ភ្នំពេញ៖ អង្គការ​ផ្កាយ​សមុទ្រ​ ដែល​ផ្តោត​កម្មវិធី​សម្រាប់​ក្មេងៗ​ ប្រឈម​ទៅ​នឹង​បញ្ហា​លំបាក ​គ្មាន​ទី​ពឹង​ រួម​​មាន​កីឡាករ ​កីឡា​ការិនី​ពិការ​ភ្នែក​ គថ្លង់​ ​ខ្សោយ​បញ្ញា​ និង​អ្នក​​មាន​ផ្ទុក​មេរោគ​អេដស៍​ ​ឲ្យ​បាន​លេង​បាល​ទាត់​ពេញ​មួយ​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី ១០​ ខែ​កក្កដា​ ​នៅទី​លាន​បាល់​ទាត់​អង្គការ​ផ្កាយ​សមុទ្រ ​ស្ថិត​នៅ​ភូមិ​ស្ពាន​ថ្ម ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ ដើម្បី​បង្កភាព​សប្បាយ​រីក​រាយ​ និង​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ ​និង​អាណា​ព្យាបាល​មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត​ដ៏​អភ័ព្ទ​របស់​ពួក​គេ​។

លោក​ យិន​ សាមឌី​ ប្រធាន​គ្រប់គ្រង​កម្មវិធី​បាល់ទាត់​របស់​អង្គការ​ផ្កាយសមុទ្រ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ថា​៖ «​កម្មវិធី​ជួបជុំ​លេង​កីឡា ​ដែល​អង្គការ​ បាន​បង្កើត​ឡើង​ ក្នុង​ពេល​នេះ​ ជា​ព្រឹត្តិការណ៍​កីឡា​ប្រ​ចាំ​ឆ្នាំ ​ដោយ​​មាន​ ​២ ​លើក​ក្នុង ​១ ​ឆ្នាំ​ ក្នុង​គោល​បំណង​ជា​លក្ខណៈ​មនុស្សធម៌​ ចង់​ផ្តល់​ការ​ជួប​ជុំ​សប្បាយ​រីករាយ ​ជូន​យុវជន​យុវនារី​ ​ដែល​ជួប​បញ្ហា​ពិការ ​និង​អភ័ព្ទ​ ដើម្បី​ជា​លើក​ទឹក​ចិត្ត​ និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពួកគេ​»។

លោកបន្ថែម​ថា៖​ «​នេះ​ក៏​ជា​វេទិកា​ចូល​រួម​សកម្មភាព​កីឡា​ ក្នុង​សង្គម ដោយ​​មិន​​រើស​អើង​ចំពោះ​ជន ​ដែល​មាន​ពិការភាព​ ផង​ដែរ ​គឺ​យើង​ទាំងអស់​គ្នា​រស់​ ក្នុង​សង្គម​តែ​មួយ​ និង​មានសិទ្ធិ​សេរីភាព​​ដូចគ្នា​ ហើយ​ក្រៅ​ពី​ការ​បង្កើត​កម្មវិធី​ជួប​ជុំ​លេង​កីឡាបាល់​ទាត់​ សម្រាប់​ពួក​គេ ​ក្នុង ​១ ​ឆ្នាំ​ ចំនួន​ ២​ ដង​នេះ ​អង្គការ​ផ្កាយ​សមុទ្រ​ ក៏​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បាល់ទាត់​មួយ​ចំនួន​ដល់​កីឡាករ ​ការិនី ​ដែល​ជា​ជន​ពិការ​ភ្នែក ​ពិការ​ជើង​ជិះរទះ​ និង​សម្រាប់​ជន​ពិការ​ គ​ថ្លង់ ​ព្រម​ពិការ​សតិបញ្ញា​ខ្សោយ​ ផ្ទុក​មេរោគ​អេដស៍ ​ផង​ដែរ»​។

សកម្មភាព​ប្រ​កួត​បាល់​​ទាត់​នេះ​ មានកីឡាករ​កីឡាការិនី​ជាង​ ២០០ នាក់ ​ចូលរួម​ប្រកួត​ដែល​​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ និង​ផ្តល់​អាហារ​ដល់​ពួក​គេ​ផង​ដែរ​។ ការ​ប្រកួត​កីឡា​បាល់​ទាត់​នេះ បាន​ផ្តល់​ជូន​យុវជន​ពិការ​នូវ​ឱកាស​ ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា ដែល​ជាការ​ប្រកួត​ដ៏​កម្រ​មួយ​ នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ខណៈ​ដែល​អាណា​ព្យា​បាល​របស់​ពួក​គេ ​ពេញ​ចិត្ត​បំផុត​។

