ភ្នំពេញៈ ក្រុមអាស៊ីអឺរ៉ុបបានបង្ហាញឲ្យឃើញពីការត្រៀមខ្លួនយ៉ាងល្អមួយ ហើយពួកគេនឹងលេងដោយគ្មានបារម្ភអ្វីទាំងអស់ សម្រាប់ការស្វាគមន៍ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀងនៅចុងសប្តាហ៍នេះ ចំណែកក្រុមណាហ្គាវើលនឹងប្រើក្រុមយុវជនភាគច្រើន ដើម្បីប្រជែងយក ៣ ពិន្ទុជាមួយក្រុមវិសាខា។
បើទោះបីជាក្រុមព្រះខ័នរាជ ស្វាយរៀង នៅពេលនេះមានទម្រង់លេងល្អ និងកំពុងឈរនៅលើកំពូលតារាងដោយមាន ២៩ ពិន្ទុ ប៉ុន្តែលោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុបហាក់មានរំពឹងថាក្រុមរបស់លោកអាចនឹងបង្កើតឲ្យមាននូវរឿងដ៏អស្ចារ្យជាថ្មីម្តងទៀតដូចពេលពួកគេបានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ វិសាខា ៣-១ កាលពីសប្តាហ៍មុន ហើយលោកក៏បានរំឭកដែរថា ក្រុមស្វាយរៀងធ្លាប់បានចាញ់ក្រុមអាស៊ីអឺរ៉ុប ២-១ និង ៦-១ កាលពីរដូវកាលឆ្នាំ ២០១៨។
លោក សុក វាសនា បាននិយាយថា៖ «យើងធ្លាប់ឈ្នះក្រុមស្វាយរៀងទាំង ២ ជើង ហើយការវិលមកជួបគ្នាលើកនេះ យើងក៏មានឱកាសឈ្នះដូចគ្នា បើសិនជាយើងរៀបចំបានល្អ ប៉ុន្តែការលំបាកក៏អាចនឹងកើតឡើងដែរ អ៊ីចឹងសំខាន់ យើងត្រូវពង្រឹងតំបន់ការពារ និងវាយបកទៅតាមកាលៈទេសៈ»។
ការវិលមកជួបគ្នារវាងអាស៊ីអឺរ៉ុប និងក្រុមស្វាយរៀងលើកនេះក៏ជាពេលដែលខ្សែប្រយុទ្ធឆ្នើម Privat ដែលទើបប្តូរទៅលេងឲ្យស្វាយរៀងនៅរដូវកាលនេះត្រូវវិលមកជួបអតីតមិត្តរួមក្រុមរបស់គេផងដែរ ខណៈរដូវកាលមុន Privat រកបាន ២៧ គ្រាប់ឲ្យអាស៊ីអឺរ៉ុប។
ចំណែកការរួមដំណើរជាមួយក្រុមថ្មីមកជួបក្រុមចាស់លើកនេះ Privat បានប្រាប់ CNCC ថា៖ «ខ្ញុំអត់មានអ្វីនិយាយច្រើនទេ តែខ្ញុំរំពឹងថាវានឹងក្លាយជាការប្រកួតដ៏ល្អមួយ។ សមាជិកគ្រប់រូបនឹងព្យាយាមលេងដើម្បីជ័យជម្នះ ព្រោះយើងចង់រក្សាកំណត់ត្រាដ៏ល្អរបស់យើងនៅរដូវកាលនេះ»។
