ក្រុង Dortmund៖ គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បានកោតសរសើរក្រុមអាហ្សង់ទីនរបស់គាត់ដែលខិតខំប្រកួតអស់ពីកាយចិត្តដោយគ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Lionel Messi ខណៈពួកគេរកបានគ្រាប់បាល់ ២ គ្រាប់ ក្នុងតង់ទី ២ ដើម្បីជួយឲ្យពួកគេតាមស្មើគ្នា ២-២ ក្នុងការប្រកួតមិត្តភាពជាមួយជម្រើសជាតិអាល្លឺម៉ង់កាលពីថ្ងៃពុធ។
ក្រុមអាល្លឺម៉ង់បាននាំមុខក្រុមអាហ្សង់ទីន ២ គ្រាប់ ដោយកីឡាករ Serge Gnabry និង កីឡាករ Kai Havertz ក្នុងតង់ទី ១ នៅក្នុងទីក្រុង Dortmund ប្រទេស អាល្លឺម៉ង់ មុនពេលកីឡាករ Lucas Alario និង Lucas Ocampos រកបានម្នាក់ ១ គ្រាប់ ក្នុងតង់ទី ២ ដើម្បីជួយឲ្យក្រុមអាហ្សង់ទីនតាមស្មើក្រុមអាល្លឺម៉ង់វិញ ២-២។
លោក Scaloni គ្រូបង្វឹកអាហ្សង់ទីនបាននិយាយថា៖ «យើងមានភាពចាស់ទុំក្នុងការប្រកួតនេះ។ យើងបានបង្កើតកំហុស ២ ឬ ៣ នៅក្នុងតង់ទី ១ ប៉ុន្តែយើងបានកែកំហុសនោះឡើងវិញនៅក្នុងតង់ទី ២ ជាមួយការអត់ធន់រហូតដល់យើងទទួលបានលទ្ធផលវិជ្ជមានសម្រាប់ពេលអនាគត»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឥរិយាបថនេះព្រោះយើងមិនបោះបង់ ឬអស់សង្ឃឹមនោះទេនៅពេលយើងបានរបូតគ្រាប់បាល់ ២ គ្រាប់ហើយនោះ»។
ជាមួយអវត្តមានរបស់ខ្សែប្រយុទ្ធ Messi ដោយសារជាប់បម្រាមចំពោះការនិយាយប៉ះពាល់ដល់អ្នករៀបចំការប្រកួត Copa America នោះ កីឡាករ Paulo Dybala បានចាប់ដៃគូជាមួយកីឡាករ Lautaro Martinez នៅតំបន់ប្រយុទ្ធសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។
ចំណែកឯគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Loew វិញ បានទទួលស្គាល់ថា ក្រុមរបស់គាត់បានបាក់ទឹកចិត្ត ក្រោយពីបានចាប់ផ្ដើមល្អហើយនោះ។
លោក Loew បាននិយាយថា៖ «តាមពិតទៅ យើងចង់រក្សាការប្រកួតនេះឲ្យនៅត្រឹមលទ្ធផលនាំមុខ ២-០ ប៉ុន្តែជាអកុសល យើងមិនអាចទប់ទល់នឹងការប្រកួតនេះឲ្យបានរហូតដល់រយៈពេល ៩០ នាទីបានទេ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងបានបាត់បង់ឱកាសគ្រប់គ្រងបន្តិចបន្តួច និងមិនសូវមានទឹកចិត្តប្រកួតរហូតទាល់តែយើងមានបញ្ហាក្នុងតង់ទី ២ តែម្ដង»។
លោក Loew បានកែប្រែការប្រកួត ៤ លើក ជាមួយទម្រង់លេងដាក់ឲ្យខ្សែការពារ Robin Koch លេងជាមួយខ្សែប្រយុទ្ធ Luca Waldschmidt បន្ទាប់មកដាក់ឲ្យខ្សែប្រយុទ្ធ Nadiem Amiri លេងជាមួយខ្សែបម្រើ Suat Serdar នៅក្នុងតង់ទី ២ ដើម្បីទប់ទល់កុំឲ្យរបូតគ្រាប់បាល់នាំមុខនោះ។
លោក Loew បានបង្ខំចិត្តរៀបចំតំបន់ការពារជាថ្មី ខណៈកីឡាករ Koch បានជំនួសខ្សែការពារ Niklas Stark ដែលត្រូវបានដកចេញវិញមុនពេលចាប់ផ្ដើមតង់ទី ២ ដោយសារឈឺពោះ។
ប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Joshua Kimmich បាននិយាយថា «នោះ គឺជាការប្រកួតរយៈពេល ៩០ នាទី ដែលចែកគ្នាម្នាក់ ២ គ្រាប់»។
ប្រធានក្រុមរូបនេះបានបន្តទៀតថា៖ «នៅក្នុងតង់ទី ១ យើងបាននាំមុខពួកគេ ប៉ុន្តែក្នុងតង់ទី ២ យើងត្រូវបានគេដេញតាមស្មើវិញ»។
ទោះជាធ្វើការដោះដូរកីឡាករ ១៣ លើក ដោយសាររបួសក៏ដោយប៉ុន្តែក្រុមអាល្លឺម៉ង់ហាក់មានការចាប់អារម្មណ៍ខ្លាំងនៅមុនពេលប្រកួតជាមួយក្រុមអាហ្សង់ទីន ដោយសារគ្មានវត្តមានកីឡាករ Messi, Sergio Aguero, និង Angel di Maria៕ AFP/SN