
សពរបស់លោក ស្វាយ ឫទ្ធី ត្រូវបានតម្កល់ទុក នៅឯខេត្តបាត់ដំបង។ សហការី
ភ្នំពេញ៖ អតីតអ្នកប្រដាល់ឆ្នើមកម្រិតមធ្យម លោក ស្វាយ ឫទ្ធី ដែលបច្ចុប្បន្នបានវិវឌ្ឍខ្លួនមកធ្វើជាចៅក្រមអាជ្ញាកណ្តាលរបស់សហព័ន្ធប្រដាល់គុនខ្មែរ ដោយប្រចាំការ នៅសង្វៀនប្រដាល់ PNN និងសង្វៀន One TV នោះ បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ ខណៈលោកវិលត្រឡប់ពីស្រុកកំណើត នាភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឆ្ពោះមករាជធានីភ្នំពេញវិញ។
លោក ស្វាយ ឬទ្វី ដែលមានការងារស្នូលជាវរសេនីយ៍ទោទ័ពជើងគោកផងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវនៃទឹកដីខេត្តពោធិ៍សាត់។ អ្នកស្រី ស៊ឹម សាវ៉ាន់ ជាភរិយាដែលធ្វើដំណើរជាមួយបាននិយាយថា៖ «ក្រោយបុណ្យភ្ជុំ ខ្ញុំនឹងគាត់បានជិះ រថយន្តឈ្នួលពណ៌លឿងឆ្ពោះមក រាជធានីភ្នំពេញ ប៉ុន្តែមកដល់ចំណុចកើតហេតុរថយន្តបានបុកគ្នាក្រឡាប់បណ្តាលឲ្យគាត់មានរបួសក្បាលធ្ងន់ ហើយស្លាប់ភ្លាមតែម្តង»។
អ្នកស្រី ស៊ឹម សាវ៉ាន់ បានបន្តថា៖ «ហេតុការណ៍នេះធ្វើឲ្យខ្ញុំរន្ធត់ គឺវង្វេងវង្វាន់អស់ហើយក៏សម្រេចចិត្តថា ដឹកសពប្តីខ្ញុំត្រឡប់ទៅធ្វើបុណ្យនៅផ្ទះឪពុកម្តាយក្មេកវិញតែម្តង នៅឯភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ព្រោះខ្ញុំគ្មានទីពឹង គ្មានផ្ទះសំបែងផ្ទាល់ខ្លួននោះឡើយ»។
អ្នកស្រីបានបន្ថែមថា៖ «មុនពេលស្លាប់ ប្តីខ្ញុំធ្វើការនៅទ័ពជើងគោក និងជាចៅក្រមអាជ្ញាកណ្តាលរបស់សហព័ន្ធប្រដាល់គុនខ្មែរ បន្ថែមក្រៅម៉ោង នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយដោយគ្មានផ្ទះសំបែង អង្គភាពទ័ពជើងគោក បានផ្តល់កន្លែងឲ្យស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែពេលជួបហេតុការណ៍បែបនេះ ខ្ញុំពិតជាអស់ទីពឹងហើយ»។
ទោះជាយ៉ាងណា សម្រាប់បុណ្យសពរបស់ប្តីត្រូវបានអ្នកស្រីអះអាងថា មានបងប្អូនជិតឆ្ងាយចូលរួមច្រើន និងបានសម្តែងការអាណិតអាសូរខ្លាំង ក្នុងនោះមានលោកអ៊ំ តែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមេៗនៅទ័ពជើងគោកអាណិតចូលរួមជួយរំលែកទុក្ខផងដែរ។
លោក វ៉ែន សុផល គ្រូបង្វឹកក្រុមជម្រើសជាតិធ្លាប់ជាគ្រូបង្វឹករបស់ ស្វាយ ឫទ្ធី បានប្រាប់ថា ស្វាយ ឫទ្ធី កាលនៅជាកីឡាករ មានចរិតស្លូតបូត គោរពវិន័យល្អ។ គេជាកីឡាករល្អលំដាប់មធ្យម អាចលេងបានទាំងប្រដាល់សកល និងគុនខ្មែរ ហើយធ្លាប់ឈ្នះបានខ្សែក្រវាត់ក្នុងទម្ងន់ ៥១ គីឡូក្រាម នៅសង្វៀនប៉ុស្តិ៍លេខ ៣ ឆ្នាំ ២០០២។
ស្វាយ ឫទ្ធី ជាកីឡាករឆ្នើមជំនាន់កីឡាករ ជា តក់, បឺត ខាំ, អូត ភូថង, ជា តុន, ជា រក្សថុន, សេន ប៊ុនថេន, ឡុង វ៉ាន់ថន, ជា ពន្លឺ, ពេជ្រ អារុណ និង ពេជ្រ ប៊ុនធឿន ជាដើម។ លោក វ៉ែនសុផល បានបន្ថែមថា៖ «ស្វាយ ឫទ្ធី មិនធ្លាប់ជាប់ជម្រើសជាតិទេ តែប្អូនប្រុសចំនួន ២ នាក់របស់គេ មាន ស្វាយ ចាន់ថន និង ស្វាយ រដ្ឋា ធ្លាប់ជាជម្រើសជាតិប្រដាល់សកល»។
លោក តែម ម៉ឺន កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើដំណើរទៅចូលរួមរំលែកទុក្ខបុណ្យសពផ្ទាល់នៅឯខេត្តបាត់ដំបង ដើម្បីជួយឧបត្ថម្ភ និងលើកទឹកចិត្តភរិយា និងក្រុមគ្រួសារ។ លោក តែម ម៉ឺន បានប្រាប់ថា លោកមានការសោកស្តាយណាស់ ចំពោះគ្រោះថ្នាក់នេះ។
លោកបានប្រាប់ថា លោក ស្វាយ ឫទ្ធី មានអាយុ ៣៩ ឆ្នាំ ពាក់ស័ក្តិ ៤ បម្រើការនៅទ័ពជើងគោក ហើយក្រោយពីប្រកួតលែងកើត លោកបានមកធ្វើជាចៅក្រមអាជ្ញាកណ្តាលរបស់សហព័ន្ធ បម្រើការងារល្អ មិនដែលមានការខុសឆ្គង ឬជាប់ពិន័យនោះឡើយ៕