្រាម​ឆ្នាំ ២០០៦ រ៉េវ​វិរ័ត្ន​ដែល​បច្ចុប្បន្នបាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ទៅ​ជា​ចៅក្រម​អាជ្ញា​កណ្តាល​របស់​​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ​ទៅ​ហើយ​នោះ ​​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ហើយ​​កំពុង​តែ​ប្រមូល​ផ្តុំ​សម្រាក​ព្យាបាល​នៅ​កន្លែង​ម៉ូឌែន ២ សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌ​មានជ័យ​​រាជធានី​ភ្នំពេញ​ ចំណែកការ​ស្នាក់​នៅ​ហូប​ចុក​និង​ព្យាបាល​ស្ថិត​ក្នុង​បន្ទុក​របស់​រាជរដ្ឋាភិបាល។

នៅក្នុងអំឡុងការ​ព្យាបាល​ជំងឺកូវីដ ១៩ នេះ ​រ៉េវ​វិរ័ត្ន​អះអាង​ថា​ ក្រុម​គ្រូពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​និង​ថែទាំ​បាន​ល្អ​ប៉ុន្តែ​អ្វី​ដែល​លំបាក​វេទនា​បំផុត​ទប់​ទឹក​ភ្នែក​មិន​បាន​នោះ​គឺ​ប្រពន្ធ​និង​កូន​របស់​លោក​ដែល​មាន​គ្នា​ចំនួន ៤ នាក់​នៅ​ឯ​ផ្ទះ។ អ្នកទាំង ៤​ ​មិន​ឆ្លង​កូវីដ ១៩ ទេ​ប៉ុន្តែ​ប្រឈម​គ្មាន​អ្វី​ហូប​ប្រចាំ​ថ្ងៃ​ទេ​ពោល​គឺ​លំបាក​ខ្លាំង​ណាស់​ចំណែក​បងប្អូន​របស់​លោក​ដែល​សុទ្ធ​តែ​មាន​មុខ​របរ​ប្រដាល់​នោះ​គ្មាន​លទ្ធភាព​ជួយ​គ្នា​បាន​ទេ។

អតី​ត​កីឡាករ​ជើង​ខ្លាំង​វ៉េវ​វិរ័ត្ន​ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ថា ម៉ាង សុភ័ណ្ឌ ជា​កូនទី ៣ របស់​លោក​គ្រូ​ប្រដាល់​ម៉ាង​ម៉ន​​ ហើយ​គេ​​ធ្លាប់សាង​ភាព​ល្បី​ល្បាញ​លើ​សង្វៀន​ក្នុង​អំឡុង​ឆ្នាំ ២០០០ និង​ធ្លាប់​​ឈ្នះ​ខ្សែ​ទម្ងន់ ៦០ គីឡូក្រាម​ពី​ស្រា​ផែនដី​នៅ​សង្វៀន CTN នា​​ថ្ងៃ​ទី ១៧ ខែ​ឧសភា​ឆ្នាំ ២០០៦ ក្រោយ​​យក​ឈ្នះ​ម៉ៃ​សុជាតិ។

​យ៉ាង​ណា​ក៏ដោយ​ ដោយសារ​វ័យ​កាន់​តែ​ចាស់​ប្រ​កួត​បន្ត​លែង​កើត​រ៉េវ​វិរ័ត្ន​បាន​វិវឌ្ឍខ្លួន​​ជាប់​ជា​អាជ្ញា​កណ្តាល​ចៅក្រម​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ប៉ុន្តែ​ក្នុង ១ សប្តាហ៍​គេ​ផ្តល់​ឱកាស​ឱ្យ​​ធ្វើ​ការ​បាន​តែ ១ ពេល (១​ប្រកួត​ឬ ១ ប៉ុស្តិ៍​) ហើយ​​​ទទួល​បាន​តម្លៃ​ពលកម្ម​តែ​ជាង ១០ ដុល្លារ​ប៉ុណ្ណោះ។

