ភ្នំពេញ៖ អ្នក​ប្រដាល់​ ថាប់​ ភក្តី​ ដែល​គេ​ស្គាល់​ថា​ ជា ​អេលីត ​ភក្តី​ ​របស់​​​ក្លិប​នាយកដ្ឋាន​អង្គរក្ស​ក្រសួង​មហាផ្ទៃ​នោះ បាន​រក​ឃើញ​ជោគជ័យ​យ៉ាង​សំខាន់​របស់​ខ្លួន​ហើយ គឺ​ការ​យក​ឈ្នះ​លើ​ជើង​ខ្លាំង គង់ សំបូរ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះ​បាន​ប្រាក់​រង្វាន់​ធំ លើក​ទី​១ សម្រាប់​​ការ​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​អស់​រយៈពេល ​១០ ​ឆ្នាំ​កន្លង​មក​នេះ។

សម្រាប់​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ អេលីត ​ភក្តី បាន​យក​ឈ្នះ​ ធី វ៉ារិទ្ធ ក្នុង​ការ​ប្រកួត​ជម្រុះ ​៣ ទឹក ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៥-០ ដើម្បី​ឡើង​ទៅ​ជួប គង់ សំបូរ ដែល​បាន​ទម្លាក់ សោម ពិសិដ្ឋ ហើយ​​បន្ទាប់​ពី​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​មាន ​៣ ទឹក​ដែរ​នោះ អេលីត ភក្តី ត្រូវ​បាន​ចៅ​ក្រម​ទាំង ​៥ ​រូប ផ្តល់​ពិន្ទុ​ឱ្យ​ឈ្នះ គង់ សំបូរ មិន​ឯកច្ឆន្ទ ៣-២។

ការ​ឈ្នះ​ គង់ សំបូរ នៅ​ក្នុង​វគ្គ​ដ៏​សំខាន់​នេះ វា​បាន​ជួយ​ឱ្យ អេលីត ភក្តី សម្រេច​ការ​សងសឹក​ចំពោះ​ការ​ចាញ់ គង់ សំបូរ ចំនួន ​៣ ​លើក​កន្លង​មក​ ហើយ​វា​ក៏ជា​ពេល​ដែល​រូប​គេ ឈ្នះ​បាន​ប្រាក់​រង្វាន់​ធំ ចំនួន ៣,៤ ​លាន​រៀល ជា​លើក​ដំបូង​ផង​ដែរ ​ខណៈ​ក្នុង​ប្រវត្តិ​ប្រកួត​ ​៦៥ ​ដង ឈ្នះ​ ​៥២​ ​ចាញ់ ​១០​ និង​​ស្មើ ​៣ ដង ​ដោយ​​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន ​១៧ ​ដង​កន្លង​មក​នេះ ​អេលីត ភក្តី ​ធ្លាប់​ចូល​រួម​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា តែ​​ម្តង​គត់ និង​បាន​ចាញ់​​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។​

ក្រោយ​ទទួល​បាន​ជយលាភី​ជា​ប្រាក់​រង្វាន់ ​៣,៤ ​លាន​​រៀល​នេះ ​អេលីត ​ភក្តី ​បាន​​ប្រាប់​​ថា​៖ «​នេះ​ជា​ប្រាក់​រង្វាន់​ធំ​ សម្រាប់​​​អាជីព​ប្រដាល់​ជិត ​១០ ​ឆ្នាំ​របស់​ខ្ញុំ​ ព្រោះ​​​ប្រាក់​រង្វាន់​ចំនួន ​៣,​៤ ​លាន​​រៀល​នេះ​ ​ជា​លើក​ទី​១ ​ដែល​ខ្ញុំ​ទទួល​បាន ​ហើយ​​វា​ស្រប​ពេល​ដែល​ខ្ញុំ​កំពុង​ខ្វះខាត​សម្រាប់​ភរិយា​របស់​ខ្ញុំ​កូន​ខ្ចី ​អ៊ីចឹង​វា​បាន​ជួយ​ខ្ញុំ​សម្រាប់​កូន​ប្រពន្ធ​ ហេតុ​នេះ​ខ្ញុំ​មាន​ការ​​ត្រេកអរ​រក​អ្វី​ប្រៀប​ផ្ទឹម​មិន​បាន​ទេ​»។

