ភ្នំពេញ: ក្រុម​កីឡាករ កីឡាការិនី​ល្បុក្កតោ​ជិត​ ៣០០ ​នាក់​ដែល​ធ្លាប់តែ​ប្រមូលផ្តុំ​គ្នា​សម្តែង​នៅ​អង្គរ​សង្ក្រាន​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​មក​នេះ​គឺ​នៅ​ឆ្នាំ​នេះ​បាន​បែងចែក​គ្នា​ទៅ​សម្តែង​ជា​លក្ខណៈ​ស្ម័គ្រចិត្ត​តាម​ខេត្ត​ជាច្រើន​តាម​ការរៀបចំ​របស់​អាជ្ញាធរ ឬ​សមាគម​ដើម្បី​ឲ្យ​មហាជន​បាន​ទស្សនា​កម្សាន្ត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ៣ ​ថ្ងៃ​នេះ​។

លោក អ៊ូ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ប្រាប់ថា រយៈពេល​ ៣ ​ឆ្នាំ​កន្លង​មក​កីឡា​គុនល្បុក្កតោ​បាន​ប្រមូល​ផ្តុំគ្នា​ជាច្រើន​រហូត​ដល់​ជាង​ ៣០០ ​នាក់​ដើម្បី​សម្តែង​នៅ​អង្គរសង្ក្រាន្ត ប៉ុន្តែ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចំនួន​ ៣ ​ថ្ងៃ​ពី​ថ្ងៃ​ទី​ ១៤ ដល់​ ១៦ ខែ​មេសា​គឺ​អត្តពលិក​ល្បុក្កតោ​បាន​ចេញ​ទៅ​តាម​ខេត្ត​ជាច្រើន​ដែល​ក្នុង​នោះ​ខេត្ត​ចំនួន​ ៨ បាន​អញ្ជើញ​កីឡា​ល្បុក្កតោ​ពី​សហព័ន្ធ​ទៅ​សម្តែង​ដោយ​មាន​ជាង​ ២៥០ ​នាក់​ទៅ​ហើយ ដោយ​មិន​ទាន់​គិត​ដល់​អត្តពលិក​ល្បុក្កតោ​ស្ម័គ្រចិត្ត​នៅ​តាម​សង្ក្រាន្ត​មួយ​ចំនួន​ទៀត​ដែល​នៅ​តាម​សហគមន៍ ឬ​មណ្ឌល​កម្សាន្ត​នានា​ផង​។

លោក​បាន​បន្ត​ថា​៖​ «​ក្នុង​អំឡុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ​អត្តពលិក​របស់​កីឡា​ល្បុក្កតោ​ប្រហែល​ ២៥០ ​នាក់​ត្រូវ​បាន​ត្រៀម​រួច​ហើយ ដើម្បី​ទៅ​ចូលរួម​ប្រកួត និង​សម្តែង​ក្នុង​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​ទាំង​គ្រូ និង​សិស្ស​នៃ​កីឡា​ល្បុក្កតោ​គឺ​សុទ្ធតែ​ស្ម័គ្រចិត្ត​ទាំងអស់ ហើយ​ការប្រមូលផ្តុំ​គ្នា​សម្តែង មាន​លក្ខណៈ​ធំ​នៅ​មុខ​ប្រាសាទ​អង្គរ​ទឹកដី​ខេត្ត​សៀមរាប​កន្លង​មក​ក៏​ជា​ការស្ម័គ្រចិត្ត មិន​គិត​ពី​កម្រៃ​ដែរ ប៉ុន្តែ​ពួកគាត់​តែងតែ​ទទួល​បាន​មក​វិញ​នូវ​ការឧបត្ថម្ភ​ជា​ម្ហូបអាហារ​ពី​អ្នករៀបចំ​កម្មវិធី​»​។

