ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម​ស្ម័គ្រចិត្ត​បាន​សម្រិតសម្រាំង​ធនធាន​ជា​ក្រុម​អត្តពលិក ​និង​គ្រូបង្វឹក​ដល់ ៣៦ នាក់ ដើម្បី​ចូល​ហាត់​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​នេះ ហើយ​អ្នក​ទាំង​នេះ ក៏​នឹង​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​ហាត់​នៅ​ប្រទេស​ចិន ​ផង​ដែរ បើ​សិន​ជា​ស្ថានភាព​ជំងី​កូវីដ ១៩ មាន​ភាព​ធូរស្រាល​វិញ ហើយ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព និង​សក្តានុពល​ឱ្យ​បាន​កាន់​តែ​ល្អ​ក្នុង​ការ​ត្រៀម​ទៅ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣១ នៅ​វៀតណាម​ចុង​ឆ្នាំ​នេះ។

លោក ហ៊ុន បូរី ជា​អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ថា ឆ្នាំ ២០២១ នេះ ជា​ឆ្នាំ​កាន់​តែ​សំខាន់​ដោយ​សហព័ន្ធ​យើង​នឹង​បញ្ជូន​ក្រុម​គ្រូបង្វឹក និង​ក្រុម​អត្តពលិក​សរុប​ចំនួន ៣៦ នាក់ ក្នុង​នោះ​មាន​គ្រូ​បង្វឹក ៩ នាក់ អត្តពលិក​ចំនួន ២៧ នាក់ (ស្រី ៦ នាក់) ដើម្បី​ចូល​ហ្វឹកហាត់​ប្រមូល​ផ្តុំ​តាម​ការ​ណែនាំ​របស់​ក្រសួង​ជំនាញ។

សម្រាប់​គ្រូបង្វឹក​ទាំង ៩ នាក់​នេះ ត្រូ​បាន​កំណត់​ឱ្យ​បង្វឹក​ទៅ​តាម​ជំនាញ​ផ្សេងៗ​ពី​គ្នា​ក្នុង​នោះ​លោក​គ្រូ លាក់ ឡុច និង​លោក គង់ បូណា បង្វឹក​លើ​វិញ្ញាសា​រត់​ល្បឿន​ពី ១០០ ម៉ែត្រ ទៅ ២០០ ម៉ែត្រ រីឯ​លោកគ្រូ ពុធ បូរាត្រី បង្វឹក​លើ​វិញ្ញាសា​ចោល (មាន​ចោល​ដុំដែក ចោល​ស្ន ចោល​ថាស) ហើយ​លោកគ្រូ ទត ម៉ាលី បង្វឹក​លើ​វិញ្ញាសា​រត់​ចម្ងាយ​ឆ្ងាយ ២១ គីឡូម៉ែត្រ និង ៤២ គ.ម។

ចំណែក​លោកគ្រូ ពៅ ស៊ីថា និង​លោកគ្រូ គៀង សាម៉ន បង្វឹក​ខាង​រត់​ចម្ងាយ ៨០០ ដល់ ១ ៥០០ ម៉ែត្រ ខណៈ​លោកគ្រូ រ័ត្ន សុជាតិ និង​អ្នកគ្រូ សុទ្ធ ស្រីលក្ខណ៍ បង្វឹក​លើ​វិញ្ញាសា​លោត​កម្ពស់ និង​លោកគ្រូ ខៀវ សំណាង បង្វឹក​លើ​វិញ្ញាសា​លោត​ចម្ងាយ ឆ្លង​កាត់​ឧបសគ្គ (ផ្លោះ​របង)។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​សួរ​ពី​លទ្ធផល​ដែល​រំពឹង​នឹង​ទទួល​បាន​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នេះ លោក ហ៊ុន បូរី បាន​ឆ្លើយ​តប​ថា៖ «យើង​មិន​អាច​ហ៊ាន​វាយ​តម្លៃ​ពី​កម្រិត​បច្ចេកទេស ឬ​លទ្ធផល មុន​ប្រកួត​បាន​ទេ ព្រោះ​កីឡាអត្តពលកម្ម​នេះ ប្រកួត​ប្រជែង​គ្នា​ស្រួច​ស្រាល់​ណាស់ ដោយសារ​ប្រទេស​ណា​ក៏​ដាក់​ចូល​ប្រកួត​ដែរ ហើយ​សមិទ្ធផល​របស់​អត្តពលិក​នីមួយៗ វា​ចេះ​តែ​ឈាន​ទៅ​មុខ​ជានិច្ច ប៉ុន្តែ​កត្តា​សំខាន់​ការ​ហ្វឹកហាត់​ក្នុង​លំដាប់​នៅ​ប្រទេស​ទំនើប​ជឿនលឿន គឺ​ឆាប់​ទទួល​បាន​លទ្ធផល​ល្អ»។

