ក្រុងរីយ៉ាដ៖ ក្រុមអ្នកគាំទ្របាល់ទាត់អារ៉ាប៊ី សាអ៊ូឌីត ពេញចិត្តនឹងការប្រកួតជាប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិពួកគេនៅថ្ងៃអង្គារនេះជាមួយក្រុមបងប្អូនរដ្ឋប៉ាឡេស្ទីនរបស់ខ្លួននៅក្នុងតំបន់ West Bank ប៉ុន្តែបានច្រានចោលការលើកឡើងថា វាបានបង្ហាញពីការធ្វើប្រក្រតីកម្មបន្តិចម្ដងៗនៃទំនាក់ទំនងរវាងអារ៉ាប៊ី សាអ៊ូឌីត និងប្រទេស អ៊ីស្រាអែល។
ក្លឹបនិងក្រុមជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត បានបដិសេធជាប្រវត្តិសាស្ត្រក្នុងការលេងនៅលើទឹកដីរបស់រដ្ឋប៉ាឡេស្ទីន ដែលកាន់កាប់ដោយរដ្ឋជ្វីហ្វតាំងពីឆ្នាំ ១៩៦៧ ដោយសារតែមានការតម្រូវឱ្យមានការអនុញ្ញាតពីប្រទេស អ៊ីស្រាអែល ដើម្បីចូលទៅក្នុងតំបន់នេះ។
អ្នកគាំទ្របាល់ទាត់ម្នាក់ឈ្មោះ Saad បានប្រាប់ទីភ្នាក់ងារ AFP ថា៖ «នេះមិនមែនមានន័យថា ជាការធ្វើប្រក្រតីកម្មនោះទេ វានៅតែជារដ្ឋប៉ាឡេស្ទីនដែលត្រូវបានគេគ្រប់គ្រងជាដដែល។ សម្រាប់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត វិញ គឺគ្មានរដ្ឋដែលគេហៅថា អ៊ីស្រាអែលនោះទេ»។
អ្នកគាំទ្របាល់ទាត់អាយុ ២៧ ឆ្នាំរូបនេះបានបន្ថែមថា៖ «វាជារឿងល្អមួយ ដើម្បីជួយគាំទ្រវិស័យកីឡានៅរដ្ឋប៉ាឡេស្ទីនតាមស្ថានភាពជាក់ស្ដែងនៅទីនោះ»។
ក្រោយពីបានឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ៣-០ ពីសប្ដាហ៍មុនរួចហើយ ជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត នឹងត្រូវប្រកួតនឹងក្រុមប៉ាឡេស្ទីននៅលើទឹកដីរបស់ពួកគេក្នុងតំបន់ West Bank នៅក្នុងវគ្គជម្រុះតំបន់អាស៊ីសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ World Cup 2022។
ការប្រកួតនេះ គឺបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយសម្រាប់ព្រះរាជាណាចក្រមួយនេះ ដែលធ្លាប់លេងការប្រកួតជាមួយរដ្ឋប៉ាឡេស្ទីននៅក្នុងប្រទេសទី ៣ ស្របតាមការធ្វើពហិការរបស់តំបន់អារ៉ាប់ចំពោះរដ្ឋជ្វីហ្វនេះអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្ដីកង្វល់រួមចំពោះប្រទេស អ៊ីរ៉ង់ ត្រូវបានមើលឃើញជាទូទៅថា បានធ្វើឲ្យមហាអំណាចទាំង ២ នៅឈូងសមុទ្រពែក្ស គឺអារ៉ាប៊ី សាអ៊ូឌីត និងអ៊ីស្រាអែល មានការបង្រួបបង្រួមគ្នាកាន់តែខ្លាំងឡើងៗ។
មន្ត្រីអាជ្ញាធរទទួលបន្ទុកវិស័យកីឡានៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត បាននិយាយថា ការសម្រេចចិត្តឲ្យធ្វើការប្រកួតនៅតំបន់ West Bank នេះគឺតាមសំណើរបស់ប្រទេសបងប្អូននៅសហព័ន្ធប៉ាឡេស្ទីន និងដើម្បីធានាថា ក្រុមប៉ាឡេស្ទីន មានឱកាសលេងនៅក្នុងទឹកដីខ្លួនឯង និងក្នុងចំណោមអ្នកគាំទ្ររបស់ខ្លួន»។
អ្នកគាំទ្របាល់ទាត់អារ៉ាប៊ី សាអ៊ូឌីត ម្នាក់ទៀតឈ្មោះ Hazzaa អាយុ ៣០ ឆ្នាំ បាននិយាយថា ការប្រកួតជាប្រវត្តិសាស្ត្រនេះ គឺគ្មានអ្វីពាក់ព័ន្ធនឹងនយោបាយនោះទេ ដោយបានអះអាងថា៖ «ចំពោះការប្រកួតរវាងក្រុមអារ៉ាប៊ី សាអ៊ូឌីត និងរដ្ឋប៉ាឡេស្ទីននេះ គឺមានបំណងតែធ្វើការជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup តែប៉ុណ្ណោះ»។
ពាណិជ្ជករអារ៉ាប៊ី សាអ៊ូឌីត ឈ្មោះ Abu Abdallah បាននិយាយថា វាជាកិត្តិយសមួយសម្រាប់ក្រុមប្រទេសរបស់គាត់ដែលបានលេងជាមួយក្រុមរដ្ឋប៉ាឡេស្ទីនដោយបញ្ជាក់ថា៖ «នេះជាអ្វីមួយដែលកម្រនឹងកើតឡើង ហើយអារ៉ាប៊ី សាអ៊ូឌីត នឹងមិនចាត់វិធានការណាមួយទេប្រសិនបើវាគ្មានការចាប់អារម្មណ៍ពីពលរដ្ឋប៉ាឡេស្ទីន ឬអារ៉ាប៊ី សាអ៊ូឌីតនោះ»។
លោក Jibril Rajoub ប្រធានសមាគមបាល់ទាត់រដ្ឋប៉ាឡេស្ទីនបាននិយាយពីសប្ដាហ៍មុនថា ការប្រកួតដែលត្រូវលេងនៅកីឡដ្ឋាន Al Ram និងទទួលស្គាល់ពីសហព័ន្ធ FIFA នេះ នឹងមិនបំពានដល់ការធ្វើពហិការនេះទេ៕ AFP/SN