ក្រុងសូជី: ខ្សែបម្រើ Toni Kroos បានសង្គ្រោះក្តីសង្ឃឹមក្នុង World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ យ៉ាងរំភើប កាលពីថ្ងៃសៅរ៍ តាមរយៈការស៊ុតបាល់ពិន័យ Free-kick នៅនាទីបន្ថែម ដើម្បីបំពេញជ័យជម្នះក្នុងលទ្ធផល ២-១ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត។
គ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតរបស់អាល្លឺម៉ង់ ជួយរក្សាធ្វើឲ្យក្រុមរបស់លោក Joachim Loew ស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការក្លាយជាក្រុមដំបូងគេក្នុងការការពារបាន World Cup យ៉ាងជោគជ័យ ក្នុងរយៈពេល៥៦ឆ្នាំ ប៉ុន្តែ ជោគវាសនារបស់ពួកគេនៅតែមិនទាន់ស្ថិតក្នុងដៃរបស់ពួកគេទាំងស្រុងឡើយ។
ក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានធ្លាក់ចូលក្នុងសម្ពាធនៅពេលដែលកីឡាករ Ola Toivonen បានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់ Manuel Neuer ដើម្បីជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត មានគ្រាប់បាល់នាំមុខមុន នៅតង់ទី១ ក្នុងទីក្រុង Sochi ក្រោយពី Kroos បានបាត់បង់ការគ្រប់គ្រងបាល់។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលហាក់ដូចជាមានភាពមុតស្រួចជាងក្នុងពេលប្រកួតជាមួយនឹងក្រុមម៉ិកស៊ិក កាលពីថ្ងៃបើកឆាកនោះ បានដាក់សម្ពាធយ៉ាងខ្លាំង ហើយទីបំផុត ពួកគេរកបានគ្រាប់បាល់ នៅពេលដែល Marco Reus បានស៊ុតបាល់បញ្ចូលទីភ្លាមៗក្រោយពីចូលលេងក្នុងតង់ទី២។
បើទោះបីកាត់បន្ថយសម្ពាធក៏ដោយ ប៉ុន្តែ ក្រុមរបស់លោក Loew មិនអាចរកបានគ្រាប់បាល់ទៀតឡើយ ហើយការងាររបស់ក្រុមអាល្លឺម៉ង់ ត្រូវបានធ្វើឲ្យកាន់តែលំបាកបន្ថែមទៀត នៅពេលដែលខ្សែការពារ Jerome Boateng បានរងពិន័យកាតក្រហមនៅនាទី ទី៨២ សម្រាប់ការទទួលបានកាតលឿងជាលើកទី២។
ប៉ុន្តែ Kroos បានសង្គ្រោះក្រុមរបស់ខ្លួន តាមរយៈការស៊ុតបាល់ពិន័យ Free-kick ចូលទីយ៉ាងល្អនៅនាទី ទី៩៥ ដើម្បីជួយឲ្យអាល្លឺម៉ង់ ទទួលបាន៣ពិន្ទុតែម្តង៕ IS