ភ្នំពេញៈ អ្នក​ប្រដាល់​ចិត្តធំ អេលីត ចំរើន (​មុន​ឈ្មោះ ចាន់ ចំរើន​) កំពុង​មាន​ទីផ្សារ​ប្រកួត​លក្ខណៈ​អន្តរជាតិ​កាន់តែ​ច្រើន ព្រោះ​ក្រោយ​បាន​ផ្លាស់​មក​នៅ​ក្លិប​ឆ្មាស​សែនសុខ​គុន​ខ្មែរ​ហើយ​ឡើង​ឡើង​ប្រកួត​បាន​ជិត​ ២០ ​ដង​នេះ​គឺ​ចាញ់​តិច​បំផុត ពិសេស​ការប្រកួត​ ៥ ​ដង​ចុងក្រោយ​ជាមួយ​កីឡាករ​បរទេស​គឺ​គេ​បាន​ថៃ​ផ្តួល​ឲ្យ​សន្លប់ មិន​ឲ្យ​ឆ្លង​ផុត​ទឹក​ទី​ ៥ ​នោះ​ទេ​។ លទ្ធផល​ល្អ​បែប​នេះ បាន​ធ្វើឲ្យ​សង្វៀន​ប្រដាល់​ជាច្រើន​ចាប់​អារម្មណ៍ និង​ចង់បាន អេលីត ចំរើន យក​ទៅ​ប្រកួត​រៀងៗ​ខ្លួន​។

សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន SEATV កាលពី​ថ្ងៃ​អាទិត្យ អេលីត ចំរើន បាន​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ Op Sai ដោយ​ប្រើ​ស្នៀត​ទាត់​ផ្ទួនៗ​បណ្តាល​ឲ្យ​ខូចដៃ និង​បោះបង់​ការប្រកួត​ត្រឹម​ចុង​ទឹក​ទី​ ២ ​ប៉ុណ្ណោះ​។ នៅក្នុង​ទឹក​ទី​ ១ អេលីត ចំរើន វ៉ៃ​បាន​ល្អ មាន​ប្រៀប​ឈ្នះ​ពិន្ទុ​ថៃ Op Sai ដាច់​ហើយ​ឈាន​ចូល​ដល់​ទឹក​ទី​ ២ គេ​បាន​ប្រើ​ស្នៀត​ទាត់​ឲ្យ​កីឡាករ​ថៃ​រូបនេះ​ខូចដៃ សុំ​ចុះចាញ់​តែ​ម្តង​។ ទោះបី​ជា​យ៉ាងណា អេលីត ចំរើន បាន​ទទួលរង​នូវ​កណ្តាប់ដៃ​ធ្ងន់ៗ​ពី Op Sai បណ្តាល​ឲ្យ​ហើម​ត្របកភ្នែក​តាំងពី​ទឹក​ទី​ ១ ​មក​ផង​ដែរ​។

តាម​កំណត់ត្រា​ប្រកួត​របស់ អេលីត ចំរើន ដែល​ថ្មីៗ​បំផុត​គឺ​ប្រកួត​អស់​ពី​សមត្ថភាព មាន​ក្បាច់​កណ្តាប់ដៃ ស្នៀត​ទាត់ និង​ជង្គង់​បាន​គ្រប់​ក្បាច់ ហើយ​ការ​វ៉ៃ​បាន​យ៉ាង​ល្អ​នេះ​កំពុង​តែ​ធ្វើឲ្យ​រូបគេ​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ពី​មហាជន​យ៉ាង​ខ្លាំង​គឺ​មាន​ប្រិយភាព​ជា​កីឡាករ​ជើងចាស់​មួយ​ចំនួន​ទៅ​ទៀត​។ ​ជាមួយ​គ្នា​នេះ គិត​ត្រឹម​ ៥ ​ប្រកួត​ចុងក្រោយ អេលីត ចំរើន បាន​ឈ្នះ​កីឡាករ​ថៃ​ដែល​ខ្លាំងៗ​មាន​ដូចជា​ Phousovan, Seksan និង Op Sai ជាដើម គឺ​សុទ្ធតែ​ផ្តួល​ឲ្យ​បោះបង់​ការប្រកួត​មិន​ដល់​ទឹក​ទី​ ៥​។

