ប៉ារីស: ការគ្រង​ពាន​កម្មវិធី French Open លើក​ទី​ ១៣ របស់ Rafael Nadal ត្រូវបាន Roger Federer សរសើរ​ថា ជាការ​សម្រេច​ជោគជ័យ​អស្ចារ្យ​បំផុត ប៉ុន្តែ​សម្រាប់​ការចង់​គ្រវី​ទង់​របស់​កីឡា​វាយ​កូនបាល់ (​តិន្នីស​) ឱ្យបាន​ច្រើនជាងគេ ជា​កាំបិត​ដោត​ជាប់​ក្នុង​មហិច្ឆតា​របស់​ពួកគេ​។

Nadal ដែល​ពេលនេះ​ឈ្នះ​ពាន Grand Slam ២០ ​ដង ស្មើនឹង Federer នោះ ឈ្នះ​ជើងឯក​បាន ៦ ​លើក​ហើយ គិត​តាំងពី​ចូល​វ័យ ៣០ ​ឆ្នាំ ហើយ​កីឡា​ករលេខ​ ១ ពិភពលោក Novak Djokovic លើក​ពាន​បាន​ ៥ តាំងពី​ឆ្លង​ផុត​អាយុ ២០ ​ឆ្នាំ ខណៈ​សូម្បី Federer ឥឡូវ​វ័យ ៣៩ ​ឆ្នាំ​កាន់​ពាន ៤ ក្រោយ​ធ្វើ​ខួប​អាយុ ៣០ ​ឆ្នាំ​ហើយ​។

នេះ​គឺជា​ស្ថិតិ​ដែល​បង្ហាញ​យ៉ាងច្បាស់​ថា តើ​វា​មាន​គម្លាត​ឆ្ងាយ​យ៉ាងណាដែរ​រវាង​កំពូល​កីឡាករ​ទាំង​ ៣ «Big Three» និង​កីឡាករ​ដទៃៗ​ទៀត​របស់​កីឡា​វាយ​កូនបាល់​នេះ​។

ការឈ្នះ​របស់ Nadal ជាមួយ​នឹង​លទ្ធផល​សឹង​មិន​គួរឱ្យ​ជឿ ៦-០ ៦-២ និង ៧-៥ លើ Djokovic អំឡុង​ការប្រកួត​នៅ Roland Garros វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ​បាន​ជួយ​ឱ្យ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ចូលរួម​ជាមួយ​កីឡាករ​ស៊ែប៊ី ក្នុង​ការឈ្នះ​ពាន​ពី​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ជាមួយ​នឹង​រយៈពេល ៣ ទសវត្សរ៍​ផ្សេងគ្នា​។

Nadal វ័យ ៣៤ ​ឆ្នាំ និយាយ​ថា រូបគេ​នឹងមិន​រវល់​គិតតែ​រឿង​បញ្ចប់​អាជីព​របស់ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ជយលាភី​ពាន Grand Slam ច្រើនជាងគេ​ក្នុង​កំណត់ត្រា​នោះឡើយ​។

«​ខ្ញុំ​ចង់​បញ្ចប់​អាជីព នាម​ជា​កីឡាករ​ម្នាក់​ដែល​ឈ្នះ​ពាន Grand Slam ថែមទៀត​»​។ នេះ​ជា​សម្ដី​របស់​កីឡា​ករលេខ ២ ពិភពលោក​ដែល​បាន​លើក​ឡើង ក្រោយ​ឈ្នះ​លើក​ទី​ ១០០ នៅ French Open ពោលគឺ​ចាញ់​តែ ២ ​ដង​ប៉ុណ្ណោះ​ក្នុង​រយៈពេល ១៥ ​ឆ្នាំ​នេះ​។

ជើងឯក​នៅ​ក្រុងប៉ារីស​ច្រើន​ជាងគេ​បន្តថា​៖ «​តែ​ខ្ញុំ​នឹងមិន​អង្គុយ​គិតតែ​រឿង​ហ្នឹង​ទេ ដូចជា Djokovic ឈ្នះ​ពាន​នេះ ហើយ Federer ឈ្នះ​ពាន​នោះ​។ មែន ខ្ញុំ​ខ្វល់​ពី​កំណត់ត្រា​។ សម្រាប់​ខ្ញុំ វា​មានន័យ​ណាស់​ដែល​បានរួម​តួលេខ​នេះ​»​។

ចំណែក​កីឡាករ​ស្វ៊ីស Federer ដែល​ខកខាន​មិនបាន​ចូលរួម​ប្រកួត​ទាំង US Open និង Roland Garros នេះ ដោយសារ​វះកាត់​ជង្គង់ ជឿថា រូបគេ និង Nadal គឺជា​កត្តា​ជំរុញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ក្លាយជា​កីឡាករ​ឆ្នើម​។ Nadal គឺជា​ជើងឯក​នៅ Roland Garros ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត គិត​តាំងពី Andres Gimeno ក្នុង​ឆ្នាំ​ ១៩៧២​។

ក្នុងចំណោម​កីឡាករ​កំពូល​ទាំង​ ៣ ឃើញថា Djokovic វ័យ ៣៣ ​ឆ្នាំ​គឺ​ក្មេង​ជាងគេ​បំផុត ហើយ​បើទោះ​ជា​បរាជ័យ​នៅ​ថ្ងៃអាទិត្យ ដែល​ធ្វើឱ្យ​គេ​បាត់បង់​ឱកាស​ក្លាយ​ជា​អត្តពលិក​ទី ១ គិត​តាំងពី Rod Laver កាលពី​ឆ្នាំ​ ១៩៦៩ ក្នុងការ​ឈ្នះ​ពាន​ទាំង ៤ ព្រឹត្តិការណ៍​ធំៗ​ចំនួន ២ ​លើក​ក៏ដោយ ក៏​គេ​ជឿថា​កំណត់ត្រា ២០ ​ដង អាច​ធ្វើ​បាន​។

Djokovic បាន​និយាយ​ទៅកាន់​បណ្ដាញ​សារព័ត៌មាន​នៅ​ប្រទេស​កំណើត​ថា​៖ «​ប្រសិនបើ​ខ្ញុំ​គិតថា វា​យឺត​ពេល​ហើយ​នោះ ខ្ញុំ​គួរតែ​ឈប់​វាយ​តិន្នីស​ថ្ងៃនេះ​តែម្ដង​។ ខ្លួន​ខ្ញុំ​ផ្ទាល់ Nadal និង Federer សុទ្ធតែ​ធ្លាប់​ជួប​បញ្ហា​ជាច្រើន​ដង​ដូចគ្នា តែ​ពួកយើង​នៅតែ​អាច​ប្រសើរ​ឡើងវិញ​បាន ហើយ​បានបង្ហាញ​ឱ្យឃើញ​ថា ពួកយើង​នៅ​តែ​ល្អ​ជាងគេ​ក្នុង​លោក​នេះ​»៕ VN