អគ្គលេខាធិការ​វ័យក្មេង​រូប​នេះ​លោក​បន្ថែម​ថា​៖ «​តាម​ការអញ្ជើញ​ជា​ផ្លូវការ​ពី​ខេត្ត​មួយ​ចំនួន​ដែល​សហព័ន្ធ​កីឡា​ល្បុក្កតោ​ជួយ​សហការ​ទៅ​សម្តែង ហើយ​ថ្នាក់​ខេត្ត​ជា​អ្នករៀបចំ​នោះ​មាន​ខេត្ត​ព្រៃវែង ខេត្ត​រតនគិរី ខេត្ត​សៀមរាប ខេត្ត​កំពង់ឆ្នាំង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខេត្ត​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ចំនួន​ ៤ ​កន្លែង​។ នេះ​មិន​ទាន់​គិត​ដល់​ទីតាំង​អង្គភាព​ឯកជន​រមណីយដ្ឋាន​ទេសចរណ៍​នានា ឬ​សហគមន៍​ជាច្រើន​ទៀត​នៅ​ឡើយ​ទេ ហើយ​ការសម្តែង​នេះ​មាន​ការស្លៀកពាក់​តុបតែង​ខ្លួន​ជា​លក្ខណៈ​បុរាណ ព្រម​ទាំង​បង្ហាញ​ស្នៀត ឬ​ក្បាច់​ជាច្រើន​តាម​ការនិយម​ចូលចិត្ត​របស់​កីឡាករ កីឡាការិនី ឬ​ខេត្ត​ផ្សេងៗ​គ្នា​»​។

ចំណែក​លោកគ្រូ​តា​ក្រមាមាស សាន គឹមស៊ាន ដែល​បាន​បើក​សាលា​បណ្ឌិត្យសភា​ល្បុក្កតោ​កម្ពុជា​នៅ​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ឆ្នាំនេះ​មហាសង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​មាន​គុនល្បុក្កតោ​តិច​ទេ ដោយ​ពួកគេ​និយម​ចេញ​ទៅ​តាម​ខេត្ត​នានា​ជាច្រើន​កន្លែង​ទៀត​។ ចំណែក​ខ្ញុំ​បាន​នាំ​កីឡាករ​ល្បុក្កតោ​មក​សម្តែង​នៅ​ភ្នំពេញ​ចំនួន​តែ​ ៨ ​នាក់​ទេ​គឺ​នៅ​វិមាន​ឈ្នះ​ឈ្នះ​ជាមួយ​លោកគ្រូ​មកពី​ខេត្ត​កំពង់ឆ្នាំង​»​។

លោក ហុក ចិត្ត្រា តំណាង​ឲ្យ​ ស.ស.យ.ក ដែល​ដឹកនាំ​កីឡា​ល្បុក្កតោ​ទៅ​សម្តែង​នៅ​ខេត្ត​ព្រៃវែង​ប្រាប់ថា​៖ «​ឆ្នាំ​ ២០១៩ ​នេះ​ខ្ញុំ​ដឹកនាំ​ក្រុម​កីឡា​ល្បុក្កតោ​ចំនួន​ ៣០ ​នាក់​ទៅ​សម្តែង​ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​រយៈពេល​ ៣ ​ថ្ងៃ​ដើម្បី​អបអសាទរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ហើយ​អត្តពលិក​ទាំងនោះ​អញ្ជើញ​មកពី​សហព័ន្ធ​នៅ​ភ្នំពេញ និង​មកពី​ខេត្ត​កំពង់ឆ្នាំង​ហើយ​ថ្នាក់ដឹកនាំ​គឺ​ឯកឧត្តម ស សុខា ដោយ​លោក​ជួយ​ឧបត្ថម្ភ​ការហូបចុក​ស្នាក់នៅ​ឲ្យ​ពួកគាត់​»​។

ចំណែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ដល់​កីឡាករ កីឡាការិនី និង​គ្រូបង្វឹក​ល្បុក្កតោ​ទាំងអស់​ដែល​មាន​ទឹកចិត្ត​សប្បាយ​រីករាយ ក្នុង​ការចេញ​ទៅ​សម្តែង​ដោយ​ស្ម័គ្រចិត្ត និង​ដោយ​មិន​គិតពី​តម្លៃ​ខ្លួន​នោះ ហើយ​ក្នុង​រដូវ​ចូល​ឆ្នាំ​ម្តងៗ​គឺ​មាន​អត្តពលិក​ល្បុក្កតោ​ស្ម័គ្រចិត្ត​ចេញ​ទៅ​សម្តែង​តាម​ខេត្ត និង​កម្មវិធី​ផ្សេងៗ​ជាង ​៣០០ ​នាក់​ឯណោះ​»៕