The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាកណ្ដាល​កែ​ភេទ​ដំបូង បង្ហាញ​វត្តមាន នៅក្នុង​ការប្រកួត​លីគ​កំពូល​អ៊ីស្រាអែល




អាជ្ញាកណ្ដាល​កែ​ភេទ​ដំបូង បង្ហាញ​វត្តមាន នៅក្នុង​ការប្រកួត​លីគ​កំពូល​អ៊ីស្រាអែល

Content image - Phnom Penh Post
អាជ្ញាកណ្ដាល​បាល់ទាត់ Berman (ឆ្វេង) កំពុង​ធ្វើ​តួនាទី​កាត់ក្ដី​ក្នុង​ការប្រកួត នៅ​ក្របខ័ណ្ឌ Premier League អ៊ីស្រាអែល​កាលពី​ថ្ងៃ​ចន្ទ។

អាជ្ញាកណ្ដាល​កែ​ភេទ​ដំបូង បង្ហាញ​វត្តមាន នៅក្នុង​ការប្រកួត​លីគ​កំពូល​អ៊ីស្រាអែល

ក្រុងហ្ស៊េរុយសាឡិម: Sapir Berman ដែលជា​អាជ្ញាកណ្ដាល​បាល់ទាត់​កែ​ភេទ​ដំបូង​គេ​របស់​ក្របខ័ណ្ឌ Premier League អ៊ីស្រាអែល​បាន​ធ្វើ​តួនាទី​លើកដំបូង​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ហ្គេម​លីគ​កំពូល​របស់​ប្រទេស​នេះ ចាប់តាំងពី​ប្ដូរ​ភេទ​មកជា​មនុស្ស​ស្រី។

Berman បាន​ធ្វើការ​ប្រកាស​កាលពី​ខែ​មុន​ថា នាង​បាន​ប្ដូរ​ឈ្មោះ​របស់​ខ្លួន​ពី Sagi ទៅ Sapir ហើយ​បង្ហាញ​អត្តសញ្ញាណ​ថា ជា​ស្ត្រី ១​រូប។ ការប្ដូរ​ភេទ​នេះ ធ្វើឱ្យ​នារី​វ័យ ២៦ ឆ្នាំ​ដែល​ធ្វើ​តួនាទី​ជា​អ្នកកាត់ក្ដី​នៅ Premier League អ៊ីស្រាអែល​តាំងពី​ឆ្នាំ ២០១១ ក្លាយជា​អាជ្ញាកណ្ដាល​កែ​ភេទ​ទី ១ របស់​លីគ។

អាជ្ញាកណ្ដាល Berman កាលពី​ថ្ងៃ​ចន្ទ ពេល​ដើរ​ចូលទៅ​ជាន់​ទីលាន​ក្នុង​កីឡដ្ឋាន Sammy Ofer របស់​ក្រុម Hapoel Haifa ភ្លាម​មាន​សំឡេង​ទះដៃ និង​កញ្ចែ​លាយ​ចម្រុះ​គ្នា​បន្លឺឡើង ដើម្បី​ស្វាគមន៍​រូបនាង ខណៈ​អ្នកគាំទ្រ​ម្នាក់ បាន​ស្រែក​ថា «Sapir យើង​ទាំងអស់​គ្នា​នៅ​ខាង​អ្នក» ហើយ​ការប្រកួត​ដែល​នាង​កាត់ក្ដី​នោះ ចុងក្រោយ​ក្រុម​ម្ចាស់ផ្ទះ Hapoel Haifa ឈ្នះ​ក្រុម Beitar Jerusalem ៣-១។

«ខ្ញុំ​មិនដឹងថា តើ​ខ្ញុំ​គឺជា​អ្នកត្រួសត្រាយ​ផ្លូវ ឬ​ជា​អ្នក (អាជ្ញាកណ្ដាល) ទី ១ ដែល​ធ្វើ​រឿង​នោះ តែ​ខ្ញុំ​នឹង​ឆ្លងកាត់​ដំណើរការ​នេះ គឺ​ដើម្បី​ខ្ញុំ​ខ្លួនឯង»។ នេះ​ជា​សម្ដី​របស់ Berman ដែល​និយាយ​កាលពី​ខែ​មុន។

ជាមួយ​គ្នា​នេះដែរ នាង​ប្រាប់ថា នាង​បាន​ទទួល​បាន​នូវ​សារ​គំរាមកំហែង​យ៉ាងច្រើន តាម​បណ្ដាញ​សង្គម តែ​ក៏មាន​សារ​លើកទឹកចិត្ត​ផងដែរ ដោយ​ក្នុងនោះ​សារ​ពី​មិត្ត​រួម​អាជីព។

Ronit Tirosh ដែលជា​ប្រធាន​សហជីព​អាជ្ញាកណ្ដាល​នៅ​អ៊ីស្រាអែល​បាន​ឱ្យ​ឈ្មោះ Berman ថា «ក្លាហាន» ហើយ​និយាយថា នាង​បានចាប់ផ្ដើម​បង្កើតឱ្យ​មាន​នូវ​ដំណើរការ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​កីឡា​បាល់ទាត់​អ៊ីស្រាអែល។

ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ទទួល​ស្គាស់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ដែល​រៀបចំ​នៅ​ក្រៅ​ប្រទេស តែ​ការស្រឡាញ់​ភេទ​ដូចគ្នា នៅតែ​ជា​ការហាមឃាត់​ក្នុង​រង្វង់​អ្នក​កាន់​សាសនា​ជី្វហ្វ៕ VN

អត្ថបទគួរចាប់អារម្មណ៍