លោក​រ៉េវ​​វិរ័ត្ន​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​៖ «​ខ្ញុំ​ត្រូវ​បាន​ពេទ្យ​រក​ឃើញ​មេរោគ​កូវីដ ១៩ កាល​ពី​ថ្ងៃ​ទី ៦ ខែ​ឧសភា​ឆ្នាំ​២០២១​។​ពី​ដំបូង​ខ្ញុំ​ជាប់​ការ​សង្ស័យ​ក្រោយ​ពេល​ជួប​អ្នក​កាសែត​ម្នាក់​ដែល​ផ្ទុក​កូវីដ ១៩ បន្ទាប់​មក​ខ្ញុំ​ពិនិត្យ​ចំនួន ២ លើក​គឺ​ថ្ងៃ ១៦ និងទី​ ​២៨ ខែ​មេសា​ ហើយ​គ្មាន​ឃើញ​កើត​ទេ​ប៉ុន្តែ​ពិនិត្យ​ម្តង​ទៀត​ នាថ្ងៃ​ទី ៤ ខែ​មេសា​ទើប​មាន​ផ្ទុក​ជំងឺ​កូវីដ​នេះ»។

​«ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​មាន​សុខ​ភាព​ល្អ​ដូច​គ្មាន​ឈឺ​ទេ​ហើយ​ការ​ហូប​ចុក​ស្នាក់​នៅ​និង​ថ្នាំ​ព្យាបាល​គឺ​ល្អ​ណាស់​ ដោយ​គេ​យក​ចិត្ត​ទុក​ដាក់​ល្អ​​មិន​លំបាក​ឡើយ។ ​១ ថ្ងៃ​បាន​បាយ ៣ ពេល​ និង​មាន​បង្អែម​ទៀត​គឺ​ក្នុង​បន្ទប់​ធំ​មួយ​មាន​គ្នា ៤០ នាក់​នៅ​ម៉ូឌែន ២ សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ»។​

អតីត​ម្ចាស់ខ្សែ​ក្រវាត់​រូបនេះ បានបន្ថែម​ថា៖ «​អ្វី​ដែល​ខ្ញុំ​ព្រួយ និង​លំបាក​នោះ​គឺ​ប្រពន្ធ​និង​កូន​ៗ​ខ្ញុំ​៣​នាក់​ទៀត​នៅ​ឯ​ផ្ទះ​សង្កាត់​ក្បាល​កោះ​ខណ្ឌ​ច្បារអំពៅ​ ដោយ​មាន​ជីវភាព​លំបាក​ខ្លាំង​ណាស់​គ្មាន​អ្វី​ហូប​ទេ​។​កាល​ពី​ខ្ញុំ​មិន​ទាន់​ចូល​ព្យា​បាល​ខ្ញុំ​ធ្វើ​កម្មករ​​សំណង់​ខ្លះ​រក​នេសាទ​ត្រី​ខ្លះ​តាម​បឹង​មួយ​ចំនួន​បាន​ខ្លះ​លក់​យក​លុយ​ជួយ​គ្រួសារ​បាន​ហូប ១ ថ្ងៃ​ទៅ ១ ថ្ងៃ​តែប៉ុណ្ណោះ​ប៉ុន្តែ​ពេល​នេះ​ឆ្លង​កូវីដ​អ៊ីចឹង​​គ្រួសារ​ខ្វះ​ខាត​ណាស់»។​​

រ៉េវ វិរ័ត្ន ពេលថតជាមួយប្រពន្ធ និងកូនៗ កន្លងមក ខណៈពេលនេះ គ្រួសារនេះកំពុងជួបទីទ័លក្រខ្លាំង រហូតរកបាយហូបប្រចាំថ្ងៃមិនចង់គ្រប់។