អេលីត ​ភក្តី បាន​​ប្រាប់​បន្ថែម​ថា​៖ «​ខ្ញុំ​ជា​កូន​កំព្រា ​ដោយសារ​ឪពុក​ និង​ម្តាយ​ខ្ញុំ​បាន​បែក​​ផ្លូវ​គ្នា ហើយ​​ខ្ញុំ​បាន​ទៅ​រស់នៅ​ជាមួយ​ជីដូន​ចាស់​ និង​បាន​ខ្ញុំ​ធំ​ដឹង​ក្តី ​នៅ​ក្នុង​បុរី​កីឡា​ សង្កាត់​វាលវង់ បន្ទាប់​មក ​​ខ្ញុំ​បាន​ចូល​ប្រឡូក​ក្នុង​សកម្មភាព​ហ្វឹកហាត់ ​ដើម្បី​ឡើង​ប្រកួត​យក​ប្រាក់​ចិញ្ចឹម​ជីវិត ជា​មុខ​របរ រហូត​​ដល់​បច្ចុប្បន្ន​។​ ទោះបី​ជា​ ខ្ញុំ​មិន​ទាន់​មាន​ផ្ទះ​ខ្លួន​ឯង ​ប៉ុន្តែ​រស់នៅ​មិន​ជួល​ផ្ទះ​គេ​ទេ​ ដោយ​លោក​គ្រូ​បង្វឹក​ខ្ញុំ ​អនុញ្ញាត​ឱ្យ​រស់នៅ​ក្នុង​ក្លិប​ផ្ទាល់​តែ​ម្តង​»។​

កីឡាករ​ អេលីត ភក្តី បាន​រៀបការ​តាំង​ពី​ដើម​ឆ្នាំ ​២០២០ ​​ហើយ​បច្ចុប្បន្ន​​ប្រពន្ធ​របស់ ភក្តី ​កំពុង​មាន​កូន​ខ្ចី ​ហើយ​​ក៏​​កំពុង​នឹង​ត្រៀម​ចូល​រៀន​មហា​វិទ្យាល័យ​ផង​ដែរ។​ រំឭក​ពី​ជីវិត​ក្នុង​អាជីព​ប្រដាល់​ជិត ​១០ ​ឆ្នាំ​នេះ ​អេលីត ​ភក្តី​ បញ្ជាក់​​ថា​៖ «​មិន​ដែល​ធ្លាប់​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​ដូច​ពេល​នេះ​នោះ​ទេ ​ខណៈ​ដែល​តម្លៃ​ខ្លួន​ប្រកួត​របស់​ខ្ញុំ​ច្រើន​បំផុត ​បាន​ត្រឹម ​៣៥០ ​ដុល្លារ ​ក្នុង ​១ ​លើក​។​ ខ្ញុំ​ធ្លាប់​ចូល​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​តែ​ម្តង​គត់​នៅ​សង្វៀន ​CNC​ ហើយ​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ និង​​បាន​​ចាញ់​កីឡាករ​ សេក​ គឹមរួន ​ក្នុង​ប្រភេទ​ទម្ងន់ ​៦៣,៥ ​គីឡូក្រាម​»។

បើ​ទោះបី​ជា​ខ្លួន​ជា​ក្មេង​កំព្រា​ និង​រស់នៅ​ជាមួយ​ជីដូន​តាំង​ពី​នៅ​តូច ហើយ​បាន​ចាប់​យក​ប្រដាល់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវីត ប៉ុន្តែ​កីឡាករ​មាន​អាយុ ​២៣ ​ឆ្នាំ​ កម្ពស់ ​១,៧០ ​ម៉ែត្រ​ អេលីត ភក្តី​ មិន​ដែល​បាន​ត្អូញត្អែរ​ពី​ជីវភាព​ដូច​កីឡាករ​មួយ​ចំនួន​នោះ​ទេ។ ភក្តី បាន​និយាយ​ថា៖​ «ក្នុង​ ១ ខែ ​ខ្ញុំ​អាច​ឡើង​ប្រកួត​បាន ​២ ​លើក ​តាម​កិច្ច​សន្យា​ចាប់​គូ​បាន​​ជាមួយ​សង្វៀន​ផ្សេងៗ​ ប៉ុន្តែ​ក្នុង​ករណី​មាន​កីឡាករ​​​អវត្តមាន​ ឬ​ឈឺ គឺ​​ខ្ញុំ​​ទទួល​ប្រកួត​ជំនួស​បាន ​ចំណែក​​ប្រាក់​ចំណូល​បាន​ពី​ប្រដាល់ គឺ​​អាច​ទប់ទល់​ជីវភាព​​បាន​តាម​លក្ខណៈ​សាមញ្ញ​»​៕