នៅពេលរំឭកពីភាពខ្លាំងរបស់ Privat ដែលតែងតែរកបានគ្រាប់បាល់ឲ្យក្រុមស្វាយរៀងនោះលោក សុក វាសនា បញ្ជាក់ថា៖ «យើងក៏បារម្ភគេ ហើយគេក៏បារម្ភពីយើងដូចគ្នា អ៊ីចឹងសំខាន់វាអាស្រ័យទៅលើឱកាស និងសំណាង នៅពេលប្រកួត ប៉ុន្តែសម្រាប់ក្រុមយើងអត់មានការបារម្ភនោះទេគឺខ្ញុំភ័យខ្លាចតែក្រុមខ្ញុំឈ្នះទៅវិញទេ ព្រោះការចាញ់យើងធ្លាប់បានជួបអស់ហើយ អ៊ីចឹងខ្ញុំបានប្រាប់កូនក្រុមខ្ញុំថា មិនបាច់បារម្ភអ្វីនោះទេគឺត្រូវលេងឲ្យអស់ពីសមត្ថភាព»។
ដោយឡែកក្រុមណាហ្គាវើលដែលកំពុងឈរនៅលេខ ២ មាន ២៧ ពិន្ទុនោះនឹងត្រូវវិលមកជួបក្រុមវិសាខាដែលទើបជួបការខកចិត្តខ្លាំង ក្រោយចាញ់អាស៊ីអឺរ៉ុប។ ប៉ុន្តែលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលយល់ថា ការចាញ់នោះនឹងធ្វើឲ្យវិសាខាកាន់តែមានសម្ទុះលេងខ្លាំងពេលជួបក្រុមណាហ្គាវើលលើកនេះ។
លោក មាស ចាន់ណា បានប្រាប់ថា៖ «ចាញ់ក្រុមអាស៊ីអឺរ៉ុប វានឹងធ្វើឲ្យក្រុមវិសាខាកាន់តែមានការប្រឹងប្រែងជាងមុន ហេតុនេះយើងអាចនឹងមានការពិបាកផងដែរ ហើយយើងក៏នឹងដាក់យុវជនឲ្យចូលលេងច្រើនផងដែរ ដើម្បីឲ្យពួកគេអាចផ្ស៊ាំទៅនឹងការលេងត្រៀមទៅលេងពានសម្តេច ប៉ុន្តែតាមការថ្លឹងថ្លែងរបស់ខ្ញុំគឺកម្រិតរបស់ពួកគេអាចប្រដំប្រសងគ្នាបាន អ៊ីចឹងការប្រកួតលើកនេះយើងសង្ឃឹម ៥០ ទល់នឹង ៥០ ភាគរយ»។
ចំណែកក្រុមភ្នំពេញក្រោនដែលបានឈ្នះជាប់ៗគ្នា ៣ លើកចុងក្រោយនេះនឹងត្រូវស្វាគមន៍ក្រុមអង្គរថាយហ្គឺរដែលកំពុងឈរនៅលេខ ៣ មាន ២៤ ពិន្ទុ ឯក្រុមឈរនៅលេខ ៤ មាន ២៣ ពិន្ទុបឹងកេតត្រូវទៅជួបជាមួយក្រុមសូលទីឡូអង្គរ៕
កម្មវិធីប្រកួតនៅថ្ងៃសៅរ៍
-អាស៊ីអឺរ៉ុប v ស្វាយរៀង កីឡ.អាស៊ីអឺរ៉ុបស្ពតផាក ១៥:៣០
-ភ្នំពេញក្រោន v អង្គរថាយហ្គឺរ កីឡដ្ឋាន RSN ១៨:០០
-អគ្គិសនីកម្ពុជា v ទ័ព កីឡដ្ឋានអគ្គិសនីកម្ពុជា ១៥:៣០
៤ ប្រកួតនៅថ្ងៃអាទិត្យ
-សូលទីឡូអង្គរ v បឹងកេត កីឡដ្ឋានខេត្តសៀមរាប ១៥:៣០
-គិរីវង់សុខសែនជ័យ v ខេត្តកំពង់ចាម កីឡដ្ឋានគិរីវង់សុខសែនជ័យ ១៥:៣០
-ណាហ្គាវើល v វិសាខា នៅកីឡដ្ឋានស្តាតចាស់ ១៨:០០
-ប៉ូលិស v យុវជនបាទី ១៨ ឆ្នាំនៅកីឡដ្ឋានអគ្គិសនីកម្ពុជាម៉ោង ១៥:៣០