ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ព្រមទាំងគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ ២០២៣ (CAMSOC) នឹងពិនិត្យសិក្សាវាយតម្លៃពីអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដែលទើបតែបញ្ចប់ការសាងសង់ថា តើអាចដាក់បម្រើឲ្យការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានឬយ៉ាងណា? ហើយនេះជាប្រធានបទដែលនឹងត្រូវដាក់ក្នុងអង្គប្រជុំរបស់ CAMSOC នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
អាងហែលទឹកចាស់ ដែលទើបកែសម្រួលឲ្យត្រូវខ្នាតអន្តរជាតិក្នុងពហុកីឡដ្ឋានជាតិនេះ បានជួសជុលក្រោមថវិកាពីក្រុមហ៊ុនចិន Shanghai Construction ដែលស្នើសុំដោយ លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជារដ្ឋមន្ត្រីសាធារណៈការ និងដឹកជញ្ជូនដោយមានទំហំទឹកប្រាក់ជិត ៣ លានដុល្លារ និងប្រើពេលជួសជុលអស់រយៈពេល ១៨ ខែ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC បានថ្លែងថា៖ «គម្រោងនៃការវាយតម្លៃនេះ គឺដើម្បីបែងចែកពីកម្រិតទីកន្លែងប្រកួត និងប្រភេទវិញ្ញាសាមួយៗ ថាតើវិញ្ញាសាណានឹងត្រូវធ្វើនៅអាងហែលទឹកមរតកតេជោ និងវិញ្ញាសាណាខ្លះទៀត ត្រូវធ្វើនៅក្នុងអាងហែលទឹកពហុកីឡដ្ឋានជាតិនេះ។ ស្តង់ដាអាងលំដាប់អន្តរជាតិ គឺមានការវិវឌ្ឍទៅតាមភាពរីកចម្រើននៃសម័យកាលថ្មី ព្រោះអាងចាស់យើង បានសាងសង់តាំងពីទសវត្សរ៍ ៦០ ហើយមកដល់បច្ចុប្បន្ន យើងតម្រូវការតាមសម័យកាលរីកចម្រើនថ្មី ស្របតាមស្តង់ដាអន្តរជាតិ»។
ចំណែកលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបន្តមរតកពីលោក ហែម ថុន ជាឪពុកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «បច្ចុប្បន្នយើងមានអាងហែលទឹកចំនួន ២ កន្លែង ដែលទើបតែជួសជុល និងសាងសង់រួចរាល់ជាផ្លូវការ តាមបទដ្ឋានកំណត់ដោយសហព័ន្ធកីឡា ហែលទឹកអន្តរជាតិក្នុងនោះមានអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ គ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា និងអាងហែលទឹកមរតកតេជោ ស្ថិតនៅត្រើយខាងកើតស្ពានព្រែកព្នៅ ដែលគ្រប់គ្រងដោយ NOCC។
លោកបញ្ជាក់ថា៖ «សម្រាប់អាងហែលទី ១ យើងប្រែក្លាយពីអាងចាស់ ដែលមានទំហំ ២១ ម៉ែត្រ គុណ ៥០ ម៉ែត្រ ទៅជា ២៥ ម៉ែត្រគុណនឹង ៥០ ម៉ែត្រ ទី២ ប្រែក្លាយពីខ្សែបន្ទាត់ស្របចំនួន ៨ ទៅជាខ្សែបន្ទាត់ចំនួន ១០ និងជម្រៅជ្រៅជាង ២ ម៉ែត្រ។ ចំណែកអាងលោតទឹក យើងកែពី ២០ ម៉ែត្រ គុណ ២០ ម៉ែត្រ ទៅជា ២១ ម៉ែត្រ គុណនឹង ២៥ ម៉ែត្រ និងមានជម្រៅដល់ទៅ ៤ ម៉ែត្រកន្លះ។ សម្រាប់អាងវិញ្ញាសាលោតទឹកវិញ យើងកែសម្រួលមានរហូតដល់ ៥ វិញ្ញាសា គឺមានវិញ្ញាសាលោត ១ ម៉ែត្រ, ៣ ម៉ែត្រ, ៥ ម៉ែត្រ, ៧ ម៉ែត្រ និង ១០ ម៉ែត្រ»។
នៅពេលសួរថា តើកីឡាហែលទឹកកម្ពុជា ពេលណាទើបដណ្តើមបានមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិបាននោះ? លោក ហែម គីរី បានឆ្លើយតបថា៖ «ធម្មតាការប្រកួតប្រជែង យើងប្រឹងគេក៏ប្រឹង ហើយតាមរយៈផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ គឺដាក់គោលដៅដណ្តើមយកឲ្យបានមេដាយក្នុងការប្រកួតស៊ីហ្គេម នៅវៀតណាម ឆ្នាំ ២០២១ ក្នុងជយលាភីណាមួយឲ្យបានហើយនឹងឈ្នះមេដាយមាស ក្នុងស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៣»។
ទោះជាយ៉ាងណា លោក ហែម គីរី បានបង្ហាញកត្តាសំខាន់ៗ ដែលអាចជំរុញកីឡាហែលទឹកកម្ពុជាដណ្តើមបានមេដាយ ដោយលោកបញ្ជាក់ថា៖ «ទី១ ត្រូវស្វែងរកអត្តពលិកខ្មែរ នៅក្រៅប្រទេស ដែលមានសមត្ថភាពខ្ពស់ ទី២ បញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេស ដែលទទួលបានអាហាររូបករណ៍ និងទី៣ យើងត្រូវមានគ្រូបង្វឹកលំដាប់ជំនាញ មកពីអន្តរជាតិជួយបង្ហាត់។ ចំណែកបច្ចុប្បន្ន យើងមានកីឡាករម្នាក់ទទួលបានការហ្វឹកហាត់ ដោយអាហារូបករណ៍ពីសហព័ន្ធអន្តរជាតិនៅប្រទេស ថៃ តាំងពីខែមករាមកម្ល៉េះ ហើយជាបន្តបន្ទាប់យើងនឹងសុំបញ្ជូនអត្តពលិកឆ្នើម ដើម្បីហ្វឹកហាត់ត្រៀមយកមេដាយពីអន្តរជាតិជូនជាតិយើង»៕