
កីឡាការិនី ស្រួង ភាវី បានថតរូបជាមួយលោករដ្ឋមន្រ្តី ថោង ខុន ពេលអ្នកស្រីមកលេងកម្ពុជា។ យឺន ពន្លក
ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរកឃើញកីឡាការិនីកម្ពុជាឆ្នើមៗចំនួន ៣ នាក់ ដែលសុទ្ធតែមានទេពកោសល្យល្អ គឺ ២ នាក់នៅសហរដ្ឋអាមេរិក និងម្នាក់ទៀតនៅសាធារណរដ្ឋកូរ៉េដើម្បីត្រៀមដាក់ឲ្យប្រកួតតំណាងឲ្យប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡារបស់កម្ពុជា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានថ្លែងក្នុងបទសម្ពាសជាមួយភ្នំពេញ ប៉ុស្តិ៍ កន្លងមកនេះថា៖ «រយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងទទួលបានកីឡាការិនីឆ្នើមវ័យក្មេងចំនួន ៣ នាក់ មានប្រភេទកីឡាកាយសម្ព័ន្ធម្នាក់ និងរត់ប្រណាំងម្នាក់ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកីឡាការិនីស្នូកឃ័រ មកពីកូរ៉េ ហើយក្នុងនោះក៏មានកីឡាករហែលទឹក (លោតទឹក) ម្នាក់ទៀត តែយើងមិនទាន់បានជួបគ្នានៅឡើយ»។
លោកបានលម្អិតថា តាមរយៈលោករដ្ឋមន្ត្រីស្តីទី អ៊ុច បូររិទ្ធ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ បានធ្វើលិខិតផ្ញើជូន NOCC កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ ស្តីពីការស្នើសុំឲ្យកីឡា-ការិនី ម៉ាលីនដា ស្រីរដ្ឋយីម នៅសហរដ្ឋអាមេរិកចូលជាជម្រើសជាតិកីឡាកាយសម្ព័ន្ធកម្ពុជា ខណៈកីឡាការិនីរូបនេះ ដណ្តើមបានលេខ ១ ជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក។
លោកបន្តថា តាមរយៈប្រវត្តិរូប ដែលក្រសួងការបរទេសផ្ញើមកនោះ ម៉ាលីនដា ស្រីរដ្ឋយីម បានកើតនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០០៥ នៅរដ្ឋ Massachusete សហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងហ្វឹកហាត់នៅសាលាកីឡាកាយសម្ព័ន្ធមួយឈ្មោះ Wikey Gymnastices ហើយមានឪពុកឈ្មោះ សម្បត្តិ យីម និងម្តាយឈ្មោះ ស៊ីណា មិន ដែលមានដើមកំណើតខ្មែរ។
ចំណែកកីឡាការិនីឆ្នើមម្នាក់ទៀតគឺ Roth Sokunthea ដែលលេងកីឡារត់ប្រណាំងជំនាញ ១០០ ម៉ែត្រ។ ឪពុកម្តាយ Roth Sokunthea មានដើមកំណើតនៅខ្មែរ ហើយបច្ចុប្បន្ន កញ្ញាកំពុងសិក្សាផ្នែកពាណិជ្ជកម្មឆ្នាំទី ៣ នៅសាកលវិទ្យាល័យ Califonia State University, Northridge។

Roth Sokunthea ដែលមានជំនាញរត់ល្បឿន ១០០ ម៉ែត្រ។ យឺន ពន្លក
បន្ថែមលើនេះកីឡាការិនី Roth Sokunthea បានហាត់ និងរត់ល្បឿន ១០០ ម៉ែត្រ ដោយទទួលបានលទ្ធផលល្អ។ ថិរវេលាក្នុងការរត់ល្បឿន ១០០ ម៉ែត្រចុងក្រោយ ដែលកីឡាការិនីវ័យ ២០ ឆ្នាំរូបនេះធ្វើបានគឺ ១២.០៥ វិនាទីប៉ុណ្ណោះ ហើយកញ្ញា ធ្លាប់ទទួលបានជយលាភីពីសាកលវិទ្យាល័យ Califonia StateUniversity, Northridge ទៀតផង។
ចំពោះកីឡាការិនីទី ៣ គឺ ស្រួង ភាវី ដែលជាអ្នកលេងកីឡាប៊ីយ៉ា និងស្នូកឃ័រលំដាប់ពិភពលោកទៅហើយ។ ភាវី បច្ចុប្បន្នមានអាយុ ២៧ ឆ្នាំ កម្ពស់ ១,៦៧ ម៉ែត្រ មានស្រុកកំណើតនៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បួងឃ្មុំ ខេត្តត្បូងឃ្មុំ ប៉ុន្តែបានទៅរស់នៅប្រទេសកូរ៉េខាងត្បូង និងហ្វឹកហាត់លេងកីឡាស្នូកឃ័រតំណាងឲ្យកម្ពុជា។
លោក ថោង ខុន បានបញ្ជាក់ថា៖ «កីឡាការិនីឆ្នើមទាំង ៣ រូបនេះ នឹងស្នើសុំទៅ ក្រសួងអប់រំយុវជន និងកីឡា ទៅជាក្រុមជម្រើសជាតិកម្ពុជា ហើយទោះជាការហ្វឹកហាត់របស់គេនៅក្រៅប្រទេស ប៉ុន្តែត្រៀមការប្រកួតអន្តរជាតិនានា ឬព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ ២០១៩ នឹងដណ្តើមមេដាយឲ្យព្រះរាជាណាចក្រកម្ពុជា»។
ចំណែកអ្នកជំនាញផ្នែកកីឡា លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC បានថ្លែងថា៖ «តាមរយៈកម្រិតបច្ចេកទេសរបស់កីឡាការិនីឆ្នើមទាំង ៣ ប្រភេទនេះ នៅក្នុងការប្រកួតប្រជែងថ្នាក់តំបន់ គឺយើងសង្ឃឹមខ្ពស់ណាស់ ក្នុងការដណ្តើមមេដាយជូនជាតិមាតុភូមិហើយបច្ចុប្បន្ន NOCC នឹងខិតខំស្វែងរកការលើកទឹកចិត្តជួយឲ្យពួកគេហ្វឹកហាត់ និងប្រកួតបានល្អ ដោយស្វែងរកការឧបត្ថម្ភបន្ថែមពីវិស័យឯកជន»៕