លោក​នាយិការ​ ជួប​ វិច្ឆិការ​ ​បានថ្លែង​ថា​៖ «​កម្មវិធី​បាល់ទាត់​របស់​អង្គការ​ផ្កាយសមុទ្រ កំពុង​ធ្វើ​ព្យាយាម​កាត់​បន្ថយ​វិសមភាព​ នៅ​ក្នុង​ប្រទេស ​កម្ពុជា​ និង​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​កុមារ ​និង​យុវជន​ ដែល​មាន​ពិការ​ភាព​ ក្នុង​ការ​ចូល​រួម​លេង​កីឡា និង​ចូលរួម​ជា​មួយ​ភាគី​សហគមន៍​របស់​ពួក​គេ​ ហើយ​កម្ម​វិធី​របស់​យើង បាន​ធ្វើ​ការ​ផ្ទាល់​ជា​មួយ​អង្គការ​កុមារ ​ដែល​មក​ដល់​បច្ចុប្បន្ន​មាន​ចំនួន​ជាង​ ៤ ០០០ នាក់​ ចូលរួម​ក្នុងនោះ​​ ៨៥​ ភាគ​រយ​​ ជាកីឡាករ​ពិការ​ភ្នែក​កីឡាករ​ថ្លង់ ​ឬ​មានបញ្ហា​ការ​ស្ដាប់ ​កីឡាករ​ប្រើ​រទេះ​ កីឡាករ​​ខ្សោយបញ្ញា​ និង​កីឡាករ ​ដែលមាន​ផ្ទុកមេរោគ​អេដស៍​»។

កីឡាករ​ពិការ​ភ្នែកមក​ពី​សមាគមតន្រ្តី​សំនៀង​ជនពិការ​ឈ្មោះ​ ចាប ​តូ ​បាន​និយាយថា​៖ «​កម្មវិធី​នេះ​ ពិត​ជា​ល្អខ្លាំង​ណាស់​ សម្រាប់​ជនពិការ​ដូចរូប​ខ្ញុំ​ ​ព្រោះវា​បាន​លើក​កម្ពស់​សិទ្ធិ​ និង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​ខ្ញុំ​សប្បាយ ​រួច​ផុត​ពី​ភាព​ឯក​កោ ​ផ្តល់​ឱកាស​ឲ្យ​ជនពិការ​ភាព​ បាន​ចូល​រួម​សកម្មភាព​សង្គម​ ពិសេស​ទៀត​នោះ​ គឺ​បាន​ផ្តល់​ឱកាស​ឲ្យ​ជន​ពិការភាព ​បាន​ស្គាល់​ពី​អ្វី​ទៅ​ជា​កីឡា​»។

គួរ​រំឭក​​ថា​ ​សកម្មភាព​របស់​អង្គការ​ផ្កាយ​សមុទ្រ​ រួមជា​មួយ​សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា ​និង​អង្គភាព​ផ្សេងៗទៀត ​បាន​សហការ​គ្នា​រៀប​ចំ​ព្រឹត្តិការណ៍​ ដូច​ជាការ​ប្រកួត​នេះ​ចំនួន ២​ លើក​ក្នុង ​១ ឆ្នាំ​ ដើម្បី​ផ្តល់​ឱកាស​ដល់​កុមារ​ និង​យុវវ័យ ​ដែល​ងាយ​រង​គ្រោះ​ នៅ​ទូ​ទាំង​ប្រទេស​ កម្ពុជា​ ដោយ​​អង្គការ​ផ្កាយ​សមុទ្រ ​បាន​ធ្វើការ​ជាដៃ​គូ​ជា​មួយអង្គការ​ក្នុង ​និង​ក្រៅ​ស្រុក​ និង​សាលារៀន​​រដ្ឋ ​ឬ​ឯក​ជន​ ​ចំនួន ​៦០ ​អង្គភាព​ឯណោះ​៕​