ក្រុង Ankara៖ អតីត​អ្នក​ចាំទី​ដៃ​ទី ​១ របស់​ក្រុម​ជម្រើស​ជាតិ​តួកគី គឺ​កីឡាករ Rustu Recber ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ ក្រោយ​ពី​ធ្វើ​តេស្ត​វិជ្ជមាន​​​វីរុស​កូរ៉ូណា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រពន្ធ​របស់​លោក​​ផ្ទាល់​តែ​ម្ដង​។​

កីឡាករ Rustu ដែល​ចំណាយ​ពេល​សឹង​ពេញ​មួយ​អាជីព ​ជាមួយ Fenerbahce ក្រុម​លំដាប់​កំពូល​នៅ​ប្រទេស​កំណើត​ខ្លួន​ឯង មុន​នឹង​ធ្វើ​ដំណើរ​ទៅ​​ចូលរួម​ជាមួយ​ក្លិប​យក្ស​នៅ​អេស្ប៉ាញ​ គឺ​​អ្នក​មាន​បុណ្យ Barcelona នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​ (២០០៣​-២០០៦​) តែ​គួរ​ឲ្យ​​ស្ដាយ​នៅ​ទី​នោះ ​គេ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ដោយ​បង្ហាញ​ខ្លួន​បាន​​តែ ៧ ​ប្រកួត​ប៉ុណ្ណោះ​។

អ្នក​ចាំ​ទី​វ័យ ​៤៦ ​ឆ្នាំ​ បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង ជួយ​ឲ្យ​ប្រទេស​​ តួកគី ជាប់​ចំណាត់​ថា្នក់​ទី ​៣ ក្នុង​ព្រឹត្តិការណ៍​ FIFA World Cup កាល​ពី​ឆ្នាំ ​២០០២ ដែល​ពេល​នោះ​ ប្រទេស ​ជប៉ុន និង​កូរ៉េខាងត្បូង ​ជា​សហ​ម្ចាស់​ផ្ទះ មុន​នឹង​រូប​គេ​សម្រេច​ចិត្ត​ព្យួរ​ស្រោម​ដៃ​របស់​ខ្លួន ពោល​គឺ​ចូល​និវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់​ទាត់ នៅ​អាយុ ៣៩ ឆ្នាំ ក្នុង​ឆ្នាំ ​២០១២ ជាមួយ​នឹង​ស្ថិតិ ១២០ ​លើក ក្នុង​នាម​ជា​អ្នក​ឈរ​ការពារ​គ្រាប់​បាល់​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​តួកគី។

ពាក់ព័ន្ធ​នឹង​ការ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​របស់ Rustu អ្នកស្រី Isil Recber ដែល​ត្រូវ​ជា​ភរិយា បាន​ឲ្យ​ដឹង​តាមរយៈ​បណ្ដាញ​សង្គម Instagram របស់​ខ្លួន​ថា​៖ ​«ខ្ញុំ​ចង់​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ​បន្ថែម​ដល់​អ្នក​ទាំង​អស់​គ្នា​​ គឺ​ការ​​ចែក​រំលែក​រឿង​ពិត​តាមរយៈ​វិធី​ដ៏​មាន​តម្លាភាព​បំផុត។ ខ្ញុំ​សោកស្ដាយ​ ដែល​ត្រូវ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា​ ប្ដី​របស់​ខ្ញុំ​ Rustu ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ដោយសារ​មាន​ជំងឺ​កូវីដ ​១៩​»​។ ​​​​

