ភ្នំពេញៈ សេះ​លំដាប់ក្នុងស្រុក​ឈ្មោះ «អាផ្កាយ» នៅ​តែ​បាន​បង្ហាញ​ពី​ការ​រត់​​យ៉ាង​លឿន ដើម្បី​បន្ត​ឈ្នះ​តំណែង​ជើង​ឯក ក្នុងការ​ប្រកួតកីឡា​ប្រណាំងសេះ​ ដណ្ដើម​ពានរង្វាន់ Smart Land Home Champion 2018 ប្រចាំ​ខែមេសា នៅ​លើ​ទឹក​ដី​វិហារសួគ៌ ​កាល​ពី​ថ្ងៃសៅរ៍ ខណៈ​សេះឈ្មោះ​ Na Va Ra ​បាន​​បង្ហាញ​ពី​សមត្ថ​ភាព​កាន់​តែ​ល្អ ដើម្បី​ឈ្នះ​តំណែង​ជើង​ឯក​ ជា​លើក​ដំបូង។

ជាមួយ​នឹង​កម្ពស់​ ១,៣៩ ​ម៉ែត្រ អាផ្កាយ ដែល​បញ្ជា​ដោយម្ចាស់​របស់​វា​ផ្ទាល់​គឺ​​កីឡាករ ស្រូល ស្រួច ​អាផ្កាយ បាន​​រត់​យ៉ាង​លឿន ក្នុង​រយៈ​ចម្ងាយ​ ១៦០០ ​ម៉ែត្រ ដើម្បី​ទៅ​កាន់​ទី​ផ្តាច់​ព្រ័ត​បាន​មុន​គេ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុងការ​ប្រកួត​ពូល ​D ជាលើក​ទី​ ៣ អម​ជាមួយ​ប្រាក់​រង្វាន់​ចំនួន​ ១,២ លាន​​រៀល ហើយ​លេខ​ ២ ​បាន​ទៅ​សេះ​ឈ្មោះ អារ៉េ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ ​១ ​លាន​រៀល និងលេខ​ ៣ ​​បាន​ទៅ​សេះ​ឈ្មោះ ប្រុសប៉ាវ អម​ជាមួយ​ប្រាក់​រង្វាន់​៨០ ម៉ឺន​រៀល។

ការ​បន្ត​គ្រង​តំណែង​ជើង​ឯក​ប្រចាំ​ខែ​មេសា របស់ អាផ្កាយ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សេះ​មួយ​ក្បាល​នេះ នៅ​តែ​​មាន​សមត្ថ​ភាព​ល្អ និងមិន​ទាន់​រក​គូ​ប្រជែង​បាន នៅ​ក្នុង​ពូល ​D នេះ ព្រោះ​សម្រាប់​ការ​ប្រកួត​ប្រចាំ​ខែ​កុម្ភៈ និង​ខែ​មីនា កន្លង​មក​នេះ អាផ្កាយ ប្រជែង​បាន​លេខ​ ១ ​រហូត ខណៈ​ការ​ប្រកួត​កាល​ពី​ខែ​មករា អាផ្កាយ បាន​ចាញ់ អារ៉េ ដោយ​ទទួល​បាន​​ត្រឹម​លេខ​ ២ ប៉ុន្តែ​៣​ខែ​ចុង​ក្រោយនេះ អារ៉េ ដែល​បញ្ជា​ដោយ​កីឡាករ​ ពិសី បាន​ត្រឹម​លេខ​ ២ ​រហូត។

ចំណែក​ការ​ប្រកួត​ប្រចាំ​ពូល ​C ដែល​​ត្រូវបាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃសៅរ៍​នោះ​ដែរ សេះ​ឈ្មោះ Na Va Ra មាន​កម្ពស់ ​១,៤២ ម៉ែត្រ ​ដែល​បញ្ជា​ដោយ​​ម្ចាស់​របស់​​វា​ផ្ទាល់ ​គឺ​កីឡាករ ឈុន ហេង បាន​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក អម​ជាមួយ​ប្រាក់ ២ លាន​រៀល ឯ​លេខ ​២ ​បាន​ទៅ​សេះ​ឈ្មោះ អាឆ្លាម អម​ជាមួយ​ប្រាក់​រង្វាន់​ ១,៦ លាន​រៀល ហើយ​លេខ​ ៣ បាន​ទៅ​សេះ​ ដែល​មាន​អ្នក​គាំទ្រ​​ច្រើនជាង​គេឈ្មោះថា KK អម​ជាមួយ​ប្រាក់​រង្វាន់ ១,២ លាន​រៀល។

​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​១​របស់ Na Va Ra ប្រចាំ​​ខែ​មេសា​​នេះ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​របស់​សេះ​មួយក្បាល​នេះ ព្រោះ​ការ​ប្រកួត កាល​ពី​ខែមករា Na Va Ra បាន​ត្រឹម​លេខ ​៣ ហើយ​ខែ​កុម្ភៈ បាន​លេខ​ ២ ខណៈ​ការ​ប្រកួត​​ប្រចាំ​ខែ​មីនា កន្លង​មក​នេះ Na Va Ra មិន​ទទួល​បាន​ចំណាត់​ថ្នាក់​នោះ​ទេ៕