ភ្នំពេញ៖ ​អាថ៌កំបាង​នៅ​ពី​ក្រោយ​នៃ​ជ័យជម្នះ​របស់ រិន សារ័ត្ន លើ​​ សោម វិឆ័យ ដើម្បី​ក្លាយ​ជា​ម្ចាស់​​ជើងឯក ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់ TV5 Boxing Knock Out Series ទម្ងន់ ​៦៣,៥ ​គីឡូក្រាម ត្រូវ​បាន​ សារ័ត្ន និង​អ្នក​គ្រប់គ្រង​រូប​គេ​ផ្ទាល់​ទម្លាយ​​ថា វា​កើត​ចេញ​ពី ​«ការ​​ឈឺ​ចាប់» ជុំវិញ​ការ​មើល​ស្រាល​របស់ សោម វិឆ័យ នៅ​មុន​ការ​ប្រកួត​ចាប់​ផ្តើម។

ក្រោយ​ទទួល​បាន​ជ័យជម្នះ​ភ្លាម​ អ្នកស្រី​ Chhanun Ma ​អ្នក​គ្រប់គ្រង​ និង​មើល​​ថែ​ ​រិន ​សារ័ត្ន ​បាន​ទម្លាយ​ឲ្យ​ដឹង​​ថា​៖ ​«ការ​ឈ្នះ​របស់​ រិន ​សារ័ត្ន ​បាន​កើត​ឡើង​ពី​ការ​ឈឺ​ចាប់ ​ក្រោយ​ពេល​ឮ​ដំណឹង​ពី​ការ​ពោល​ពាក្យ​ចំអក​​របស់​ដៃ​គូ​ប្រជែង​ គឺ ​សោម ​វិឆ័យ​ ថា ​មិន​សម​ជា​ដៃគូ​»។

អ្នកស្រី​បាន​​បន្ថែម​ថា​៖ ​ខ្ញុំ​នាំ​ រិន​ សារ័ត្ន​ ទៅ​ហាត់​ជាមួយ​ ហ៊ុន ​ចាន់​រាជ ​ដើម្បី​ពង្រឹង​កម្លាំង​ និង​បច្ចេកទេស​ ហើយ​​លោក​គ្រូ​ប្រដាល់​ សាន់​ សៅ​យ៉ាន់​ ក៏​បាន​មក​បង្វឹក​ផ្ទាល់​បាន​ ​២ ​សប្តាហ៍​ដែរ ​ខណៈ ​សារ័ត្ន បាន​​ហាត់​ជាប់ ​៤ ​សប្តាហ៍​ គ្មាន​គិត​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នោះ​ទេ ​ទើប​ទទួល​លទ្ធផល​ឈ្នះ​បែប​នេះ​»។

តាមរយៈ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ កាល​ពី​ថ្ងៃ​សៅរ៍នោះ ​រិន ​សារ័ត្ន ​មាន​ប្រៀប​​ដាច់​នៅ​ទឹក​ទី ​៣ ដែល​ជា​ទឹក​ផ្តាច់​ព្រ័ត្រ​ ដោយ​រូប​គេ​បាន​​វ៉ៃ​​ឲ្យ​ សោម ​វិឆ័យ​ ថមថយ​កម្លាំង ​និង​បាន​ដួល​ចំនួន ​៣ ​លើក​ ចំណែក​​​ទឹក​ទី ​១ ​វិឆ័យ ​មាន​ប្រៀប​បន្តិច​បន្តួច ​ហើយ​ទឹក​ទី ​២ ​​សារ័ត្ន​ ដណ្តើម​ប្រៀប​បាន​វិញ ​និង​បាន​​វ៉ៃ​ផ្តាច់​ក្នុង​ទឹក​ទី ​៣ ​តែ​ម្តង​។​

អ្នកស្រី​ Chhanun Ma បាន​អះអាង​ថា៖ ​«​ការ​ឈ្នះ​របស់​ រិន​ សារ័ត្ន ​គឺ​ឯកច្ឆន្ទ​ពី​ចៅក្រម ​​គ្មាន​ការ​តវ៉ា ​ព្រោះ​ជា​ការ​ប្រើ​​សមត្ថភាព​ពិត ​និង​ការ​តស៊ូ​ប្រឹងប្រែង​បំផុត ​ដោយ​ប្រែ​ក្លាយ​ពី​ការ​ឈឺ​ចាប់​ មក​ទទួល​បាន​ផល​ល្អ​។ ​ជ័យជម្នះ​នេះ​ល្បីល្បាញ​ខ្លាំង​ណាស់​ ព្រោះ សារ័ត្ន មិន​ធ្លាប់​បាន​លេខ ​១ ​ទេ ​បាន​ត្រឹម​លេខ ​២ ​តែ​ពេល​នេះ ​ឈ្នះ​ជើង​ចាស់​ សោម ​វិឆ័យ ​ដែល​​មាន​បទពិសោធ​យូរ​ជាង​ ល្អ​ជាង ​ខ្លាំង​ជាង ​គឺ​ពិត​ជា​អស្ចារ្យ​ណាស់​​»​។​