តាមរយៈសារ​តាម Instagram នោះ លោកស្រី​​ Isil សរសេរ​បន្ត​ថា​៖ ​«​យើង​ស្រឡាំង​កាំង​មែន​ទែន ពេល​រោគ​សញ្ញា​វិវឌ្ឍ​លឿន​ហួស​ពី​ការ​ស្មាន​បែប​នេះ ខណៈ​ដំបូង​ឡើយ គ្រប់​យ៉ាង​នៅ​ធម្មតា​សោះ។ នេះ​ជា​ពេល​វេលា​ដ៏​លំបាក និង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ សម្រាប់​ពួក​យើង​។ សូម​​ព្រះ​ជា​ម្ចាស់​ជួយ​ឲ្យ​អ្នក​ជំងឺ​ទាំង​អស់​ឲ្យ​​ធូរ​ស្រាល​ឆាប់ៗ ជា​ពិសេស​ប្ដី​សំណព្វ​របស់​ខ្ញុំ​»​។

ស្ត្រី​វ័យ ​៤២ ​ឆ្នាំ រូប​នេះ បាន​សរសេរ​បន្ថែម​ថា​៖ ​«​សំណូម​ពរ​តែ​មួយ​គត់​របស់​ខ្ញុំ គឺ​ថា​មនុស្ស​ទាំង​អស់​ត្រូវ​តែ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​​​ចំពោះ​ហេតុ​ការណ៍​បច្ចុប្បន្ន​នេះ​។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​របស់​ពួក​យើង ឃើញ​ថា ​កូន​ប្រុស-ស្រី​របស់​ខ្ញុំ​អវិជ្ជមាន​ គឺ​មាន​តែ​ស្វាមី​របស់​ខ្ញុំ​ប៉ុណ្ណោះ ដែល​វិជ្ជមាន​»​។

ចុង​ក្រោយ​លោកស្រី​ បាន​សរសេរ​បញ្ជាក់​ថា​៖ ​«​ដោយសារ​ស្ថានភាព​មិន​អំណោយ​ផល យើង​បាន​ត្រឹម​នៅ​ផ្ទះ ខណៈ​គាត់​នៅ​ពេទ្យ ហើយ​យើង​មិន​អាច​ទៅ​សួរ​សុខ​ទុក្ខ​គាត់​បាន​។ វា​ពិត​ជា​ពិបាក​មែន​ទែន ​ដែល​មិន​អាច​ទៅ​ថែ​ទាំ​គាត់​»​។​

ក្រោយ​ទទួល​បាន​ដំណឹង​នេះ ក្រុម​ Fenerbahce បាន​សរសេរ​សារ​ជូនពរ​តាម​រយៈ​ប្រព័ន្ធ​ Twitter របស់​ខ្លួន​ថា​៖ ​«​ក្ដី​ប្រាថា្ន​ដ៏​ធំ​របស់​យើង គឺ​សូម​ឲ្យ​អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​របស់​យើង Rustu Recber ឆាប់​ប្រសើរ​ឡើង​វិញ។ គាត់​ធ្លាប់​ជា​កីឡាករ​ម្នាក់ ​ដែល​ពាក់​ឯក​សណ្ឋាន​ក្រុម​យើង​ជា​ច្រើន​​ឆ្នាំ។ យើង​សូម​ឲ្យ​​គាត់​​ជា​សះស្បើយ​ឆាប់​ៗ ហើយ​យើង​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ដំណឹង​ល្អ​ពី​គាត់​»​។​​

ជាមួយ​គ្នា​នេះ ក្រុម Barcelona ក៏​សរសេរ​សារ​ជូន​ពរ​តាម​បណ្ដាញ​សង្គម​​ Twitter របស់​ខ្លួន​ដូច​គ្នា​ដែរ៖ ​«ជា​ឆាប់​ៗ​ Rustu​។ យើង​គឺ​ Barcelona យើង​នៅ​ជាមួយ​អ្នក​ជានិច្ច​»​។

ក្រោយ​វីរុស​កូរ៉ូណា​រាតត្បាត​ទូទាំង​សកល​លោក​ ប្រទេស តួកគី​ ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ ហើយ​តាម​របាយការណ៍​ផ្លូវ​ការ​របស់​​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​មាន​មនុស្ស ៩ ២១៧ ​នាក់ បាន​ឆ្លង ក្នុង​នោះ ១៣១ ​នាក់ បាន​បាត់​បង់​ជីវិត​៕ AFP/VN​