ភ្នំពេញ៖ ទឹក​ប្រាក់​រង្វាន់​ចំនួន​ ៣,​៤ ​លាន​​រៀល​នៃ​​ការ​ប្រកួត​​ដណ្តើម​ប្រាក់​លាន ​របស់​សង្វៀន​ថោន​ កាល​ពី​ថ្ងៃ​អាទិត្យ ​​បាន​​ធ្លាក់​​ទៅ​លើ​កីឡាករ អេលីត ​ចំរើន ​​របស់​​ក្លិប​នាយក​ដ្ឋាន​អង្គរក្ស​ បន្ទាប់​ពី​រូប​គេ​បាន​​យក​ឈ្នះ​ពិន្ទុ​លើ​ ​ប៊ុន ​សុធា ​និង​បន្ត​ទៅ​ផ្តួល​​ បាង​ កាយ៉ាក​ ឱ្យ​​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២​ ហើយ​ជ័យ​ជម្នះ​នេះ ចំរើន ​មិន​បាន​ត្រៀម​ខ្លួន​​នោះ​ទេ​ ប៉ុន្តែ​ទទួល​បាន​ឱកាស​ឡើង​មក​ជំនួស​កីឡាករ​​ បឺត ​សង្ឃឹម ​ដែល​មាន​បញ្ហា​សុខភាព​គ្រុន​ក្តៅ​ខ្លួន​ភ្លាមៗ​ មុន​ការ​ប្រ​កួត​ ១ ​ថ្ងៃ​។

យ៉ាង​ណា​ក៏ដោយ ​សម្រាប់​ ប៊ុន​ សុធា​ ដែល​ចាប់​ឆ្នោត​ប៉ះ​ ​អេលីត ​ចំរើន នៅវគ្គ​ជម្រុះនោះ​​បាន​ចាញ់​ពិន្ទុ​ ដោយ​មិន​អស់​ចិត្ត ​ពិសេស​វត្តមាន​​របស់ ​អេលីត​ ចំរើន ​នេះ​ បាន​រាំង​ស្ទះ​ចំពោះ​រូប​គេ ​មិន​អាច​ដណ្តើម​បាន​ប្រាក់​លាន​ដូច​ក្តី​រំពឹង​។​ ចំណែក បាង ​កាយ៉ាក ​ដែល​ឈ្នះ​ពិន្ទុ ​អ៊ូច ​ធារិទ្ធ​នៅ​វគ្គជម្រុះ​​ដំបូង​នោះ​ ត្រូវ​បាន អេលីត ​ចំរើន​ ​ទាត់​បណ្តាល​ឱ្យ​​ខូច​ជើង ​ត្រឹមទឹក​ទី២ នៅ​ក្នុងការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ។​

តាម​រយៈ​កិច្ច​សម្ភាស​ក្រោយ​ពេល​ប្រ​កួត​ កីឡាករ ​ប៊ុន ​សុធា​ បាន​និយាយ​ថា​៖ «​ខ្ញុំ​ត្រៀម​បាន​ល្អ ​ហើយ​ប្រ​កួត​ក៏​បាន​ល្អ ​ដោយ​​ចេញ​បាន​ទាំង ​៣ ​ច្រក ​មាន​ទាត់​ ឱប​ឡើង​ជង្គង់​ និង​កណ្តាប់​ដៃ​ ប៉ុន្តែ​លទ្ធផល​គេ​ឱ្យ​​ពិន្ទុ​ខ្ញុំ​ចាញ់​ ១​ទល់​៤ ​គឺ​ទៅ​តាម​នឹង​ទៅ​ ​តែ​​ខ្ញុំ​ខក​ចិត្ត​ ព្រោះ​ប្តូរ​គូ ​ហើយ ​អេលីត ​ចំរើន ​គាត់​ខ្លាំង​ផង​ដែរ ​គឺ​លំបាក​ទប់​ទល់​មែន​»។