លោក​បន្ថែម​ថា៖ «យើង​មាន​ចំណុច ត្រូវ​ពង្រឹង​សមត្ថភាព​របស់​អត្តពលិក​ឱ្យ​បាន​ល្អ ព្រោះ​បើ​សិន​អត្តពលិក​យើង​ហាត់​បាន​ទិន្នន័យ​មិន​ល្អ យើង​មិន​ឱ្យ​ទៅ​ប្រកួត​ហើយ​យើង​ក៏​មិន​បញ្ជូន​អ្នក​នោះ ទៅ​ចូលរួម​ស៊ី​ហ្គេម​ឆ្នាំ ២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ​ដែរ បើ​ពិនិត្យ​ឃើញ​ថា កម្រិត​បច្ចេកទេស​របស់​យើង​នៅ​ទាប​ជាង​គេ​នោះ»។

ជុំវិញ​ការ​ពង្រឹង​សមត្ថភាព​ក្រុម​អត្តពលិកម្ម​នេះ លោក បូរី បាន​លើក​ជា​ឧទាហរណ៍​មក​បញ្ជាក់​ថា វិញ្ញាសា​លោត​កម្ពស់ កម្ពុជា​យើង​ទើប​តែ​ធ្វើ​បាន ១,៨៥ ម៉ែត្រ ចំណែក​កម្រិត​ល្អ ក្នុង​អាស៊ាន លោត​បាន​កម្ពស់ ២ ម៉ែត្រ​ទៅ​ហើយ អ៊ីចឹង​យើង​ជំរុញ​ឱ្យ​ជិត​ដល់ រីឯ​វិញ្ញាសា​ចោល​ដុំ​ដែក យើង​ទើប​តែ​ធ្វើ​បាន​ត្រឹម ១៣ ម៉ែត្រ​ជាង តែ​កម្រិត​ជយលាភី​អាស៊ាន​ធ្វើ​បាន ១៧ ម៉ែត្រ​ទៅ​ហើយ ចំណែក​ម៉ារ៉ាតុង ៤២ គីឡូម៉ែត្រ គឺ​លុះត្រា​ធ្វើ​បាន​ក្នុង​ថិរវេលា​ក្រោម ២:៣០ ម៉ោង ឬ ២: ២០ ម៉ោង ទើប​យើង​អាច​ចូល​ក្នុង​កម្រិត​ជយលាភី​បាន ព្រោះ​កម្រិត​ជយលាភី​អាស៊ាន​កន្លង​មក ធ្វើ​បាន​ក្រោម ២ ម៉ោង និង ២០ នាទី។

យ៉ាងណា​ក៏​ដោយ លោក ហ៊ុន បូរី ជឿថា ក្រុម​កម្ពុជា​អាច​នឹង​ធ្វើ​បាន បើ​ពួក​គេ​បាន​ទៅ​ហាត់​នៅ​ចិន។ «បើ​បញ្ហា​កូវីដ​ថមថយ ហើយ​យើង​មាន​ឱកាស បាន​បញ្ជូន​ក្រុម​អត្តពលិក​របស់​យើង​ទៅ​ហ្វឹកហាត់​នៅ​ចិន​តាម​កិច្ច​ព្រមព្រៀង​នោះ គឺ​យើង​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ប្រកួត​ប្រជែង​យក​មេដាយ​ណាមួយ​នៅ​ស៊ីហ្គេម​ឆ្នាំ ២០២១ នេះ ព្រោះ​ការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​មាន​គ្រូជំនាញ​ជួយ​ឱ្យ​អត្តពលិក​ឆាប់​ឡើង​បច្ចេកទេស»៕