The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាល្លឺម៉ង់​ធូរ​អារម្មណ៍​​បន្តិច ​ក្រោយ​ពី​ឈ្នះ​ក្រុម​អៀរឡង់​ខាង​ជើង​

អាល្លឺម៉ង់​ធូរ​អារម្មណ៍​​បន្តិច ​ក្រោយ​ពី​ឈ្នះ​ក្រុម​អៀរឡង់​ខាង​ជើង​

Content image - Phnom Penh Post
Halstenberg (ស) តែត​បាល់​ក្នុង​ការ​ប្រកួត​ German Cup ​ពីថ្ងៃ​ទី​ ២៥ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩​​​។ រូប AFP

អាល្លឺម៉ង់​ធូរ​អារម្មណ៍​​បន្តិច ​ក្រោយ​ពី​ឈ្នះ​ក្រុម​អៀរឡង់​ខាង​ជើង​

ក្រុង​បែលហ្វាស់៖ ​លោក Joachim Loew គ្រូ​បង្វឹក​ជម្រើស​​ជាតិ​អាល្លឺម៉ង់​និយាយ​ថា ក្រុម​របស់​គាត់​​ស្ថិត​នៅ​​ក្នុង ​«ដំណាក់​កាល​រៀន​សូត្រ» ​ជា​ដដែល​ ​ទោះបី​ជា​​ពួក​គេ​បាន​ត្រឡប់​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល C ​ក្រោយ​ពី​​ឈ្នះ​ជម្រើស​ជាតិ​អៀរឡង់​ខាង​ជើង​ ២-០ នៅ​ក្នុង​ការ​ប្រកួត​​ជម្រុះ​Euro 2020 ​ពី​ថ្ងៃ​ចន្ទ​។​​​

ក្រុម​​អាល្លឺម៉ង់​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Belfast នៃ​ប្រទេស​ អៀរឡង់​​ខាង​ជើង ​ក្នុង​បំណង​ត្រូវ​តែ​ឈ្នះ​ក្រោយ​ពី​បាន​ជួប​ភាព​​ជូរចត់​ដោយ​​ចាញ់​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ ៤-២ នៅ​ទីក្រុង​ Hamburg ប្រទេស ​អាល្លឺម៉ង់​ ​ពី​ថ្ងៃ​សុក្រ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ពី​កំពូល​តារាង​ជា​ស្វ័យ​ប្រវត្តិ​។​​

ក្នុង​ការ​ប្រកួត​ពី​ថ្ងៃ​ចន្ទ​នេះ​ កីឡាករ Halstenberg រក​បាន ​១ ​គ្រាប់​នៅ​នាទី​ទី​៤៨​ បន្ទាប់​មក​កីឡាករ​ Gnabry រក​បាន ​១ ​គ្រាប់​ទៀត ​នៅ​ចុង​ការ​ប្រកួត​ ​ធ្វើ​ឲ្យ​ក្រុម​អាល្លឺម៉ង់​ឈ្នះ​ក្រុម​អៀរឡង់​ខាង​ជើង​ ២-០ ដោយ​គ្មាន​របូត ​១ ​គ្រាប់​សោះ​ឡើយ​។​

ជ័យ​ជម្នះ​របស់​អាល្លឺម៉ង់​​នេះ​បាន​ទម្លាក់​ក្រុម​អៀរឡង់​ខាង​ជើង​​ចេញ​ពី​កំពូល​តារាង​នៃ​ពូល​ C ដោយ​បញ្ចប់​ការ​ឈ្នះ​ទាំង ​៤ ​​លើក​​ជាប់​គ្នា​សម្រាប់​ក្រុម​នេះ។​​​

លោក Loew បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ RTL ថា៖ «​យើង​ទទួល​រង​សម្ពាធ​យ៉ាង​ខ្លាំង​ក្រោយ​ពី​យើង​បាន​ចាញ់​ក្រុម​ហូឡង់​កាល​ពី​ថ្ងៃ​សៅរ៍​»។​​

ក្រុម​របស់​លោក Loew មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តង់​ទី​១ ​ដោយសារ​ពួក​គេ​មិន​ទាន់​រក​បាន​គ្រាប់​បាល់​ទាល់​តែ​សោះ ​ប៉ុន្តែ​អ្វី​ៗ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ក្រោយ​ពី​កីឡាករ​ Halstenberg និង​កីឡាករ​ Gnabry រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ដើម្បី​ជួយ​ឲ្យ​ក្រុម​អាល្លឺម៉ង់​បាន ​៣ ​ពិន្ទុ​​ថែម​ទៀត ​ក្រោយ​ពី​​បញ្ចប់​ការ​ប្រកួត​នេះ​។​

