ភ្នំពេញ៖ ​ប្រតិភូ​កីឡា​តេក្វាន់ដូ ITFរបស់​កម្ពុជា បាន​នាំ​យក​មហាកិត្តិយស គឺ​ការ​ឈ្នះ​បាន​មេដាយ​មាស ១ ប្រាក់ ២ និង​សំរឹទ្ធ ២ ពី​ការ​ប្រកួត​ជើងឯក​ពិភព​លោក World Taekwon-do ITF Championship នៅ​ក្រុង Plodiv ​ប្រទេស ​ប៊ុលហ្គារី​ មក​ដល់​មាតុ​ប្រទេស​វិញ កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​មាន​ការ​រៀបចំ​ដង្ហែ​ក្បួន​អម​ដោយ​ម៉ូតូ​ធំ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ទីស្នាក់ការ​ក្រសួងអប់រំ យុវជន និង​កីឡា នៅ​ក្បែរ​វិមាន​ឯករាជ្យ​ដ៏​អធិកអធម​បំផុត។

នៅ​ក្នុង​ការ​ទទួល​ស្វាគមន៍​នោះ លោកស្រី គីម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា៖ ​«ក្នុង​នាម​ឲ្យ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ​ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ នាង​ខ្ញុំ​សូម​សម្តែង​ការ​ស្វាគមន៍​អបអរ​សាទរ​ប្រកប​ដោយ​ក្តី​មោទនភាព​ជា​ទីបំផុត ចំពោះ​ប្រតិភូ​កីឡា ITF ជា​ពិសេស​អត្តពលិក ​ដែល​ខិតខំ​ប្រឹងប្រែង​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ ហើយ​បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ថ្មី លើកទី ​១ ដល់​កម្ពុជា​ក្នុង​ការ​ទទួល​បាន​មេដាយ​មាស​ ព្រម​ទាំង​មេដាយ​ប្រាក់ និង​សំរឹទ្ធ កម្រិត​ពិភព​លោក​លើក​នេះ»។

លោកស្រី បានបន្ថែម​ថា៖​ «សមិទ្ធផល​ជោគជ័យ​ដ៏​ថ្លៃថ្លា​នេះ វា​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​ប្រាក​ណាស់ថា​ ការ​ឈ្នះ​មេដាយ​មាស ជា​កំណត់ត្រា​​ប្រវត្តិសាស្រ្ត​នេះ ​វា​កើត​ឡើង​ដោយ​ការ​ខិតខំ​ព្យាយាម​របស់​កីឡាករ​យើង ​គ្រូ​បង្វឹក និង​ថ្នាក់​ដឹកនាំ​របស់​​សហព័ន្ធ ព្រម​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ការ​លើក​ទឹក​ចិត្ត និង​ការ​ផ្តល់​តម្លៃ​លើ​វិស័យ​កីឡា​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​គឺ សម្តេច ហ៊ុន សែន ហើយ​មោទនភាព ដែល​បងប្អូន​កីឡាករ​របស់​យើង ទទួល​បាន​នៅ​ពេល​នេះ គឺ​មិន​មែន​សម្រាប់​​តែ​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​ទេ ប៉ុន្តែ​ជា​មោទនភាព​របស់​កម្ពុជា​ទាំង​មូល»។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​នេះ កីឡាករ ប៉ាល់ ជីវ័ន បាន​ឈ្នះ​មេដាយ​មាស លើ​ការ​សម្តែង​មេគុន​ខ្សែ​ក្រវាត់​ខ្មៅ ​៥ ​ដាន់ ហើយ​ ជីវ័ន ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ការ​សម្តែង​ពិសេស ​រួម​គ្នា​ជាមួយ​កីឡាករ តាំង សៀងសុង, ស៊ុំ គង់ហេង, ឃឿន ប៊ុងលាង, ឃឿន ប៊ុនឡុង និង នេត្រ ហាក់លី ផង​ដែរ។ ចំណែក​កីឡាករ បួនចាន់ ថារ៉ាត់ បាន​ឈ្នះ​មេដាយ​ប្រាក់ ​១ លើ​ការ​ប្រកួត​ទម្ងន់ ​៤៥ ​គីឡូក្រាម ហើយ​កីឡាករ ម៉េត សុខមាន, សុភ័ក្ត្រ ចន្ទឧត្តម, បួនចាន់ ថារ៉ាត់ និង វឿង វណ្ណៈ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ លើ​ការ​សម្តែង​ជា​ក្រុម ខណៈ​លោក​គ្រូ ហឹម រីដា បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ការ​ប្រកួត​បំបែក​ក្តារ ក្រុម​អាយុ ​៤០ ដល់ ​៤៩ ​ឆ្នាំ។

