ភ្នំពេញ៖ ​កីឡាករ ​អេលីត​ ចំរើន​ ​របស់​​ក្លិប​ឆ្មា​ស​សែនសុខ ​​បាន​វ៉ៃ​ឲ្យ​ជើង​ខ្លាំង​ ម៉ន​ សាម៉េត ​មក​ពី​ក្លិប​កង​ចក្រ​រាជសីហ៍ ​ចាញ់​ដោយ​អស់​ចិត្ត ​និង​​បន្សល់​នូវ​ស្នាម​បែក​ចំនួន ​១៥ ​ថ្នេរ ដើម្បី​គ្រង​តំណែង​ជើងឯក​​ខ្សែ​ក្រវាត់​ស្ថាប័ន​ KIC ចំណែក ​មាស ​សារ៉ាក់​ ​របស់​ក្លិប​អាណាចក្រ​ខ្មែរ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​៣ ​ជំនួស​កីឡាករ​ថៃ​ Lafan ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ប្រកួត​ដាក់​ពិន័យ។

ការ​ឡើង​មក​ជួប​គ្នា​រវាង ​អេលីត ​ចំរើន ​និង ​ម៉ន ​សាម៉េត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ​គឺ​មាន​​ការ​តាម​ដាន​ខ្លាំង​ពី​មហាជន​ ស្រប​ពេល​ដែល​សមត្ថភាព​របស់​​​អ្នក​ទាំង ​២ គឺ​ជើង​ខ្លាំង​​​ជំនាន់​មុន ​និង​ខ្លាំង​ជំនាន់​ក្រោយ​។ ​ទោះ​បី​ជា​យ៉ាង​ណា អេ​លីត ​ចំរើន ​ដែល​មាន​ក្តី​សង្ឃឹម​ឈ្នះ​តិច​ តាំង​ពី​មុន​ពេល​ប្រកួត​នោះ​បែរ​ជា​​ទទួល​បាន​លទ្ធផល​ល្អ​ និង​បាន​ធ្វើ​ឲ្យ​ជើង​ចាស់ ​ម៉ន​ សាម៉េត​ បរាជ័យ​ទាំង​អស់​ចិត្ត​។​

អេលីត ​ចំរើន បាន​​និយាយ​ក្រោយ​ការ​ប្រកួត​​ថា​៖ «​មុន​ពេល​ប្រកួត ​ខ្ញុំ​មិន​សូវ​រំពឹង​ឈ្នះ​ទេ​ ​ព្រោះ​សិស្ស​ច្បង ​ម៉ន​ សាម៉េត​ ​មាន​បទពិសោធ​​ខ្ពស់​ ហើយ​បច្ចេកទេស​វ៉ៃ​របស់​ខ្ញុំ​ គិត​ថា​ ចាំ​វាយ​ឆ្មក់​កែង​ និង​ជង្គង់​ព្រោះ​មិន​ហ៊ាន​វាយ​សម្រុក​ទៅ​លើ​ដៃ​គូ​ទេ​។​ ការ​សម្រេច​ចិត្ត​វ៉ៃ​របៀប​នេះ​ គឺ​ខ្ញុំ​តាម​ដាន​​វីដេអូ​ប្រកួត​របស់​បង ​ម៉ន ​សាម៉េត​ ច្រើន​លើក​ណាស់​ ដើម្បី​ទប់ទល់​ និង​យក​ឈ្នះ​គាត់ ​ហើយ​ខ្ញុំ​ក៏​ទទួល​បាន​លទ្ធផល​ល្អ»​។​

អេលីត ​ចំរើន​ បាន​បន្ត​ថា​៖ «​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ខ្ញុំ​ចាត់​ទុក​បង​ ម៉ន​ សាម៉េត​ ជា​កំពូល​កីឡាករ​ ដែល​លំបាក​ទប់ទល់​ណាស់ ​ហើយ​អ្វី​ដែល​ខ្ញុំ​យក​ឈ្នះ​បាន ​គឺ​ស្នៀត​កែង​ និង​ជង្គង់​ចាំ​ស្រង់​ចូល​គោលដៅ​បាន​ល្អ​ ព្រោះ​នៅ​ក្នុង​ទឹក​ទី ២ ​ខ្ញុំ​វាយ​កែង ​និង​ជង្គង់​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ទៅ​លើ​ ម៉ន ​សាម៉េត ​ដល់ ​៨ នៅ​ពេល​នោះ​ខ្ញុំ​បាន​គិត​ និង​មើល​ឃើញ​ថា ខ្ញុំ​នឹង​ទទួល​បាន​ខ្សែ​ក្រវាត់»​​។​

