ភ្នំពេញ: កីឡា​ជាតិ​លើក​ទី ២ ដែលជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ក្នុង​ទម្រង់​ដើម្បី​អភិវឌ្ឍន៍ និង​ស្វែង​រក​បទពិសោធ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​លើក​ទី ៣២ ក្នុង​ពេល​ព្រះរាជា​ណាចក្រ​កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​នោះ បាន​ដំណើរការ​រយៈពេល​មួយ​សប្តាហ៍​ហើយ​ក្នុង​នោះ​ប្រភេទ​កីឡា​មួយ​ចំនួន​បាន​បិទ​បញ្ចប់ និង​កីឡា​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ត​ការ​ប្រកួត​រហូត​ដល់​ថ្ងៃ​បិទ​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ២០១៨។

ទោះ​ជា​យ៉ាង​ណា មន្ត្រី និង​អត្តពលិក មាន​តែ​ឈ្មោះ​អត់​ឃើញ​មនុស្ស ឬ​គេ​និយម​ហៅ​ចំអក​ថា មន្ត្រី​ខ្មោច កីឡាករ​ខ្មោច ដែល​អវត្តមាន​មិន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី ២ នេះ​មិន​ទាន់​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា ឬ​គណៈកម្មការ រៀបចំ​ប្រកួត​មាន​វិធាន​ការ​ផ្លូវ​ច្បាប់ ឬ​ដាក់​ពិន័យ​តាម​របៀប​ណា​នៅ​ឡើយ​ទេ។

ការ​អវត្តមាន​របស់​ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការចំណាយ​ថវិកា​របស់​ជាតិ​ក្នុង​ការ​ហូបចុក និង​ស្នាក់​នៅ​ដែល​បាន​រៀបចំ​ជា​ស្រេច​តាំង​ពី​ពេល​ចុះ​ឈ្មោះ​មក​ម្ល៉េះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ក់ សំអុល ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ប្រធាន​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​មាន​ប្រតិកម្ម​កាល​ពី​ម្សិលមិញ​ថា៖ «ការ​អវត្តមាន​របស់​មន្ត្រី​កីឡា និង​កីឡាករ-កីឡាការិនី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី ២ នេះ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ចំណាយ​ថវិកា​របស់​ជាតិ ហើយ​វា​ជា​ទង្វើ ឬ​ទម្លាប់​អាក្រក់​ដែល​មន្ត្រី​ថ្នាក់​ដឹកនាំ​គ្រប់គ្រង​កីឡា​មាន​សមត្ថកិច្ច គួរតែ​ត្រួត​ពិនិត្យ​វាយ​តម្លៃ និង​ដាក់​ពិន័យ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត មិន​មែន​នៅ​តែ​លំៗ​ត​ទៅ​ទៀត​បាន​ទេ»។

លោក​បាន​បន្តថា៖ «បច្ចុប្បន្ន​កីឡា​របស់​ប្រទេស​យើង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​លើ​ឆាក​អន្តរជាតិ។ ការ​លុប​បំបាត់​កីឡាករ​ខ្មោច មន្ត្រី​ខ្មោច ឬ​ការ​និយម​បក្ខ​ពួក ខ្វះ​ជំនាញ​ក្នុង​កីឡា គឺថា យើង​ធ្វើ​បាន​ល្អ​ប្រសើរ​ឡើង​ហើយ ប៉ុន្តែ​គួរ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​អវត្តមាន​របស់​មន្ត្រី ឬ​អត្តពលិក​ដែល​បាន​ចុះ​បញ្ជី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី ២ រួច ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ការ​ចំណាយ​រួច ប៉ុន្តែ បែរ​ជា​អវត្តមាន​ដោយ​គ្មាន​មូល​ហេតុ​គឺ​ត្រូវ​ចាត់​ទុក​ថា បាន​ប្រព្រឹត្ត​កំហុស​មួយ និង​ត្រូវ​ទទួល​រង​ពិន័យ​ដើម្បី​ឲ្យ​ពួកគេ​រាង​ចាល»។

