ភ្នំពេញៈ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបើកការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៨ ជាផ្លូវការ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃពុធ ម្សិលមិញ នឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីជ្រើសរើសយកអ្នកឆ្នើមចំនួន ១៦ នាក់ជាក្រុមជម្រើសជាតិ ត្រៀមការប្រកួតនានា។ នេះបើតាមការបញ្ជាក់របស់លោក គ្រួច ចន្ថារិទ្ធ ហៅ ត្រេន មន្ដ្រីបច្ចេកទេសរៀបការចំប្រកួតរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។
លោក តែម ម៉ឺន អគ្គលេខាធិការរង NOCC ដែលបានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួត កាលពីថ្ងៃពុធនោះបានថ្លែងថា៖ «ជើងឯកថ្នាក់ជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលចម្រាញ់ រកធនធានកីឡាករមានសមត្ថភាព សម្រាប់ប្រមូលផ្ដុំហាត់នៅមជ្ឈមណ្ឌលជាតិនៃក្រសួងអប់រំ យុវជន និងកីឡា ត្រៀមចូលរួមការប្រកួតលើឆាកអន្ដរជាតិ»។
លោកបានលើកទឹកចិត្តដល់គណៈកម្មការរៀបចំ និងជំរុញឲ្យមានការប្រកួតគោរពគោលការណ៍តម្លាភាព យុត្តិធម៌ ដើម្បីស្វែងរកអ្នកមានសមត្ថភាពខ្លាំងពូកែពិតប្រាកដ។ លោក តែម ម៉ឺន ក៏បានជំរុញ និងលើកទឹកចិត្តឲ្យកីឡាករទាំងអស់ ត្រូវធ្វើការប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កីឡាអុកចត្រង្គកម្ពុជា ឲ្យមានសកម្មភាពបណ្តើរៗ និងឈានទៅផ្សព្វផ្សាយអុកចត្រង្គកម្ពុជា ទៅកាន់ប្រទេសនៅតំបន់អាស៊ាន ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយអុកចត្រង្គកម្ពុជា នឹងមានវត្តមានពេលនោះតែម្តង។
ចំណែកលោក គ្រួច ចន្ថារិទ្ធ គ្រូបង្វឹកអុកចត្រង្គជម្រើសជាតិកម្ពុជា និងជាមន្ត្រីបច្ចេកទេស រៀបចំការប្រកួតបានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ មានកីឡាករចូលរួមចំនួន ៤៨ នាក់ មកពី ១១ ក្លិបទូទាំងប្រទេស កម្ពុជា ដោយគ្មានបេក្ខភាពនារីនោះទេ។
លោក ចន្ថារិទ្ធ បានបន្តថា៖ «ការប្រកួតបែងចែកជា ៨ ពូល ក្នុងមួយពូលមាន ៦ នាក់ ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ ហើយកីឡាករ ២ រូប ដែលមានពិន្ទុខ្ពស់ជាងគេក្នុងពូលនីមួយៗ នឹងបានឡើងវគ្គជម្រុះបន្ដរហូតរកឃើញអ្នកទទួលបានចំណាត់ថ្នាក់»។
គួររំឭកថា ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីឆ្នាំ ២០១៧ ចំណាត់ថ្នាក់លេខ ១ បានទៅអតីតកីឡាករស្ដេចអុកឆ្នាំ ២០១០ ឆយ វីរ៉ា លេខ ២ បានទៅស្ដេចអុកឆ្នាំ ២០១៧ ហេង សៅឌី និងលេខ ៣ សុខ លីមហេង ដែលទើបឈ្នះតំណែងស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ ក្នុងឆ្នាំ ២០១៨ នេះ ហើយអ្នកទាំង ៣ នេះ ក៏កំពុង ប្រកួតប្រជែងក្នុងឆ្នាំនេះដែរ។
តាមលោក គ្រួច ចន្ថារិទ្ធ ថវិកាចំណាយក្នុងការប្រកួតនេះបានមកពីប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា គឺលោក គុជ គឹមឡុង និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC៕