តាមរយៈ​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ រិន សារ័ត្ន ក្លាយ​ជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​បាន​ឈ្នះ​គ្រប់​ការ​ប្រកួត តាំង​ពី​វគ្គ​ជម្រុះ ​៣២ ​នាក់ ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ដើម្បី​ក្លាយ​ម្ចាស់​ជើង​ឯក​និង​ប្រាក់​រង្វាន់ ​៤ ០០០ ដុល្លារ ចំណែក សោម វិឆ័យ បាន​​ប្រាក់​រង្វាន់​ ​២ ០០០ ​ដុល្លារ។

រិន ​សារ័ត្ន បាន​​និយាយ​ក្រោយ​ពេល​ឈ្នះ​ថា​៖ ​«មុន​ពេល​ប្រកួត ​ខ្ញុំ​សង្ឃឹម​ឈ្នះ​តិច ​ប៉ុន្តែ​ក្នុង​ចិត្ត​គិត​ថា​ នឹង​យក​ឈ្នះ​ឲ្យ​បាន ​ដើម្បី​កុំ​ឲ្យ ​សោម ​វិឆ័យ​ មាក់​ងាយ​ ហើយ​​ជ័យជម្នះ​នេះ​ អាច​ចាត់​ទុក​ថា ​ជា​ប្រវត្តិ​ល្អ ​សម្រាប់​អាជីព​ប្រដាល់​របស់​ខ្ញុំ ​ក្នុង​នោះ​ពាក្យ​សម្តី​របស់ ​សោម ​វិឆ័យ ​ដែល​ចំអក​​មក​លើ​ខ្ញុំ ​នាំ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់ និង​ក្លាយ​ទៅ​ជា​ការ​ប្រឹងប្រែង​ ហើយ​ទទួល​បាន​ផល​ល្អ​​បែប​នេះ​តែ​ម្តង»​។

សារ័ត្ន បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​បាន​ស្ទង់ស្ទាប​ពី​ដំបូង​នូវ​​ទម្ងន់​ជើង​របស់​ សោម វិឆ័យ ​ដែល​ទាត់​មក​លើ​ខ្ញុំ ​គឺ​មិន​ធ្ងន់ ​ហើយ​ខ្ញុំ​បាន​​សង​ទៅ​វិញ ​ព្រម​ទាំង​ចាប់​ឡើង​ជង្គង់​ភ្លាមៗ​ ធ្វើ​ឲ្យ​​កម្លាំង​គាត់ ​ចាប់​ផ្តើម​ខ្សោយ​ចុះ​ ត្រឹម​ទឹក​ទី ​២ ​ហេតុ​នេះ​ខ្ញុំ​ត្រូវ​វាយ​សម្រុក​ខ្លាំង​តែ​ម្តង​ បង្ខំ​ឲ្យ​គាត់​ដួល​ញឹកញាប់​។ ប៉ុន្តែ​​ខ្ញុំ​គិត​ថា ​គាត់​ប្រហែល​ជា​ឈឺ​ជើង បាន​ជា​មិន​សូវ​ទាត់ ​ហើយ​ខ្ញុំ​បាន​តាម​ដាន​ការ​ប្រកួត​​មុនៗ​ ឃើញ​ថា គាត់​ល្អ​បាន​តែ ​២ ទឹក​ប៉ុណ្ណោះ​ អ៊ីចឹង​ខ្ញុំ​មាន​គំនិត​ប្រយុទ្ធ​ខ្លាំង​ គ្មាន​ដក​ថយ ​ដើម្បី​យក​ឈ្នះ​ផ្នែក​កម្លាំង ​និង​ក្បាច់​ជង្គង់​»។​​

ចំណែក ពុយ ​វណ្ណៈ​ ​បាន​យក​ឈ្នះ វ៉ែន ​ហុងជីវ៉ុង ​​ដោយ​ពិន្ទុ ដើម្បី​ទទួល​បាន​​លេខ ​៣ និង​ប្រាក់​រង្វាន់ ​៧៥០ ដុល្លារ ខណៈ​អ្នក​លេខ ​៤ ហុងជីវ៉ុង បាន ​៥០០ ដុល្លារ៕