គ្រូ​បង្វឹក​អាល្លឺម៉ង់​ លោក Loew បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​គាត់​គួរ​តែ​បាន​សម្លាប់​ការ​ប្រកួត​នេះ​នៅ​ក្នុង​តង់​ទី​១ ​ដោយ​អះអាង​​ថា៖ «​យើង​ខិតខំ​ជម្នះ​បញ្ហា ​២-៣ នៅ​ក្នុង​ការ​ប្រកួត​​នេះ​ព្រោះ​​ក្រុម​អៀរឡង់​ខាង​ជើង ​មាន​​ភាព​ក្លាហាន និង​វាយ​បក​ទៅ​​លើ​ពួក​យើង​ភ្លាមៗ​​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​យើង​លេង​បាន​ល្អ​ជាង​នៅ​ក្នុង​តង់​ទី​២​ ប៉ុន្តែ​យើង​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​រៀន​សូត្រ​ជា​ដដែល​​»។​

បើ​ទោះ​ជា​ក្រុម​អៀរឡង់​ខាង​ជើង ​ឈ្នះ​បាន ​៤ ​ប្រកួត​ជាប់​គ្នា​ក៏​ដោយ​ ប៉ុន្តែ​បរាជ័យ​លើក​​នេះ​បាន​ធ្វើ​ឲ្យ​​ពួក​គេ​ស្ថិត​ក្រោម​ក្រុម​អាល្លឺម៉ង់​ក្នុង​​ចំណាត់​​ថ្នាក់​ទី​២​ មាន ​១២ ​ពិន្ទុ ​ក្នុង ​៥ ​ប្រកួត​នៅ​ក្នុង​ពូល​ C ខណៈ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ​៣​ មាន ​៩ ​ពិន្ទុ​ ប៉ុន្តែ​ទើប​តែ​បាន ​៤ ​ប្រកួត ​​រួម​ការ​ប្រកួត​ដែល​បាន​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អេស្តូនី​ ៤-០ កាល​ពី​ថ្ងៃ​ចន្ទ​ផង​ដែរ​។​​​​​

ក្នុង​ការ​ប្រកួត​ពី​ថ្ងៃ​ចន្ទ​នោះ​ ​កីឡាករ​ Ryan Babel របស់​ក្រុម​ជម្រើស​ជាតិ​ហូឡង់​​រក​បាន ​២ ​គ្រាប់​បើក​ឆាក​​ បន្ទាប់​មក​គ្រាប់​ទី ​៣ ​ និង​ទី ​៤ ​រក​បាន​ដោយ​កីឡាករ​ Memphis Depay និង​កីឡាករ Georginio Wijnaldum។

ក្រុម​របស់​លោក Ronald Koeman គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហូឡង់​នៅ​តែ​មាន​ការងារ​ត្រូវ​ធ្វើ​​ទៀត ​ដើម្បី​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ដ៏​សំខាន់​លើក​ដំបូង​តាំង​ពី​បាន​ឡើង​ដល់​វគ្គ ​៤ ​ក្រុម​ចុង​ក្រោយ​​នៃ​ព្រឹត្តិការណ៍​ World Cup 2014 បើ​ទោះ​ជា​ពួក​គេ​ចាញ់​ក្រុម​អៀរឡង់​ខាង​ជើង ​៣ ​ពិន្ទុ ​​នៅ​ក្នុង​ពូល ​C ជាមួយ​ការ​នៅ​សល់ ​១ ​ប្រកួត​ក្នុង​ដៃ​ក៏​ដោយ​។​

កីឡាករ​ Babel អាយុ ​៣២ ​ឆ្នាំ ​បាន​ប្រាប់​ទូរ​ទស្សន៍ NOS ថា៖ «​ខ្ញុំ​លែង​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​នៅ​​ក្នុង​ក្រុម​នេះ​ទៀត ​ហើយ​ដូច្នេះ​​​ខ្ញុំ​មិន​អាច​រត់​លឿន​ដូច​​ពី​មុន​បាន​​​ទេ​ ប៉ុន្តែ​ខ្ញុំ​អាច​​ប្រើ​បច្ចេកទេស​ និង​បទពិសោធ​របស់​ខ្ញុំ​ជំនួស​វិញ​»៕ AFP/SN​

អត្ថបទគួរចាប់អារម្មណ៍