ក្រុង​តូក្យូ៖ ខ្សែ​ប្រយុទ្ធ​ដូច​តួអង្គ Peter Pan ក្នុង​រឿង​ប្រលោម​លោក គឺ​បុរស​សញ្ជាតិ​ជប៉ុន Kazuyoshi Miura កំពុង​ត្រៀម​លេង ១ រដូវកាល​ទៀត ទោះបី​ជា​ខ្លួន​មាន​វ័យ​ដល់​ទៅ ៥៤ ឆ្នាំ នៅ​សប្ដាហ៍​នេះ​ក្ដី តែ​យ៉ាងណា រូប​គាត់​នៅ​ឆ្ងាយ​ពី​ពាក្យ​ថា «វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​តែ ១ គត់» នៃ​វិស័យ​បាល់ទាត់​ក្នុង​ប្រទេស​របស់​គាត់។

Miura ដែល​ត្រូវ​គេ​ស្គាល់​យ៉ាងច្បាស់​ជាមួយ​នឹង​រហស្សនាម «King Kazu» (អធិរាជ Kazu) កំពុង​សម្លឹង​ដល់​ការ​បន្លាយ​កំណត់ត្រា ក្នុង​នាម​ជា​កីឡាករ​វ័យ​ចំណាស់​បំផុត​នៅ​ក្របខ័ណ្ឌ​ទី១ J-League របស់​ជប៉ុន ពេល​ក្លិប Yokohama FC ចាប់​ផ្ដើម​យុទ្ធនាការ​រដូវកាល​ថ្មី នៅ​ថ្ងៃ​សៅរ៍​នេះ។

តែ​រូប​គាត់​នឹង​មិនមែន​ជា​កីឡាករ​ចាស់វស្សា​តែ​ម្នាក់​គត់​ទេ ដែល​ប្រកប​អាជីព​នៅ​ឡើយ​ប៉ុន្មាន​ឆ្នាំ​នេះ ដោយ​បច្ចុប្បន្ន​មាន​កីឡាករ​ដល់​ទៅ ៩ រូប វ័យ​ជាង ៤០ ឆ្នាំ កំពុង​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​របស់​ពួក​គេ ដែល​ធ្វើ​ការ​ប្រកួតប្រជែង​នៅ​ទូទាំង​ក្របខ័ណ្ឌ​ទាំង ៣ របស់​លីគ។

«ខ្ញុំ​យល់​ថា ប្រពៃណី​របស់​ប្រទេស​ជប៉ុន ​ប្រហែល​មាន​ការ​ទាក់ទង​នឹង​រឿង​នេះ»។ នេះ​ជា​សម្ដី ដែល​ប្រាប់ AFP របស់​ខ្សែ​ប្រយុទ្ធ Keiji Tamada វ័យ ៤០ ឆ្នាំ ដែល​ជា​សមាជិក​របស់​ក្រុម V-Varen Nagasaki នៅ​ក្របខ័ណ្ឌ​ទី២ របស់​ជប៉ុន។

Tamada បន្ថែម​ថា៖ «មែន​ហើយ គោល​បំណង គឺ​ចង់​លេង​ការ​ប្រកួត តែ​ខ្ញុំ​គិត​ថា កីឡាករ​ជា​ច្រើន​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម ដោយសារ​យល់​ថា ពួក​គេ​អាច​ធ្វើ​ការ​រួម​ចំណែក​លើស​ពី​ហ្នឹង ដោយ​ការ​ផ្ទេរ​ចំណេះ​ដឹង និង​បទពិសោធ»។

Miura ដែល​កំពុង​ត្រៀម​ចាប់​ផ្ដើម​រដូវកាល​ទី៣៦ របស់​ខ្លួន កា្ល​យ​ជា​អត្តពលិក​បាល់​ទាត់​ដ៏​មាន​វ័យ​ចំណាស់​បំផុត ក្នុង​លោក​ដែល​ស៊ុត​បញ្ចូល​ទី​ក្នុង​ប្រកួត​អាជីព​ក្នុង​ឆ្នាំ ២០១៧ ពេល​បាន​បំប៉ោង​សំណាញ់​ទី​នៅ​អាយុ ៥០ ឆ្នាំ និង ១៤ ថ្ងៃ។

Miura បន្លាយ​កំណត់ត្រា នៅ J-League ក្នុង​នាម​ជា​អ្នក​ចាប់​ផ្ដើម​ចូល​លេង​វ័យ​ចំណាស់​បំផុត​ក្នុង​ខែ​កញ្ញា ឆ្នាំ​មុន ពេល​ចូល​លេង​ម្ដង ក្នុង​ចំណោម​ការ​មាន​វត្តមាន ៤ ដង​នៅ​លីគ ដែល​គាត់​បាន​បង្ហាញ​ខ្លួន​ឱ្យ Yokohama កាល​ពី​រដូវកាល​មុន។

Miura និយាយ​បន្ទាប់​ពី​បាន​បន្ត​កុងត្រា​ថ្មី​កាល​ពី​ខែ​មុន​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​រីករាយ ពេល​បាន​លេង​បាល់ទាត់​ក្នុង​គ្រា​ដែល​ពិភព​លោក កំពុង​ប្រឈម​ស្ថានការណ៍​តានតឹង ដោយសារ​ការ​រាតត្បាត​ពី​វីរុស​កូរ៉ូណា​ថ្មី។ ដោយ​ផ្ទាល់​ខ្លួន វា​មិនមែន​ជា​រដូវកាល​គួរ​ឱ្យ​ពេញ​ចិត្ត​នោះ​ទេ តែ​មហិច្ឆតា និង​ចំណង់​ចំណូលចិត្ត​ចំពោះ​បាល់ទាត់​របស់​ខ្ញុំ​នៅ​តែ​មាន​ខ្លាំង​ឡើង»។

តែ Miura ដែល​ចាប់​អាជីព​បាល់​ទាត់ ក្នុង​ឆ្នាំ ១៩៨៦ មិនមែន​ជា​កីឡាករ​ចាស់វស្សា​តែ​ម្នាក់​ឯង ដែល​កំពុង​មាន​ចំហេះ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​ពន្លឺ ដែល​កំពុង​ខ្សោយ​ទៅៗ នៅ J-League នោះ​ទេ។

អតីត​ខ្សែ​បម្រើ Shunsuke Nakamura របស់ Celtic នៅ​រឹងមាំ​ក្នុង​វ័យ ៤២ ឆ្នាំ ខណៈ​កីឡាករ​ផ្សេងទៀត Junichi Inamoto,Yasuhito Endoនិង Teruyoshi Ito ដែល​ឥឡូវ​នេះ​អាយុ ៤៦ ឆ្នាំ​កំពុង​លេង​បាល់ទាត់​ទាំង​អស់​គ្នា ក្នុង​ទសវត្សរ៍​ទី​៥ របស់​ពួក​គេ៕ AFP/VN