កៀវ: ក្រុមអាល្លឺម៉ង់ រកឃើញជ័យជម្នះលើកដំបូងរបស់ខ្លួនបានហើយ ក្នុងកម្មវិធី Nations League កាលពីថ្ងៃសៅរ៍ ដោយការយកឈ្នះទាំងលំបាកលំបិន លើក្រុមម្ចាស់ផ្ទះអ៊ុយក្រែន ២-១ ហើយលទ្ធផលនេះ បញ្ចប់ការលេងស្មើ ៣ដងជាប់ៗគ្នា តែគ្រូបង្វឹក លោក Joachim Loew ទទូចថា ក្រុមគួរតែមានគ្រាប់បាល់ច្រើនជាងនេះ។
ការប្រកួតនាក្រុងកៀវនេះ ខ្សែការពារ Matthias Ginter ជួយឱ្យក្រុមភ្ញៀវនាំមុខ ១-០ នៅនាទីទី២០ ហើយបន្ទាប់មកខ្សែបម្រើ Leon Goretzka បន្ថែមការនាំមុខ នៅនាទីទី ៤៩ ដែលគ្រាប់បាល់នោះ កើតឡើងដោយការឆ្លៀតយកផលពីកំហុសរបស់អ្នកចាំទី George Bus-chan ដែលចាប់បាល់របូត។
អ៊ុយក្រែន បានកាត់បន្ថយការនាំមុខហ្នឹង ក្រោយខ្សែបម្រើ Ruslan Malinovskyi ស៊ុតបាល់ប៉េណាល់ទីបានសម្រេច នៅនាទីទី៧៧ ហើយលទ្ធផល ២-១ហ្នឹង បន្តរហូតដល់អាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៩០នាទី តែម្ដង។
គ្រូបង្វឹកក្រុមអាល្លឺម៉ង់ លោក Loew ដែលមានសោមនស្សនឹងជ័យជម្នះក្រៅផ្ទះនេះ បានទទូចថា៖ «យើងគួរតែបន្ថែម ៣ ឬ ៤ គ្រាប់ទៀត មុនក្រុមគូប្រជែងទម្លុះសំណាញ់ទីយើងបានវិញ»។
ក្រោយស្មើ ក្នុងការប្រកួតបើកឆាកនៅ Nations League ជាមួយក្រុមអេស្ប៉ាញ និងស្វ៊ីស ហើយបន្ទាប់មក ប្រកួតមិត្តភាពទល់នឹងតួកគី បញ្ចប់លទ្ធផល ៣-៣ ជ័យជម្នះនេះ ជួយឱ្យអាល្លឺម៉ង់ ឡើងទៅលេខ ២ ក្នុងពូល ពីក្រោមអេស្ប៉ាញ ដែលឈ្នះស្វ៊ីស នៅទឹកដីខ្លួនឯង ទាំងប្រផុតប្រផើយដែរ ១-០។
ចំណែកកីឡាករ Ginter បាននិយាយថា៖ «វាជារឿងសំខាន់ ដែលយើងឈ្នះ តែយើងមិនអាចធ្វើការនាំមុខ ៣-០។ វាមិនមែនជាការលេងដ៏ល្អបំផុតរបស់ក្រុមយើងនោះទេ»។
ប្រកួតនេះ អ្នកចាត់ការក្រុម លោក Loew បានដាក់កម្លាំងពេញតែម្ដង ហើយមានតែខ្សែបម្រើ Julian Draxler របស់ក្រុមអ្នកមាននៅបារាំង Paris Saint-Germain និងខ្សែការពារ Antonio Ruediger របស់ក្រុមតោខៀវ Chelsea ២នាក់ប៉ុណ្ណោះ ដែលយកចេញពីក្រុម ពេលលេងស្មើជាមួយតួកគី។
ក្រោយបញ្ចប់ប្រកួតទី៣ អេស្ប៉ាញ ឈរទីកំពូល សម្រាប់ League A គ្រុប (ពូល) ទី ៤ ដោយមាន ៧ពិន្ទុ ខណៈអាល្លឺម៉ង់ លេខ ២ មាន ៥ពិន្ទុ ហើយអ៊ុយក្រែន មាន ៣ពិន្ទុ លេខ៣ ឯក្រុមបាតតារាងស្វ៊ីស មាន ១ពិន្ទុ៕ AFP /VN