លោក​បាន​លម្អិត​បន្ថែម​ថា៖ «នៅក្នុង​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ បានដាក់​កីឡា​គុន​ខ្មែរ​ចំនួន ៨ ប្រភេទ​ទម្ងន់ ប្រតិភូ និង​គ្រូបង្វឹក ២ នាក់​គឺ​ដូច​គ្នា​ទៅ​នឹង​ប្រដាល់​សកល​ដែរ សរុប​ទាំង​ប្រតិភូ និង​គ្រូបង្វឹក​គឺ ១០ នាក់​ដូចគ្នា។ គិត​មក​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០១៨ នេះ ប្រដាល់​មក​ពី​ក្រសួង​មហាផ្ទៃ​មាន​កីឡាករ​អវត្តមាន​ចំនួន ៤ នាក់ ប្រតិភូ ១ នាក់ ដែល​នេះ​ជា​ទង្វើ​ខុស​ច្បាប់ ហើយ​ខ្ញុំ​នឹង​ត្រៀម​ដាក់​លិខិត​ទៅ​សហព័ន្ធ និង​ក្រសួង​ដើម្បី​ឲ្យ​ពិនិត្យ​វាយ​តម្លៃ​ដាក់​ពិន័យ​ចំពោះ​ទង្វើ​បែប​នេះ។ នៅ​ប្រទេស​គេ ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ត្រូវ​បង់​ប្រាក់ ប៉ុន្តែ កីឡា​ជាតិ​យើង ក្រសួង​អប់រំ យុវជន និង​កីឡា រ៉ាប់រង​ការ​ហូប​ចុក ស្នាក់​នៅ និង​ការ​ធ្វើ​ដំណើរ​ទាំង​ស្រុង»។

លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គ-នាយក​កីឡា បានផ្តល់​ការ​ឆ្លើយតប​ចំពោះ​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា៖ «ចំពោះ​បញ្ហា​អវត្តមាន​របស់​មន្ត្រី និង​អត្តពលិក​នេះ យើង​មិន​ទាន់​បាន​សរុប​នៅ​ឡើយ​ទេ ហើយ​វា​ស្ថិត​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ជា​ដំបូង​ពី​ប្រតិភូ​ខេត្ត រាជធានី និង​ក្រសួង​សាមី​ដែល​មាន​សហព័ន្ធ​នីមួយៗ​ទទួល​ខុស​ត្រូវ ពោល​គឺ​តើ​ការ​ជ្រើសរើស​បណ្តុះ​បណ្តាល​យក​មក​ប្រើប្រាស់​នោះ​ធនធាន​ដូចម្តេច?។ ទី ២ អត្តពលិក​នោះ​មាន​បញ្ហា ឬ​នៅ​ខ្វះខាត​ចំណុច​ណា​គឺ​ត្រូវ​មាន​ការ​វាយ​តម្លៃ​ពី​សហព័ន្ធ និង​ក្រុម​ប្រឹក្សា​វិន័យ​ដើម្បី​មាន​ចំណាត់​ការ​ទៅ​លើ​ពួក​គាត់»។

លោក​អ៊ុក សិ​ទិ្ធ​ជាតិ អគ្គនាយក​កីឡា​បាន​បន្ថែមថា៖ «ការអនុវត្ត​ជាក់ស្តែង​វា​មិន​ដូច​គម្រោង​ទាំង​ស្រុង​ទេ ហើយ​សណ្ឋាគារ និង​ការ​ចំណាយ​មួយ​ចំនួន​មាន​អាហារ និង​រថយន្ត​ធ្វើ​ដំណើរ​សម្រាប់​បម្រើការ គឺ​យើង​បាន​លុប​ចោល​ខ្លះ​តាម​ជាក់​ស្តែង។ ខាង​គណៈកម្មការ មិន​ទាន់​បាន​សរុប​អត្តពលិក និង​មន្ត្រី​អវត្តមាន​នៅ​ឡើយ​ទេ»៕