
លោក អាត សំរិទ្ធ បានម៉ាត់ទៅលើ អេ ភូថង កាលអ្នកទាំង២ នៅជាកីឡាករ អាចប្រកួតបាន។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ គ្រូប្រដាល់នៃក្លិបអរុណរះខេត្តកណ្តាល លោក អាត សំរិទ្ធ ដែលបានវិវឌ្ឍខ្លួនទៅធ្វើជាចៅក្រមអាជ្ញាកណ្តាលឲ្យសង្វៀនប្រដាល់ឯកជន តាមរយៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរនោះបានទម្លាយថា លោកពិតជាចង់វិលមកធ្វើជាគ្រូបង្វឹកជម្រើសជាតិ នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប៉ុន្តែការចង់វិលមករកទ្រនំចាស់ ដែលខ្លួនបានឃ្លាតឆ្ងាយអស់រយៈពេល ២ ឆ្នាំមកហើយនេះ វាហាក់គ្មានសង្ឃឹមសម្រាប់លោកទៀតទេ។
លោក អាត សំរិទ្ធ ដែលបច្ចុប្បន្នមានអាយុ ៥០ ឆ្នាំ បានឆ្លងកាត់ខ្សែជីវិតជាអ្នកប្រដាល់ និងធ្លាប់ធ្វើជាគ្រូបង្វឹកជម្រើសជាតិ ប៉ុន្តែក្រោយមកត្រូវបាត់បង់ ខណៈដែលបច្ចុប្បន្នរក្សាបាននូវអាជីពស្ម័គ្រចិត្ត ជាគ្រូបង្វឹករបស់ក្លិបអង្គការកុមារកំព្រា នៅឯស្រុកស្អាង ខេត្តកណ្តាល ហើយជានិច្ចកាលនៅតែផ្សារខ្លួនភ្ជាប់ជាមួយជម្រើសជាតិប្រដាល់សកល តែមិនមែនជាក្របខ័ណ្ឌ ដែលទទួលបានប្រាក់ពីរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា នោះឡើយ។
នៅក្នុងការជួបសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ លោក អាត សំរិទ្ធ បានរៀបរាប់ថា លោកមានស្រុកកំណើត ក៏ដូចបច្ចុប្បន្ននៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មានឪពុកឈ្មោះ ស្បោង ស្រ៊ុន និងម្តាយ មួង ពិច ជាកសិកររកស៊ីធម្មតា។ លោកបានចូលហ្វឹកហាត់កីឡាប្រដាល់សកលតាំងពីក្មេង ហើយបានជាប់ជាក្របខ័ណ្ឌជម្រើសជាតិនៅឆ្នាំ ១៩៩៧។
លោក អាត សំរិទ្ធ បានបន្ថែមថា៖ «ក្រោយពេលខ្ញុំមានអាយុច្រើនមានបទពិសោធក្នុងកីឡា និងធ្លាប់ទទួលបានមេដាយជូនជាតិពីឆាកអន្តរជាតិមក ខ្ញុំបានក្លាយជាគ្រូបង្វឹកឲ្យសហព័ន្ធប្រដាល់សកលកម្ពុជា ហើយទទួលបានលទ្ធផលគួរជាទីពេញចិត្ត ពិសេសផលិតបានអ្នកប្រដាល់សកលថ្នាលបានល្អជាច្រើននាក់ មានដូចជា ពេជ្រ ម្ទេសខ្មាំង ជាដើម»។
លោកបញ្ជាក់ថា៖ «ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ខ្ញុំមិនទទួលបានតួនាទីជាគ្រូបង្វឹកទៀតនោះទេ ខណៈដែលសមត្ថភាពមានទឹកចិត្តនៅតែស្រឡាញ់ និងចង់រក្សាអាជីពមួយនេះផងដែរ ប៉ុន្តែថ្នាក់លើមើលមិនឃើញ ដោយមិនដឹងថា លក្ខខណ្ឌដើម្បីជាប់គ្រូជម្រើសជាតិនោះ គេផ្អែកលើសមត្ថភាពជំនាញបែបណា?»។

លោក អាត សំរិទ្ធ ពេលឡើងធ្វើជាអាជ្ញាកណ្តាល នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ កាលពីពេលថ្មីៗនេះ។ ពន្លក
តាមប្រវត្តិឯកសារចងក្រងកំណត់ត្រារបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អ្នកឈ្នះជយលាភីពីព្រឹត្តិការណ៍ស៊ីហ្គេមពីចន្លោះឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០១៥ លោក អាត សំរិទ្ធ មានកំណត់ត្រាល្អ គឺឈ្នះបានមេដាយពីអន្តរជាតិជាផ្លូវការជាច្រើនក្នុងនោះព្រឹត្តិការណ៍ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៥។
ប្រភពពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលចងក្រងប្រវត្តិអ្នកឈ្នះជយលាភីពីស៊ីហ្គេមនោះ លោក អាត សំរិទ្ធ ឈ្នះពានមិត្តភាពកម្ពុជាឡាវ នៅឆ្នាំ ២០០០ ហើយស៊ីហ្គេមលើកទី ២១ នៅប្រទេស ម៉ាឡេស៊ី លោកធ្លាប់ចូលរួម តែមិនបានលទ្ធផលល្អទេ ចំណែកការប្រកួតជើងឯកអាស៊ីនៅប្រទេស កូរ៉េ ក៍មិនទទួលបានលទ្ធផលល្អដែរ។
ប៉ុន្តែជាបន្តបន្ទាប់មកទៀត រហូតដល់ឆ្នាំ ២០១៥ លោកទទួលបានជយលាភីចំនួន ៣ ព្រឹត្តិការណ៍ ដោយក្នុងនោះប្រកួតស៊ីហ្គេមលើកទី ២៣ នៅប្រទេស ហ្វីលីពីន លោកឈ្នះបានមេដាយសំរឹទ្ធ ១ ឯការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេស វៀតណាម ឈ្នះបានពានមាស ១ និងការប្រកួតប្រដាល់អាស៊ាននៅវៀតណាម ក្នុងឆ្នាំ ២០១៥ ដដែលលោកបានឈ្នះមេដាយប្រាក់ ១ គ្រឿងផងដែរ។
ក្រោយបញ្ចប់អាជីពជាកីឡាករ លោក អាត សំរិទ្ធ បានជាប់ជាគ្រូបង្វឹកជម្រើសជាតិថ្នាលប្រដាល់សកល រហូតដល់ឆ្នាំ ២០១៨ ទើបបាត់ឈ្មោះពីគ្រូបង្វឹក ហើយតាមរយៈបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ លោក អាត សំរិទ្ធ បានបង្ហើបថា លោកនៅតែប្រាថ្នាចង់រក្សាអាជីពជាគ្រូបង្វឹកជម្រើសជាតិ ប៉ុន្តែស្ថានភាពប្រកួតប្រជែងបូករួមទាំងមានបញ្ហាបក្ខពួកជាខ្សែបណ្តាញផងនោះ រូបលោកមិនអាចប្រជែងជាមួយគេបាននោះឡើយ ខណៈដែលសមត្ថភាព និងបទពិសោធរបស់ អាត សំរិទ្ធ មិននៅក្រោមគេនោះទេ៕