យ៉ាង​ណា​ក៏​ដោយ នៅ​ពី​ក្រោយ​ការ​បង្កើត​ប្រវត្តិសាស្រ្ត​ជូន​ជាតិ​នេះ ប្រតិភូ​កីឡា​តេក្វាន់ដូ ITF ដែល​ដឹកនាំ​ដោយ​លោក កែវ រ៉េមី ជា​​ប្រធាន​សហព័ន្ធ ​បាន​បិទ​បាំង​នូវឆន្ទៈ និង​ជម្នះ​ការ​លំបាក​យ៉ាង​ច្រើន ខណៈ​អ្នក​ខ្លះ​បាន​ខំ​ប្រឹង​ប្រកួត​ទាំង​ខ្លួន​មាន​របួស​ ហើយ​អ្វី​ដែល​គួរ​កត់​សម្គាល់​បំផុត​នេះ គឺ​កីឡាករ ​៥ នាក់ បាន​វិល​មក​វិញទាំង​មាន​របួស​ជាប់​ខ្លួន ក្នុង​នោះ នេត្រ ហាក់លី បាន​រយះកែង​ជើង និង​ខ្ទាំបាតជើង, ឃឿន ប៊ុនឡុង របួស​ដៃ និង​ហើម​ប្រអប់​ដៃ ខណៈ ស៊ុំ គង់ហេង ក៏​មាន​របួស​ដៃ​ផង​ដែរ។ ចំណែក​កីឡាករ វឿង វណ្ណៈ បាន​របូត​សន្លាក់​ឆ្អឹង​ស្មា ពេល​ធ្លាក់​ពី​ការ​លោត​សម្តែង ១ នាក់ ​ទល់​នឹង ​៣ នាក់ ហើយ​លោក​គ្រូ ហឹម រីដា បាន​របួស​ជើង និង​ហើម​ប្រអប់​ជើង ក្នុង​ការ​ប្រកួត​ទាត់​បំបែក​ក្តារ។​

ជុំវិញ​នឹង​បញ្ហា​របួស​នេះ​លោក ផាន់ វណ្ណរ័ត្ន អនុ​ប្រធាន​សហព័ន្ធ​កីឡាតេក្វាន់ដូ ITF កម្ពុជា​ថ្លែង​ថា៖ ​«គ្រប់​កីឡាករ ITF ​របស់​កម្ពុជា បាន​តស៊ូ មិន​ខ្លាច​ពួក​ច្រមុះ​ស្រួច ​អឺរ៉ុប ​រុស្ស៊ី ឬ​ប្រទេស​ណា​នោះ​ទេ ហើយ​ពេល​ឃើញ​សកម្មភាព​ប្រកួត​របស់​ពួក​គាត់ សឹង​តែ​ស្រក់​ទឹក​ភ្នែក។ ទោះបី​ជា​យើង​ខ្លួន​​តូច និង​ទាប​ជាង​គេ ហើយ​អ្នក​ខ្លះ​មាន​ទាំង​របួស​ជាប់​ខ្លួន ប៉ុន្តែ​កីឡាករ​របស់​យើង​មិន​បោះបង់​នោះ​ទេ គឺ​ពួក​គាត់​ប្រឹងប្រែង​ប្រកួត​ដោយ​​ឆន្ទៈ​ខ្ពស់​បំផុត ទើប​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ នៅ​ពេល​នេះ គឺ​ខ្ញុំ​សូម​សរសើរ​ពួក​គាត់​អស់​ពី​ដួង​ចិត្ត»៕