លោក សន អេលីត ជា​គ្រូបង្វឹក​បាន​និយាយ​ថា​៖ «​ដោយ​ការប្រកួត​មាន​លក្ខណៈ​ទាក់ទាញ​ល្អ​នៅក្នុង​ខែ​កក្កដា​ឆ្នាំ​ ២០១៩ ​នេះ អេលីត ចំរើន ត្រូវ​បាន​សង្វៀន​មួយ​ចំនួន​កក់​ទុក​សម្រាប់​ប្រកួត​រួចហើយ​ចំនួន​ ៤ ​ប្រកួត​ឯណោះ ប៉ុន្តែ​ដោយ​មាន​បទបញ្ជា​ថ្មី​តាម​សំណូមពរ​របស់​គ្រូពេទ្យ ឲ្យ​កីឡាករ​ប្រកួត​ត្រឹម​ចំនួន​ ២ ​លើក​ក្នុង​ ១ ​ខែ​នោះ​គឺ អេលីត ចំរើន ទទួល​ប្រកួត​ ២ ​កម្មវិធី​ទេ គឺ​១ ​នៅ​សង្វៀន​ CNC នៅ​ថ្ងៃ​ទី​ ១៤ ខែ​កក្កដា និង​ ១ ​ទៀត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នា​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា​»​។

គួររំឭក​ថា អេលីត ចំរើន ពី​មុន​ធ្លាប់​នៅ​ក្លិប​និរោធ​មានជ័យ​របស់​លោកគ្រូ ចាន់ សុផល ដោយ​ប្រើ​ឈ្មោះ ចាន់ ចំរើន ធ្លាប់​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​យូរៗ​បាន​ម្តង ប៉ុន្តែ​ក្រោយពី​លោក ចាន់ សុផល ស្លាប់ គេ​បាន​ផ្លាស់​មក​នៅ​ក្លិប​ឆ្មាស​សែនសុខ​គុនខ្មែរ ជាមួយ​លោកគ្រូ សន អេលីត ហើយ​បាន​ឡើង​ប្រកួត​លក្ខណៈ​អន្តរជាតិ​ចំនួន​ ១៨ ​លើក ចាញ់​តែ​ ២ ​ដង​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​កំពុង​តែ​មាន​ទីផ្សារ​ប្រកួត​មមាញឹក​ដោយសារ​សង្វៀន​ប្រដាល់​មួយ​ចំនួន​ត្រូវការ​ចង់​បាន​បំផុត ចំណែក​តម្លៃ​ខ្លួន​ប្រកួត​វិញ អេលីត ចំរើន អាច​រកប្រាក់​បាន​ ៣០០ ​ដុល្លារ​ក្នុង​ ១ ​ប្រកួត​ផង​ដែរ​។

ចំណែក​ការប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​គូ​ទៀត​កីឡាករ​ទម្ងន់​ស្រាល​របស់​កម្ពុជា ហ៊ីម គឹមរៀង មកពី​ក្លិប​តាព្រហ្មមានជ័យ​ដែល​ប្រកួត​ក្នុង​ទម្ងន់​​ ៥១ ​គីឡូក្រាម​បាន​ឈ្នះ​ថៃ អ្នក​ប្រដាល់​ថៃ Sun Chilek ដោយ​ពិន្ទុ បន្ទាប់​អ្នក​ទាំង​ ២ បាន​ប្រកួត​គ្នា​ ៥ ​ទឹក​យ៉ាង​ស្វិតស្វាញ និង​ជក់ចិត្ត​នោះ​៕