ទាំងសំឡេងអួលដើមក រ៉េវ វិរ័ត្ន បាន​បញ្ជាក់​ថា៖ «ពេល​ខ្ញុំ​ទូរស័ព្ទ​​ទៅ​ប្រពន្ធ​មាន​តែ​ទឹក​ភ្នែក​​គ្រប់​ពេល ព្រោះ​មិន​ដឹងថា ​បាន​អ្វី​ជួយ​ដល់​គ្រួសារ​ និង​កូន​ៗ​មាន​ហូប​ដូច​គេ​ឬ​មាន​អាហារ​ហូប​គ្រប់គ្រាន់​។​មួយ​ជីវិត​ខ្ញុំ​ជា​កីឡាករ​ទោះ​ក្រ​លំបាក​យ៉ាង​ណា​ក៏មិន​ដែល​ត្អូញ​ត្អែរ​សុំ​ជំនួយ​​ពី​គេ​នោះ​ទេ​តែ​ពេល​នេះ​ខ្ញុំ​ដាច់​ចិត្ត​សុំ​ហើយ​ព្រោះ​ជាប់​កូវីដ​មិន​ទាន់​ជា»។​

ម៉ាង សុភ័ណ្ឌ បាន​បន្ត​ថា៖ «យ៉ាង​ណា​ក្តី​​ចំពោះ​​សុខ​ភាព​ខ្ញុំ​ល្អ​ធម្ម​តា​ហើយ​លោក​គ្រូពេទ្យ​ពិនិត្យ​លើក​ទី ១ គឺ​អស់​កូវី ១៩ ខ្ញុំ​ចាំ​ពិនិត្យ​លើក​ទី ២ និង​ទី ៣​ ទៀត​សិន​គឺ​អាច​នឹង​សង្ឃឹម​​ថា​នឹង​អស់​កូវីដ ១៩ ខ្ញុំ​អស់​ព្រួយ​ហើយ​។​ពេល​នេះ​ខ្ញុំ​ស្នើ​សុំ​ដល់​បង​ប្អូន​មិត្តភក្តិ​និង​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​ប្រដាល់​ ព្រមទាំង​សប្បុរស​ជន​មេត្តា​ជួយ​គ្រួសារ​ប្រពន្ធ​កូន​ខ្ញុំ​មួយ​រយៈពេល​នេះ ​ព្រោះ​មាន​ជីវភាព​ក្រីក្រ​លំបាក​មែន​ពេល​ដែល​គ្មាន​ខ្ញុំ​ជា​មេ​គ្រួសារ​នៅ​ជួយ»។​

គួ​រ​រំឭក​​​ថា​ នៅ​​ក្នុង​អំឡុង​ឆ្នាំ ១៩៩៨ និង​ឆ្នាំ ២០០០ រ៉េវ​វិរ័ត្ន​បាន​ស្វែង​រក​ការ​ហ្វឹកហាត់​ជាមួយ​ក្លិប​លោក​គ្រូ​ឈិត​សារឹម​នៅ​ស្តាត​ចាស់​ប៉ុន្តែ​គេ​មិន​ទទួល​យក​ឡើយ​។ ​ក្រោយ​មក​ រូបគេ​បាន​ប្តូរ​ឈ្មោះ​ពី​ម៉ាង​សុភ័ណ្ឌ​មក​ជា​រ៉េវ​វិរ័ត្ន​ ដើម្បី​កុហក​គេថា ជា​ប្អូន​របស់​រ៉េវ​វិរៈ ​ដែល​កីឡាករ​ឆ្នើម​ល្បី​ខ្លាំង​កាល​នោះ​នៅ​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​ទើប​គេ​ទទួល​ឱ្យ​​ចូល​ហាត់​ហេតុ​នេះ​ទើប​គេ​បាន​​ប្រើ​ឈ្មោះ​រ៉េវ​វិរ័ត្ន​ក្នុង​កីឡា រហូត​​មក​ដល់​បច្ចុប្បន្ន។