​​​កីឡាករ​ជម្រើសជាតិ​គុនខ្មែរ ប៊ុន​ សុធា​ បាន​បន្ត​ថា​៖​ «ខ្ញុំ​ប្រឹង​អស់​លទ្ធភាព​ហើយ តែ​ធ្វើ​ដូច​ម្តេច​ បើ​គេ​ឱ្យ​​ចាញ់ ​ប៉ុន្តែ​​ខ្ញុំ​គិត​​ថា ​ការ​ប្រ​កួត​របស់​ខ្ញុំ​លើក​នេះ​ល្អ​ជាង​មុនៗ​។​ ​ខ្ញុំ​ធ្លាប់​ចាញ់​គាត់ ​នៅ​ PNN ​ម្តង និង​​ចាញ់​នៅ​បាយ័ន​ម្តង​ និង​លើក​នេះ​ម្តង​ទៀត ​គឺ​៣​លើក​ហើយ​ នៅ​តែ​មិន​អស់​ចិត្ត​ នឹង​ចង់​ឡើង​ប្រ​កួត​សង​សឹក​ម្តង​ទៀត​»​។​

ម្ចាស់ជើង​ឯក អេលីត ចំរើន និង​អ្នក​លេខ​ ២ បាង កាយ៉ាក បាន​ឡើង​ទទួលប្រាក់រង្វាន់ នៅ​ក្រោយការ​ប្រកួត​ផ្តាច់ព្រ័ត្រ។ រូប​ថត សហការី

ចំណែក អេលីត​ ចំរើន បាន​​និយាយ​ក្រោយ​ប្រ​កួត​ថា៖​ «​ខ្ញុំ​មក​ហាត់​ទើប​តែ​បាន​ ១​ សប្តាហ៍​ប៉ុណ្ណោះ​ ដើម្បី​ត្រៀម​ប្រ​កួត​សប្តាហ៍​ក្រោយ​​ទេ ប៉ុន្តែ​ដោយ​សារ បឺត​ សង្ឃឹម ​ឈឺ ​គេ​ខ្វះអ្នកជំនួស ​អ៊ីចឹង​គ្រូ​ក៏​ដាក់​ឱ្យ​ខ្ញុំ​ ប្រ​កួត​តែ​ម្តង​។ ​​នៅ​ពេល​ឡើង​សង្វៀន​ ខ្ញុំ​ចាប់​ឆ្នោត​បាន​សិទ្ធិ​ជ្រើស​រើស​ដៃ​គូ​ប្រ​កួត​វគ្គ​ដំបូង ហើយ​​ខ្ញុំ​គិត​ថា ​ឧបសគ្គ​របស់​ខ្ញុំ​រវាង​កីឡាករ​ទាំង​៣​នាក់​នេះ​ គឺ​ ប៊ុន ​សុធា​ ហេតុ​នេះ​ខ្ញុំ​សុំ​ប្រកួត​ជា​មួយ​គាត់​វគ្គ​ដំបូង​តែ​ម្តង​ទៅ​ ដើម្បី​ឱ្យ​​ដឹង​ចាញ់​ឬ​ឈ្នះ»​។​

អេលីត ​ចំរើន បាន​​បន្ត​ថា៖ ​«ចំណែក​​ការ​ឡើង​ទៅជួប បាង កាយ៉ាក នៅវគ្គ​ផ្តាច់​ព្រ័ត្រ​ ខ្ញុំ​គិត​ថា​ មិន​បារម្ភ​ទេ​។ ទោះ​បី​កន្លង​មក​ខ្ញុំ​ធ្លាប់​ចាញ់​គាត់​ម្តង​ក៏​ដោយ​ ប៉ុន្តែ​ខ្ញុំ​ប្រើ​ស្នៀត​ទាត់​យក​ឈ្នះ​ឱ្យ​​បាន ​ហើយ​លទ្ធផល​ ដូចអ្វី​​ដែល​ខ្ញុំ​បាន​រំពឹង​​ទុក ​គឺ​ខ្ញុំ​បានទាត់​គាត់​ឱ្យ​ខូច​ជើង​ នៅ​ក្នុង​ទឹក​ទី​២​ តែ​ម្តង»។​

អ្នក​ប្រដាល់ អេលីត​ ចំរើន ធ្លាប់​ឈ្នះ​បាន​​ខ្សែ​ក្រ​វាត់​ចំនួន ​២ ​ស្ថាប័ន​ និង​ជា​កីឡាករ​ឆ្នើម ​ក្នុង​ប្រភេទ​​ទម្ងន់ ​៦០​ គីឡូក្រាម​ ដែល​លំបាក​រក​ដៃ​គូ​ណាស់​។ ​ប្រ​វត្តិ​ប្រ​កួត ​ដែល​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ នៅ​សង្វៀន​ ONE TV ​កាល​ពី​ឆ្នាំ​ ២០១៨ គឺ ចំរើន បាន​​យក​ឈ្នះ​ជើង​ខ្លាំង​ ម៉ន ​សាម៉េត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​ចំណែក​ការ​​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ PNN ​រូបគេ​បាន​​ផ្តួល​ជើង​ខ្លាំង ​វ៉ាន់ ​វឿន ​ឱ្យ​​សន្លប់​ក្នុង​ទឹក​ទី​៤​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។​

