ភ្នំពេញ៖ ​ប្រធាន​សមាគម​កីឡា​ប្រដាល់​ខេត្ត​បន្ទាយមានជ័យ លោក​ ថៃ ​អ៊ូ ​​​ថា ​​អាជីព​ជា​ប្រតិភូ​នាំ​កីឡាករ​បរទេស ​ពិសេស​​ថៃ​ ដើម្បី​ផ្គត់ផ្គង់​ការ​ប្រកួត​ក្នុង​ប្រទេស ​កម្ពុជា​ បាន​ធ្លាក់​ដល់​ចំណុច​សូន្យ​ក្នុង​ស្ថានភាព​ជំងឺ​ឆ្លង​កូវីដ ​១៩ ​នេះ ​ព្រោះ​ក្រសួង​សុខាភិបាល​ក៏​ដូចជា​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ បាន​ប្រកាស​ឲ្យ​ផ្អាក និង​ពន្យារពេល​ការ​នាំចូល​កីឡាករ​បរទេស ដោយ​គ្មាន​កាល​កំណត់​​ ដែល​ធ្វើ​ឲ្យ​​សេវា​នាំ​កីឡាករ​បរទេស​មក​​ប្រកួត​ក្នុង​រយៈពេល ​១ ​ខែ​កន្លង​មក​នេះ ​គឺ​គ្មាន​ទាល់​តែ​សោះ​។

បុរស​​មាន​ស្រុក​កំណើត ​នៅ​ភូមិ​បឹង​ខ្នាយ​ ឃុំ​សំបូរមាស​ ស្រុក​កំពង់សៀម ​ខេត្ត​កំពង់ចាម លោក ថៃ អ៊ូ​ មាន​អាយុ ​៦០ ​ឆ្នាំ​ ហើយ​​​បាន​មក​រស់នៅ​ជា​អចិន្រៃ្តយ៍​នៅ​ក្រុង​ប៉ោយប៉ែត​។ ​លោក​​បាន​ចាប់​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ ​ពេញ​លេញ​​តាំង​ពី​​ឆ្នាំ ​២០០៧​ ដោយ​បង្កើត​ក្លិប​ប្រដាល់​មួយ​ឈ្មោះ​ថា «​ប្រដាល់​ឃុំ​ប៉ោយប៉ែត» ប៉ុន្តែ​​បន្ទាប់​មក​បាន​ប្តូ​ឈ្មោះ​មក​ជា «ក្លិប​​ក្រុង​ប៉ោយ​ប៉ែត» ​មក​ដល់​បច្ចុប្បន្ន​។​

ក្រៅ​ពី​មាន​ក្លិប​ផ្ទាល់​ខ្លួន​ លោក ​ថៃ ​អ៊ូ បាន​ប្រាប់​ថា​៖ «​ចូល​ដល់​ឆ្នាំ ​២០១៣​ ខ្ញុំ​បន្ថែម​ការងារ​មួយ​ថ្មី​ គឺ​នាំ​កីឡាករ​ថៃ​មក​ហ្វឹកហាត់ ​និង​បញ្ជូន​មក​រក​ទីផ្សារ​ប្រកួត​ជាមួយ​សង្វៀន​ប្រដាល់​អាស៊ីអាគ្នេយ៍ ​បន្ទាប់​មក​ជាមួយ​សង្វៀន​ PNN ​និង​សង្វៀន​ប៉ុស្តិ៍​លេខ ​៥​»។