​និយាយ​ពី​ប្រ​វត្តិ​ប្រ​កួត​វិញ រ៉េវ វិរ័ត្ន ធ្លាប់​បាន​​ឆ្លង​កាត់​​ការ​​ប្រកួត​​ចំនួន ១០៣​ លើក​ឈ្នះ ៩០ ស្មើ ១​ និង​​ចាញ់​ត្រឹម ១២ ដង​ប៉ុណ្ណោះ​។​ដៃ​គូ​របស់​វិរ័ត្ន​ជំនាន់​នោះ​មាន​ឡុង​ភិន​,បឺត ​ខាំ​,សៅ​ប៊ុននឿន​,ទ្រី​គន្ធរ និង ម៉ៃ​សុជាតិ​ជា​ដើម​ដែល​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​ខ្លាំងៗ​ស៊េរី​ជួរ​មុខ។​

លោក​ម៉ាង​ម៉ន​ ដែល​ឪពុក​បង្កើត​របស់ រ៉េវ វិរ័ត្ន បាន​​និយាយ​ថា​៖ «​គ្រួសារ​ខ្ញុំ មាន​​មុខ​របរ​ជាអ្នក​ប្រដាល់​ អ៊ីចឹង​បើ​អត់​ប្រកួត​គឺ​ដាច់​បាយ​ហើយ​»។

លោក​បន្ត​ថា​៖ «មួយ​រយៈ​នេះ​ខ្ញុំ​រស់​មាន​ជីវភាព​បាន​ដោយ​សប្បុរស​ជន​និង​ថ្នាក់​ដឹក​នាំ​ជួយ​ទេ​ចំពោះ​វិរ័ត្ន​កូន​របស់​​ខ្ញុំ​នេះ​គ្នា​ខ្សត់​ណាស់​ហើយ​កន្លង​មក​មិន​ចេះ​ត្អូញត្អែរ​ទេ»។​

គ្រូ​ប្រដាល់​ជើងចាស់​រូបនេះ បានបន្ថែម​ថា៖ «បើ​វា​កុំ​ឆ្លង​កូ​វីដ ១៩ វា​រក​ត្រី​និង​ធ្វើ​ការ​ផ្សេងៗ​បាន​ចំណូល​ប៉ុន្តែ​ពេល​នេះ​មិន​ដឹង​ថា​មាន​នរណា​គេ​ជួយ​ទេ​ខ្ញុំ​បាន​ត្រឹម​អាណិត»។

តាម​រយៈ​ម៉ន​សាម៉េត​ជា​ប្អូនប្រុស បាន​​និយាយ​ថា៖ «​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ខកខាន​ប្រកួត​ជិត ៧ សប្តាហ៍​ហើយ​ហើយ​តាម​មើល​អាច​ច្រើន​សប្តាហ៍​​ច្រើន​ថ្ងៃ​បន្ត​ទៀត​។​ចំណែក​ខ្ញុំ​ជាប់​កុងត្រា​ជាមួយ​សង្វៀន​ហង្សមាស មិន​ដឹង​ពេល​ណា​គេ​បើក​វិញ​ទេ»។

យ៉ាងណាក៏ដោយ នៅក្រោយ​ទទួល​បាន​ដំណឹង​ថា រ៉េវ វិរៈ និង​គ្រួសារ ជួបការ​ខ្វះខាត​ខ្លាំង​នោះ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បាន​ចូលរួម​ឧបត្ថម្ភ​ដល់​គ្រួសារ​មួយ​នេះ​ចំនួន ២០ ម៉ឺន​រៀល ហើយ​ក៏បាន​ឧបត្ថម្ភ​ដល់​លោក ម៉ាង ម៉ន និង​កីឡាករ ម៉ន វិរៈ ដែល​ទើប​ជា​សះស្បើយ​ពីជំងឺ​កូវីដ ក្នុង​ម្នាក់ៗ​ចំនួន ២០ ម៉ឺន​រៀល​ផងដែរ៕​