ចំណែក ​ម៉ន​ សាម៉េត​ បាន​និយាយ​ក្រោយ​ពេល​ប្រកួត​ចាញ់​ថា​៖ «​ខ្ញុំ​ចាញ់​ដោយ​អស់​ចិត្ត​ហើយ​ ខ្ញុំ​ប្រឹង​អស់​ពី​សមត្ថភាព​ តែ​មិន​អាច​ផ្តួល ​ចំរើន​ ឲ្យ​សន្លប់​បាន​។​ មូលហេតុ​ដែល​ខ្ញុំ​ចាញ់​ គឺ​ភ្លាត់​ស្នៀត​ចូល​កែង​ ក្នុង​ទឹក​ទី ​២ ​ក្នុង​ពេល​ដែល​ខ្ញុំ​ចូល​កៀក​ ហើយ​​បន្ទាប់​មក ​ចំរើន បាន​​សម្រុក​វាយ​សន្ធាប់​ភ្លាមៗ​ ធ្វើ​ឲ្យ​ខ្ញុំ​ស្រុត​កម្លាំង​។ ​ទោះ​បីជា​យ៉ាង​ណា​ នៅ ​៣ ​ទឹក​ចុង​ក្រោយ​ ខ្ញុំ​ធ្វើ​បាន​ល្អ ​គឺ​វាយ​បក​វិញ​ ធ្វើ​ឲ្យ​គេ​វង្វេង​វង្វាន់​ម្តងៗ​ដែរ​»។​

ម៉ន​ សាម៉េត​ បន្ថែម​ថា៖ ​«​ផ្លូវ​ឈ្នះ​ របស់​ខ្ញុំ គឺ​ត្រូវ​វ៉ៃ ចំរើន ​ឲ្យ​សន្លប់ ​ប៉ុន្តែ​ពេល​វេលា​កាន់​តែ​ខ្លី ហើយ​​គេ​ឆ្លាត​ផង ​ដោយ​ភាគ​ច្រើន ​​ដក​ថយ​។ បន្ថែម​លើ​នេះ​ពេល​ដែល​ខ្ញុំ​ចាប់​ជាប់ ​ត្រៀម​ឡើង​ជង្គង់ ​អាជ្ញា​កណ្តាល​តែង​តែ​ព្យាយាម​បំបែក​ភ្លាមៗ​ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មិន​អាច​ផ្តួល​គេ​ឲ្យ​សន្លប់​បាន​។ ​ទោះបី​យ៉ាង​ណា ការ​​​ចាញ់​នេះ​ គឺ​ខ្ញុំ​អស់​ចិត្ត​ហើយ​បើ​មាន​ជួប​ប្រកួត​គ្នា​សងសឹក​លើក​ក្រោយ ​ធានា​ឈ្នះ​វិញ​បាន»​។​

តាមរយៈ​ការ​ឈ្នះ​ខ្សែ​ក្រវាត់​នេះ អេលីត ចំរើន ទទួល​បាន​ប្រាក់​រង្វាន់ ​៤ ០០០ ដុល្លារ ខណៈ​អ្នក​លេខ ​២ ម៉ន សាម៉េត បាន​ប្រាក់​ ២ ០០០ ដុល្លារ។ ចំណែក មាស សារ៉ាក់ ដែល​បាន​ឡើង​ប្រកួត​ដណ្តើម​យក​លេខ ​៣ និង​លេខ ​៤ ជំនួស​កីឡាករ​ថៃ Lafan ដែល​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ឡើង​ប្រកួត ព្រោះ​ល្មើស​ច្បាប់​ប្រកួត​នោះ​ គឺ​បាន​ឈ្នះ​ពិន្ទុ​​ថៃ​ Neong Thavat ដោយ​ពិន្ទុ​ដៃ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់ ​១ ពាន់​ដុល្លារ ឯ​អ្នក​លេខ ​៤ ​របស់​ថៃ Neong Thavat បាន ​៥០០ ដុល្លារ។

លោក ​ភួង ​ពុទ្ធិ​ នាយក​គ្រប់គ្រង​ទីផ្សារ​ប្រចាំ​ទូរទស្សន៍​ Sky One​ នៃ​សង្វៀន One TV បាន​និយាយ​ថា​៖ ​«ព្រឹត្តិការណ៍​ប្រកួត​រដូវកាល​ទី ​១ ​នៃ​ស្ថាប័ន ​KIC ​បាន​បញ្ចប់​ក្នុង​បទពិសោធ​ល្អ ហើយ​យើង​នឹង​ត្រៀម​បើក​រដូវកាល​ទី ​២ ​បន្ត​បន្ទាប់​ ​ព្រោះ​យើង​កំពុង​ត្រៀម​សហការ​ជាមួយ​ដៃ​គូ​ផ្សេងៗ​ ដើម្បី​បម្រើ​ទស្សនិកជន​ឲ្យ​បាន​ល្អ​រៀប​ចំ​ឲ្យ​កាន់​តែ​ល្អ»​។

លោក​ភួង ​ពុទ្ធិ​ បន្ថែម​ថា​៖​ «សម្រាប់​ការ​ប្រកួត​នៅ​រដូវកាល​ទី​ ២​ យើង​នឹង​ត្រៀម​នូវ​យុទ្ធសាស្ត្រ​ថ្មី​ គូ​ប្រកួត​មាន​កម្រិត​ល្អ​ជាង​នេះ​ និង​មាន​ទីតាំង​ល្អ​ ប្រសើរ​ សម​ស្រប​ទៅ​នឹង​ការ​ចង់​បាន​របស់​​មហាជន​ទូទៅ​ ដើម្បី​ឲ្យ​កម្មវិធី​​ទទួល​បាន​លទ្ធផល​កាន់​តែ​ល្អ​»៕