​តែ​ទោះបីជា​យ៉ាងណា សម្រាប់​ការ​ចុះ​ចាញ់​ អេលីត ចំរើន យ៉ាង​ផុយ​ស្រួយ​នេះ បាង​ កាយ៉ាល បាន​ប្រាប់​ពី​មូល​ហេតុ​ថា​៖ ​«ខ្ញុំ​បាន​យក​ឈ្នះ​ អ៊ូច ​ធារិទ្ធ ​ដោយ​ពិន្ទុ​ ៣​ ទល់ ​២ ​ប៉ុន្តែ​ខ្ញុំ​បាន​ឈឺ​ជើង​រួច​ទៅ​ហើយ​។​ អ៊ូច​ ធារិទ្ធ​ បាន​ទាត់​ជើង​របស់​ខ្ញុំ​ឱ្យ​​ខូច​តាំង​ពី​ទឹក​ទី​២ ​ប៉ុន្តែ​ខ្ញុំ​ចេះ​តែ​ទ្រាំ​ៗ​ប្រ​កួត​មិន​ឱ្យ​​គេ​ដឹង​។​

ហេតុនេះ​មូល​ហេតុ​ចាញ់​របស់​ខ្ញុំ ​គឺ​ឈឺ​ជើង​ តាំង​ពី​​ប្រកួត​ជម្រុះ​ជុំ​ទី​១ ហើយ​ អេលីត​ ចំរើន ​បាន​ទាត់​សន្ធាប់ចំរបួស​ចាស់ ​នាំ​ឱ្យ​ខ្ញុំ​សុំ​ចុះ​ចាញ់​តែ​ម្តង ​គឺ​ចាញ់​ដោយ​អស់​ចិត្ត​។​ កាល​ពី​ឆ្នាំ​មុន ​ខ្ញុំ​ធ្លាប់​ឈ្នះ ​ប៉ុន្តែ​ពេល​នេះ ​អេលីត ​ចំរើន ​ល្អ​ដាច់​ហើយ»​។​

ចំណែក លោក​ ជួប ​វុត្ថា​ អ្នក​ផ្គូ​ផ្គង​កីឡាករ​ប្រ​កួត ​នៅ​សង្វៀន​ថោន បាន​​ប្រាប់​ថា​៖ «​យើង​មាន​ការ​សោក​ស្តាយ​ ចំពោះ​ការ​អវត្តមាន​របស់​ បឺត​ សង្ឃឹម ​ដែល​ក្តៅ​ខ្លួន​ឈឺ​ភ្លាមៗ​ មុន​ការ​ប្រកួត​មក​ដល់​១​ថ្ងៃ​ ហើយ​ការ​ដាក់​ ​អេលីត ​ចំរើន ​ចូល​ប្រ​កួត​ជំនួសនេះ ​ពិត​ជា​មាន​សមត្ថភាព​ក្បាច់​គុន​ល្អ​ជាង​គេ​បន្តិច​មែន ​ប៉ុន្តែ​ជិត​ដល់​ថ្ងៃ​ប្រ​កួត​ហើយ ​ពិត​ជា​គ្មាន​កីឡាករ​ណា​មក​ជំនួស​បាន​ឱ្យ​​ស័ក្តិ​សម​ឡើយ​»។

​លោក​បាន​បន្ត​ថា៖ ​«​នេះ​ជា​រឿង​ធម្មតា​ ដែល​សឹង​តែ​គ្រប់​សង្វៀន​ ធ្លាប់​បាន​ជួប​ ​ព្រោះ​បញ្ហា​​កីឡាករ ​ដែល​មាន​បញ្ហា​សុខភាព ​ឬ​មិន​ស្រួល​​ខ្លួននេះ ​គឺ​ទាំង​ពេទ្យ ​ក៏​ដូចជា​សាមី​ខ្លួន ​ព្រម​ទាំង​​ខាង​គណៈកម្មការ​រៀប​ចំ​ ត្រូវ​តែ​ឯក​ភាព​គ្នា ​ផ្លាស់​ប្តូរ​គូ​ភ្លាមៗ​បែប​នេះ​ហើយ»​​៕​