អាជីព​ជា​ប្រតិភូ​នាំ​កីឡាករ​បរទេស​មក​ប្រកួត​នេះ លោក ថៃ អ៊ូ បាន​បង្ហើប​ថា ​បាន​រីក​ធំធាត់​ខ្លាំង​ជាមួយ​សង្វៀន​អាស៊ី​អាគ្នេយ៍ ​ក្នុង​ឆ្នាំ ​២០១៤ ​ដោយ​ក្នុង ​១ ​សប្តាហ៍​មាន​ការ​ប្រកួត​ចំនួន ​៦ ​លើក ​មាន​សុក្រ ​សៅរ៍ ​និង​អាទិត្យ​ ដោយ​ត្រូវ​ការ​កីឡាករ​បរទេស​ចំនួន ​១២ ​នាក់ ខណៈ​សង្វៀន​ PNN ​ត្រូវ​ការ ​២ ​នាក់ ​និង​សង្វៀន​ប៉ុស្តិ៍​លេខ ​៥​ ត្រូវ​ការ​តែ ​១ នាក់ អ៊ីចឹង​ក្នុង​ ​១ សប្តាហ៍ លោក​ត្រូវ​​ត្រៀម​កីឡាករ​រហូត​ដល់​ ​១៥ ​នាក់​ឯណោះ។

យ៉ាង​ណា​ក៏​ដោយ ក្នុង​ពេល​ដែល​ប្រទេស ​កម្ពុជា ធ្លាក់​ក្នុង​វិបត្តិ​ជំងឺ​កូវីដ ១៩ គឺ​អាជីព​នាំ​កីឡាករ​បរទេស​មក​​ប្រកួត​របស់​លោក ថៃ អ៊ូ បាន​ធ្លាក់​ចុះ រហូត​មាន​ការ​ខាតបង់​ប្រាក់​រាប់​ពាន់​ដុល្លារ។ លោក​បាន​បញ្ជាក់​ថា៖​ «​នៅ​ក្នុង​ឆ្នាំ ​២០២០ នេះ ​ពិសេស​រយៈពេល ៣ ថ្ងៃ​ នា​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ គឺ​​គម្រោង​​ប្រកួត ​៤ ​សង្វៀន​ ក្នុង ​១ ​សង្វៀន​មាន ១០ ​គូ ​ពី​ថ្ងៃ​ទី ​១៤ ដល់​ទី ​១៦ ​ខែ​មេសា​ ដែល​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ​និង​ក្រុង​ប៉ោយប៉ែត​ ​ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុង ​​ធ្វើ​ឲ្យ​​ការ​​ត្រៀម​អ្វីៗ​គ្រប់​យ៉ាង​របស់​ខ្ញុំ ត្រូវ​​ខាត​បង់​រាប់​ពាន់​ដុល្លារ»​​។​

នៅ​ក្នុង​ការ​លំបាក​ជា​អន្តរកាល​នេះ​ លោក​ ថៃ អ៊ូ បាន​វិល​ទៅ​បើក​ហាង​លក់​គុយ​ទាវ ​និង​កាហ្វេ​វិញ​ ប៉ុន្តែ​សុទ្ធ​តែ​ចូល​ដើម​ទាំង​អស់ ​គ្មាន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ឡើយ​ ប៉ុន្តែ​លោក​បាន​ទម្លាយ​ថា អាជីព​ជា​ប្រតិភូ​នាំ​កីឡាករ​បរទេស​មក​ប្រកួត ក៏​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ដែរ។

លោក​ ​ថៃ អ៊ូ បាន​និយាយ​ថា៖ «​ក្នុង​អាជីព​ជា​ប្រតិភូ​នាំ​កីឡាករ​បរទេស​មក​ប្រកួត​ក្នុង​ប្រទេស ​កម្ពុជា​ មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ ​គឺ​ត្រូវ​ស្គាល់​ពី​សមត្ថភាព​កីឡាករ​ មាន​កត្តា​សំខាន់ ​៤ ​ចំណុច​ ​ទី ​១ ​ស្គាល់​ពី​កម្រិត​ក្បាច់​គុន​របស់​កីឡាករ​នីមួយៗ​កម្រិត​ណា?​ ទី​២ ​មាន​ប្រភេទ​ទម្ងន់​ណា​ខ្លះ ​ដែល​សង្វៀន​នៅ​កម្ពុជា​ត្រូវ​ការ​ចាំបាច់​ ​ទី​៣ ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ក្លិប​ក្រៅ​ប្រទេស​ជា​ដៃគូ ​ក្នុង​ការ​ផ្លាស់ប្តូរ​គូ​ភ្លាមៗ​ និង​ទី​៤​ ត្រូវ​មាន​ទុន​វិនិយោគ​ធំ​ ក្នុង​ការ​ផ្តល់​ឲ្យ​កីឡាករ​បរទេស​ប្រមូល​ផ្តុំ​ ហ្វឹកហាត់​ ហូប​ចុក​ត្រៀម​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ប្រកួត​បាន​​ល្អ​ក្នុង​កម្មវិធី​របស់​គេ​។

