The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អៀងឡៃ ផ្តួល បឺត សង្ឃឹម ខណៈ​ ប៊ុនហ៊ីម សុំ​ចុះចាញ់

អៀងឡៃ ផ្តួល បឺត សង្ឃឹម ខណៈ​ ប៊ុនហ៊ីម សុំ​ចុះចាញ់

Content image - Phnom Penh Post
ម៉ន សាម៉េត (​ស្តាំ​) វាយ​ទៅ​លើ​ គួន ប៊ុនហ៊ីម កាលពី​ថ្ងៃ​សៅ​។ យឺន ពន្លក

អៀងឡៃ ផ្តួល បឺត សង្ឃឹម ខណៈ​ ប៊ុនហ៊ីម សុំ​ចុះចាញ់

ភ្នំពេញ: កីឡាករ​ ធន់ អៀងឡៃ បាន​ចំណាយ​ពេល​តែ​ ១ ​ទឹក​ផ្តួល​កីឡាករ​ បឺត សង្ឃឹម ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​ ១ ​ក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ TV5 Boxing Knock Out Series (K Cement) កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ខណៈ​ដែល​កីឡាករ​ ម៉ន សាម៉េត បាន​បង្ខំ​ឲ្យ​កីឡាករ​ គួន ប៊ុនហ៊ីម សុំ​ចុះចាញ់​នៅ​ចុង​ទឹក​ទី​ ៣​។ លទ្ធផល​ឈ្នះ​លើ​ដៃគូ​ប្រកួត​របស់​កីឡាករ​ទាំង​ ២ ​នាក់​បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​កៅអី​ម្នាក់​ ១ ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​ទឹកប្រាក់​ចំនួន ៤ ០០០ ដុល្លារ ខណៈ​ដែល​អ្នកចាញ់​ទទួល​បាន​ ២០០០ ​ដុល្លារ​ផង​ដែរ​នៅ​រយៈពេល​ ២ ​សប្តាហ៍​ខាងមុខ​ទៀត​។

មុន​ពេល​ប្រកួត ធន់ អៀងឡៃ បាន​និយាយ​ថា​៖ «​ខ្ញុំ​ចង់​ត្រឹម​តែ​ឈ្នះ​ពិន្ទុ​ក៏​ពេញចិត្ត​ណាស់​ទៅ​ហើយ ប៉ុន្តែ​នៅពេល​ប្រកួត​ជាក់ស្តែង ខ្ញុំ​គិត​ថា​មិន​ចំណាយពេល​ស្ទាបស្ទង់​សមត្ថភាព​អី​ទេ​ពោល​គឺ​សម្រេចចិត្ត​ចូល​វាយ​សម្រុក​ខ្លាំងៗ​តែ​ម្តង​»​។

ក្រោយ​ប្រកួត​ឈ្នះ​ភ្លាមៗ ធន់ អៀងឡៃ បាន​ផ្តល់​សម្ភាសន៍​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ក្នុង​ការផ្តួល​គូ​តស៊ូ​ត្រឹម​ទឹក​ទី​ ១ ដែល​សូម្បីតែ​ខ្លួន​ខ្ញុំ​ក៏​មិន​នឹកស្មាន​ដល់​ដែរ​។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខ្ញុំ​ត្រូវ​ប៉ះ​ជាមួយ​រៀមច្បង​ជើងចាស់​ ម៉ន សាម៉េត ពិតជា​លំបាក ហើយ​អ្វី​ដែល​ជា​ឧបសគ្គ​គឺ​កាន់តែ​ធំ​ជាង​មុន ពីព្រោះ​កីឡាករ​ ម៉ន សាម៉េត ជា​ខ្លា​ចាស់​លាក់ពុត និង​មាន​បច្ចេកទេស​ល្អ​ណាស់​»​។

ក្នុង​ពេល​ប្រកួត​ដែល​គ្មាន​ទុកពេល​ស្ទាបស្ទង់​សោះ អៀងឡៃ បាន​ចូល​វាយ​ភ្លាមៗ ដើម្បី​វាយ​ប្តូរ​កែង និង​ជង្គង់​គ្នា​យ៉ាង​ជក់​ចិត្ត ពីព្រោះ​តែ​ចង់​បាន​កៅអី​ផ្តាច់ព្រ័ត្រ​។ ក្នុង​គម្រោង​ទឹក​ទី​ ១ ពួកគេ​ទាំង​ ២ ​មិន​បាន​ទុក​វេលា​បង្អែរ​បង្អង់​នោះឡើយ ពោល​គឺ​បាន​វាយ​ប្តូរ​គ្នា​ដែល​មាន​ន័យ​ថា​អ្នកខ្លាំង​ដែល​គេច​ផុតពី​សន្លប់​នឹង​ឈ្នះ​ការប្រកួត​។

ការប្រកួត​បាន​ឈាន​ដល់​នាទី​ ២ ​នាទី និង​ ២៧ ​វិនាទី ហើយ​ការប្តូរ​កែង​គ្នា បាន​ធ្វើឲ្យ បឺត សង្ឃឹម រង​នូវ​ការ​វាយ​កែង​បុក​ចូល​គល់​ថ្គាម និង​បាន​ដួល​មុន​តែម្តង និង​មាន​អាការ​ងើប​មិន​រួច ខណៈ​អាជ្ញាកណ្តាល​រាប់​ដល់​ ៨ ​នៅ​តែ​មាន​ស្ថានភាព​វង្វេង ហើយ​ជ័យជម្នះ​បាន​ធ្លាក់​ទៅ​លើ​ អៀងឡៃ តែ​ម្តង​។

ជាមួយ​គ្នា​នេះ​ដែរ ម៉ន សា ម៉េត មកពី​ក្លិប​កងចក្រ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​ត្រូវ​បាន​គេ​ឃើញ​ថា​វាយ​ក្នុង​លក្ខណៈ​ប្រុងប្រយ័ត្ន​ខ្ពស់​។ ក្នុង​ការប្រកួត​ចំនួន​ ៣ ​ទឹក ម៉ន សាម៉េត មាន​ប្រៀប​ជាង​ដៃគូ​ដាច់​តែ​ម្តង មុន​នឹង​បង្ខំ​ឲ្យ​កីឡាករ​ គួន ប៊ុនហ៊ីម មកពី​ក្លិប​រស្មី​សាមគ្គី​ខេត្ត​បាត់ដំបង​សុំ​ចុះចាញ់​នៅ​ទឹក​ទី​ ៣​។ តាម​លទ្ធផល​នេះ​កីឡាករ​ សាម៉េត និង​ អៀងឡៃ នឹង​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ២ ​សប្តាហ៍​ទៀត​ដើម្បី​ដណ្តើម​ប្រាក់​រង្វាន់​៕

អត្ថបទគួរចាប់អារម្មណ៍