ភ្នំពេញៈ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បាន​រកឃើញ​បេក្ខភាព​ជើង​ខ្លាំង​ទាំង ១៦ នាក់ ដែល​ត្រូវ​ដាក់​សំណើ​សុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​បញ្ចូល​ពួកគេ​ឲ្យ​ប្រមូល​ផ្តុំ​ក្នុង​ក្រុម​ជម្រើស​ជាតិ ឆ្នាំ ២០១៩ ហើយ ប៉ុន្តែ​អតីត​ស្តេច​អុក​នៅ​អង្គរ​សង្ក្រាន្ត ៣ នាក់ មិន​មាន​ក្នុង​បញ្ជី​ឈ្មោះ​នេះ​ទេ។

កីឡាករ សុខ សំបូរ, ឆ​យ វី​រ៉ា, សុខ លីម​ហេង, ប៊ូ ប៉ុណ្ណ​ម៉ាលី​កា, រស់ រិទ្ធី​យ៉ា, ឡៅ លី​ម៉េ​ន, រៀម វាសនា, ឃី ចំរើន, លឹម ផល្លា, នូ ច័ន្ទ​ផានិត, ម៉េង សេរី​សម្បត្តិ, ទេស សារ៉ាវី, ស៊ីវ ស៊ីន, ឈិន សំណាង, ឃឹម ឃឹម, និង ម៉ាត់ សេន គឺជា​បេក្ខភាព ដែល​បាន​ជាប់​នៅ​បញ្ជី​ឈ្មោះ​ទាំង ១៦ នាក់​នេះ បន្ទាប់​ពី​ពួកគេ ទទួល​បាន​លេខ ១ និង​លេខ ២ ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ទាំង ៨ ដែល​មាន​អ្នក​ចូលរួម​សរុប​ចំនួន ៤៨ នាក់។

ប៉ុន្តែ​កីឡាករ​ជម្រើសជាតិ ហេង សៅ​ឌី ដែលជា​ស្តេច​អុក​ឆ្នាំ ២០១៧ រួមទាំង​កីឡាករ​ជម្រើស​ជាតិ ប៊ិន គាសេង បាន​ខ្ទាត​ចេញ​ពី​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ នៅ​ឆ្នាំ ២០១៩ ហើយ បន្ទាប់​ពី​អ្នក​ទាំង ២ នេះ បាន​ចាញ់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល។ រីឯ​អតីត​ស្តេច​អុក ឆ្នាំ ២០១៧ ហូយ សូណា ព្រម​ទាំង​អតីត​ស្តេច​អុក ២ សម័យ​កាល ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៥ ឈីវ បូរ៉ា បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ដូច​គ្នា។

លោក គុជ គឹម​ឡុង ប្រធាន​សហព័ន្ធ​កីឡា​អុក​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ពេល​ប្រកួត កាល​ពី​ម្សិល​មិញ​ថា៖ «យើង​នឹង​ដាក់​សំណើ​ទៅ​ក្រសួង​អប់រំ ដើម្បី​សុំ​ឲ្យ​អ្នក​ទាំង ១៦ នាក់​នេះ​ក្លាយជា​កីឡាករ​ជម្រើស​ជាតិ ឆ្នាំ ២០១៩។ ខ្ញុំ​មិន​ទាន់​ដឹង​ថា ក្រសួង នឹង​យល់​ព្រម​ឲ្យ​ប៉ុន្មាន​នាក់​នោះ​ទេ ប៉ុន្តែ​យើង​ចង់​បាន​ជម្រើស​ជាតិ​ច្រើន សម្រាប់​ឲ្យ​ពួកគាត់​បាន​ហ្វឹកហាត់ និង​ប្តូរ​បច្ចេកទេស​ជាមួយ​គ្នា ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​ពួក​គាត់​កាន់​តែ​កើន​ឡើង»។

យ៉ាងណាក៏ដោយ នៅក្នុង​ឆ្នាំ២០១៨នេះ ក្រសួង​អប់រំ បានផ្តល់​គោលការណ៍​ឲ្យ​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា តែ ៦ នាក់​ទេ ក្នុង​នោះ​មាន​កីឡាករ ឆយ វីរ៉ា, សុខ លីមហេង, ប៊ូ ប៉ុណ្ណម៉ាលីកា និង រស់ រិទ្ធីយ៉ា ខណៈ ហេង សៅឌី និង ប៊ិន គាសេង នឹង​គ្មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ ឆ្នាំ ២០១៩ ទេ។

លោក គុជ គឹម​ឡុង បញ្ជាក់ថា៖ «ការមិន​ជាប់​របស់​កីឡាករ​ជម្រើសជាតិ​ទាំង ២ នាក់​របស់​យើង មិន​មែន​ពួក​គាត់​ខ្សោយ​នោះ​ទេ ប៉ុន្តែ​សំខាន់​យុវជន​ជំនាន់​សម័យ​ក្រោយ​នេះ កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​នេះ​វា​ចំ​ទៅ​នឹង​គោល​ដៅ​របស់​យើង ដែល​ចង់​បាន​អ្នក​ខ្លាំងៗ​ឲ្យ​ចូល​ជម្រើស​ជាតិ ព្រោះ​នឹង​ធ្វើ​ឲ្យ​អុក​ចត្រង្គ កាន់​តែ​រីក​ចម្រើន»។

ដោយឡែក ការប្រកួតប្រជែង​រវាង​ជើង​ខ្លាំង​ទាំង ១៦ នាក់​ខាងលើ ដើម្បី​ស្វែងរក​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​នេះ កីឡាករ​ជើង​ចាស់ រស់ រិទ្ធីយ៉ា បាន​យក​ឈ្នះ ទេស សារ៉ាវី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ឯក ឯ នូ ច័ន្ទ​ផានិត បាន​ឈ្នះ ប៊ូ ប៉ុណ្ណ​ម៉ាលីកា​ក្នុង​ការ​ប្រកួត​យក​លេខ ៣ ហើយ​លេខ ៥ ឃី ចំរើន លេខ ៦ ឆយ វីរ៉ា និង​លេខ ៧ ម៉េង សេរី​សម្បត្តិ៕