លោក​បាន​សង្កត់​ធ្ងន់​ថា៖ ​«ចំពោះ​ប្រាក់​ចំណូល​បាន​​មក​វិញ​ ​គឺ​ទទួល​បាន​ផល​ចំណេញ​​តិច​តួច​ណាស់​ ហើយ​​ប្រឈម​ទៅ​នឹង​ការ​ខាត់បង់​ច្រើន​ ដូច​ជា​ផ្លាស់​ប្តូរ​គូ​ដោយសារ​សុខភាព ​ប្តូរ​គូ​ដោយ​រក្សា​ទម្ងន់​មិន​បាន ​និង​ប្តូរ​គូ​ដោយ​កីឡាករ​របួស​មិន​ទាន់​ជា​សះស្បើយ​ជា​ដើម ​ប៉ុន្តែ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​ក្នុង​ការងារ​នេះ ហើយ​ខ្ញុំ​មាន​កូន​ប្រុស ២ ​នាក់ បាន​ចូល​រួម​ជួយ​ការងារ​នេះ​ គឺ​ម្នាក់​នៅ​ប្រចាំ​ការ​ប្រទេស ​ថៃ ​ញឹក​ញាប់​ និង​ម្នាក់​ទៀត​នាំ​កីឡាករ​មក​ក្នុង​ប្រទេស ​ដើម្បី​ប្រកួត​ចំណែក​​​ខ្ញុំ​ជា​អ្នក​​គ្រប់គ្រង ​និង​សម្រេច​រួម​លើ​កិច្ច​ការ​នេះ»។

លោក ថៃ អ៊ូ បាន​បញ្ជាក់​បន្ថែម​ថា៖ ​«បន្ថែម​លើ​នេះ ប្រពន្ធ​ និង​កូន​ស្រី​​របស់​ខ្ញុំ គ្រប់គ្រង​លើ​មុខ​របរ​ម៉ៅ​ការ​ម្ហូប ​ក្នុង​ពិធី​បុណ្យ​ ឬ​ពិធី​ការ​ផ្សេងៗ ​​នៅ​ក្រុង​ប៉ោយប៉ែត​ ដើម្បី​យក​ថវិកា​ជួយ​ផ្នែក​សកម្មភាព​កីឡា​នេះ​ផង​ដែរ​។​ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ​ការ​បើក​ឲ្យ​មាន​កម្មវិធី​នាំ​កីឡាករ​បរទេស​មក​ប្រកួត​វិញ ​នៅ​​មិន​ទាន់​ឮ​ដំណឹង​អ្វី​នៅ​ឡើយ​ទេ ​ហើយ​ប្រសិន​បើក​វិញ​ ខ្ញុំ​នឹង​បន្ត​ការ​ទំនាក់ទំនង​ឡើង​វិញ​ទៀត ​ដើម្បី​ស្តារ​ការងារ​នេះ​​មក​វិញ ​ខណៈ​ដែល​ពេល​នេះ​ បាន​ធ្លាក់​ដល់​ចំណុច​សូន្យ​គ្មាន​សកម្មភាព​អ្វី​បន្តិច​សោះ​​ឡើយ»​​៕​